សម្តេចតេជោ ហ៊ុន សែន ប្រកាសបណ្តោះអាសន្នថា អ្នកចូលរួមបោះឆ្នោតឆ្នាំ២០២៣ មាន ៨៤,២១%
(ភ្នំពេញ)៖ តាមរយៈសារពិសេសជូនជនរួមជាតិ អំពីការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាបណ្តោះអាសន្នថា អ្នកចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ២០២៣ មានចំនួនច្រើនលើសលុបរហូតដល់ ៨៤,២១% ដែលអត្រានេះ មានចំនួនខ្ពស់ជាងលទ្ធផលផ្លូវការនៃការបោះឆ្នោតកាលពីឆ្នាំ២០២២ និងឆ្នាំ២០១៨ ទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រជាពលរដ្ឋ ពិតជាចង់បានសេចក្តីសុខ ជាមួយនឹងដំបូលសុខសន្តិភាព ដែលបាននឹងកំពុងមាន ហើយចង់ចាកចេញឆ្ងាញពីក្រុមជ្រុលនិយម ដែលពួកគេតែងតែបានបំផ្លាញ។
សម្តេចបញ្ជាក់ថា ពេលនេះ បើប្រៀបធៀប ចំនួនប្រជាជនបានចេញទៅបោះឆ្នោត គឺមានចំនួនច្រើនលើសលប់ ដែលមានចំនួនច្រើន ជាងមានវត្តមានគណបក្សភ្លើងទៀនចូលរួមទៅទៀត ឥលូវយើងកំពុងរង់ចាំមើល តើមានសន្លឹកឆ្នោត ត្រូវបានគេគូសខ្វែងប៉ុន្មានសន្លឹក ព្រោះក្រុម មេដឹកនាំជ្រុលនិយមបាននិយាយថា សន្លឹកឆ្នោត ណាដែលគូសខ្វែង គឺសន្លឹកឆ្នោតគាំទ្រពួកគេ។

ជាមួយនឹងលើកឡើងអំពីលទ្ធផលបណ្តោះអាសន្ននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលេចអំពីសកម្មភាពក្រុមប្រឆាំងដែលរារាំងចំពោះការរៀបចំការបោះឆ្នោត និងបំផ្លាញសន្លឹកឆ្នោត តាមរយៈការគូសខ្វែង ខណៈពួកគេ បានរៀបចំក្រុមតេឡេក្រាមមួយ ធ្វើសកម្មភាពនេះថតរូបខ្វែងសន្លឹកឆ្នោត ផ្ញើទៅកាន់ លោក សម រង្ស៊ី ដែលយកបញ្ហានេះ ធ្វើជាការប្រជែង។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅក្រុមប្រឆាំងទាំងនោះ ដែលបានដំណើរការក្នុងក្រុមតេឡេក្រាមមួយឈ្មោះ «Sabai សប្បាយ» ដែលបានគូសខ្វែងសន្លឹកឆ្នោតហើយផ្ញើទៅកាន់មេរបស់ខ្លួននៅក្រុងបារីស។ សម្តេចបានបញ្ជាក់ថា អ្នកទាំងនោះ សម្តេចបានស្គាល់អត្តសញ្ញាណអស់ហើយ នៅក្នុងប្រទេស ប៉ុន្តែសម្តេចស្នើកុំឱ្យមានការភ័យខ្លាច
សម្តេចបានបញ្ជាក់បន្ថែមថា អ្នកអាចចេញមកសារភាពជាមួយនឹងអាជ្ញាធរ ជាមួយនឹងគ.ជ.ប ជាពិសេសជាមួយនឹងអាជ្ញាធរ ព្រោះចលនាបំផ្លាញសន្លឹកឆ្នោតគឺជាបទល្មើសដែលត្រូវផ្តន្ទាទោស អ្នកដឹងខ្លួនសូមឱ្យប្រញាប់ប្រញាលចេញមកសារភាព ជាមួយអាជ្ញាធរដែលនៅកន្លែងដែលគៀកបំផុត បើមិនដូច្នោះទេ វិធានការផ្លូវច្បាប់នឹងត្រូវប្រកាន់យក។
សម្តេចបានបញ្ជាក់ថា សម្តេចក៏បានចូលទៅ Comment នៅក្នុងក្រុមនោះចំនួន៤លើកផងដែរ ហើយសម្តេចប្រាប់អ្នកទាំងនោះ កុំរត់ទៅក្រៅប្រទេស តែប្រញាប់ចេញសារភាព ដោយសារតែប្រព្រឹត្តកំហុសតាមមេដឹកនាំ។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា គ.ជ.ប នឹងបែងចែកដាច់រវាង សន្លឹកឆ្នោតអត់បានការណ៍ និងសន្លឹកឆ្នោតដែលត្រូវគូសខ្វែង។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា អ្នកដែលទៅបានបោះឆ្នោត គឺបានគាំទ្រចំពោះការអំពាវនាវរបស់ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងគ.ជ.ប។ សម្តេចបានថ្លែងអំណរគុណផងដែរចំពោះប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតផងដែរ។
សូមជម្រាបថា បើតាមសេចក្តីប្រកាសរបស់ គ.ជ.ប បានឱ្យដឹងថា អត្រាអ្នកបោះឆ្នោត បណ្តោះអាសន្ន ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានចំនួន ៨ ១៧៧ ០៥៣នាក់ ស្មើ ៨៤,២១% នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ខណៈ គ.ជ.ប កំពុងបន្តបូកសរុបនៅឡើយ ៕
ដោយ ៖ វណ្ណលុក
