ត្រីចាប់ផ្តើមមានតម្លៃល្អលើទីផ្សារឡើងវិញ តែសមាគមមានក្តីបារម្ភដោយអ្នកចិញ្ចឹមថយចុះ
ភ្នំពេញ៖ សមាគមវារីវប្បករកម្ពុជាបានឱ្យដឹងថា ប្រភេទត្រីប្រា ត្រីពោរ ត្រីឆ្ដោ និងត្រីមួយចំនួនទៀត នាពេលបច្ចុប្បន្ន ចាប់ផ្តើមមានតម្លៃល្អឡើងវិញនៅលើទីផ្សារក្នុងស្រុក បើធៀបទៅនឹងកំលុងមានការរាតត្បាតនូវជំងឺកូវីដ១៩។ ប៉ុន្តែសមាគមមានក្តីបារម្ភចំពោះការផ្អាកចិញ្ចឹមរបស់វារីវប្បករមួយចំនួន ដោយសារកន្លងមកវិស័យនេះបានជួបបញ្ហាប្រឈមខ្លាំងក្នុងខ្សែច្រវាក់ផលិតកម្ម។
លោក ឡែមផូរ វរិទ្ធិ មន្រ្តីអភិវឌ្ឍន៍សមាគមនិងជាអ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជាបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៣ ខែកក្កដាថា ទីផ្សារត្រីក្នុងស្រុកមួយចំនួនចាប់ផ្ដើមប្រសើរឡើងវិញ ក្រោយបានរងការរង្គោះរង្គើយ៉ាងខ្លាំងក្នុងកំលុងវិបត្តិកូវីដ១៩ នាពេលកន្លងមក។ ជាក់ស្ដែងទីផ្សារត្រីប្រា ត្រីពោរ និងត្រីឆ្ដោបច្ចុប្បន្ន សុទ្ធតែមានការកើនឡើងបើធៀបទៅនឹងអំឡុងមានការរាតត្បាតនូវជំងឺកូវីដ១៩។
ប៉ុន្តែបើទោះទីផ្សារតម្លៃមានភាពល្អប្រសើរ តែលោក វរិទ្ធិ បានបង្ហាញក្តីព្រួយបារម្ភខ្លាំងចំពោះស្ថានភាពនៃវិស័យវារីវប្បកម្មនៅកម្ពុជា ដែលអាចប្រឈមនឹងការបន្តធ្លាក់ចុះ ខណៈនៅឆ្នាំ២០២៣នេះ វិស័យវារីវប្បកម្មនៅមិនទាន់មានសញ្ញាវិជ្ជមាននៅឡើយ ស្របពេលក្រុមអ្នកចិញ្ចឹមត្រីក្នុងស្រុកមួយចំនួនបានផ្អាកការចិញ្ចឹមដោយសារកន្លងមកវិស័យនេះបានជួបបញ្ហាប្រឈមខ្លាំងក្នុងខ្សែច្រវាក់ផលិតកម្ម។
លោក វរិទ្ធិ បានបញ្ជាក់ថា ៖ «កំលុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ វិស័យវារីវប្បកម្មរបស់កម្ពុជាបានរងការរង្គោះរង្គើយ៉ាងខ្លាំង ដែលធ្វើឱ្យអ្នកចិញ្ចឹមមួយចំនួនបានសម្រេចចិត្តផ្អាកនិងបោះបង់ការចិញ្ចឹមត្រី ព្រោះតែបញ្ហាប្រឈមក្នុងខ្សែច្រវាក់ផលិតកម្ម ជាពិសេសពាក់ព័ន្ធចំណីត្រីឡើងថ្លៃ ខណៈត្រីលក់បានថោក»។
លោកបន្តថា ៖ «បច្ចុប្បន្នវិស័យវារីវប្បកម្មនៅកម្ពុជាទាំងមូលហាក់មិនទាន់មានសញ្ញាវិជ្ជមាននៅឡើយទេ បើទោះបីតម្លៃត្រីក្នុងស្រុកមួយចំនួន ដូចជាត្រីប្រា ត្រីពោរ និងត្រីឆ្ដោហាក់មានទីផ្សារល្អប្រសើរ បើធៀបទៅនឹងកំលុងមានរាតត្បាតជំងឺកូវីដ១៩ក៏ដោយ»។
លោកបានបន្ថែមថា សព្វថ្ងៃ ត្រីប្រា មានតម្លៃចាប់ពី៥.០០០រៀល ទៅ៥.៥០០រៀលក្នុងមួយគីឡូក្រាម ខណៈកន្លងមកអាចលក់បានក្នុងតម្លៃត្រឹមតែ៤.០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ចំណែកឯត្រីពោរ កាលពីមុនមានតម្លៃ៦.០០០ពរៀលក្នុងមួយគីឡូក្រាម តែបច្ចុប្បន្នមានតម្លៃ៧.៥០០រៀលទៅ៨.០០០រៀលក្នុងមួយគីឡូក្រាម។ ដោយឡែកសម្រាប់ត្រីឆ្ដោបានកើនឡើងពីតម្លៃ១០.០០០ម៉ឺនរៀលទៅ១២.០០០រៀលមួយគីឡូក្រាម។
អ្នកនាំពាក្យដដែលបានសង្កត់ធ្ងន់ថា ៖ «កត្តាដែលធ្វើឲ្យតម្លៃត្រីមួយចំនួនខាងលើកើនឡើង ដោយសារកសិករមួយចំនួនបោះបង់ការចិញ្ចឹម ដែលជំរុញឱ្យមានតម្រូវការត្រីក្នុងស្រុកហើយកត្តាដែលធ្វើឱ្យការចិញ្ចឹមថយចុះ នាពេលកន្លងមក ក៏ ដោយសារតែការចំណាយថ្លៃដើមលើការចិញ្ចឹម ពិសេសចំណីត្រីមានតម្លៃខ្ពស់ ហើយត្រីក៏មិនសូវមានទីផ្សារ និងតម្លៃទាប ដែលធ្វើឲ្យកសិករពុំសូវទទួលបានផលចំណេញច្រើន និងអាចឈានដល់ការខាតដើមទុនផងដែរ»។
លោកក៏បានបង្ហាញនូវក្ដីព្រួយបារម្ភចំពោះការធ្លាក់ចុះនៃវិស័យវារីវប្បកម្មនៅកម្ពុជានេះ ដែលនឹងអាចធ្វើឲ្យកម្ពុជាប្រឈមការខ្វះខាតត្រីសម្រាប់ផ្គត់ផ្គង់ទីផ្សារនាពេលខាងមុខ។
បើតាមលោក ឡែមផូរ វរិទ្ធ ជាទូទៅចាប់ពីកំលុងខែវិច្ឆិកា គឺជារដូវប្រមូលផលត្រីចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តែបច្ចុប្បន្ន អ្នកចិញ្ចឹមត្រីនៅសល់ប្រមាណ៤០ភាគរយប៉ុណ្ណោះ ដូច្នេះធ្វើឲ្យលោកបារម្ភថា ការផ្គត់ផ្គង់ត្រីក្នុងស្រុកសម្រាប់ចុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់អាចនឹងប្រឈមនូវការខ្វះខាត។
លោក យន់ សុវណ្ណារិទ្ធ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីគ្រប់ប្រភេទមួយកន្លែង ដែលមានទីតាំងនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានសង្កេតឃើញថា អ្នកចិញ្ចឹមត្រីខ្នាតតូច និងកសិករដែលទើបតែចាប់ផ្តើមចិញ្ចឹមត្រីថ្មីថ្មោង បានដកខ្លួនទៅវិញ ពោលគឺបានបោះបង់របរដោយសារតែបញ្ហាវិបត្តិនានា ដែលកើតមាននាពេលកន្លងទៅ។ ខណៈបច្ចុប្បន្ននៅសល់តែអ្នកដែលមានបទពិសោធន៍លើវិស័យវារីវប្បកម្មនេះ យូរឆ្នាំហើយប៉ុណ្ណោះ។
លោកបញ្ជាក់ថា នៅពេលដែលអ្នកចិញ្ចឹមតូចៗបានឈប់ និងផ្អាកអាជីវកម្មចិញ្ចឹមត្រីរបស់ពួកគេ យើងបានមើលឃើញសញ្ញាមួយគឺត្រីចាប់ផ្តើមឡើងថ្លៃ ជាពិសេសត្រីដែលនាំចូលពីប្រទេសជិតខាងនោះ គឺគេឡើងថ្លៃមុនយើងទៀត ដោយសារតម្លៃផលិតរបស់គេឡើងថ្លៃដែរ ដូចជាចំណីជាដើម ហើយក្នុងស្រុកយើង ត្រីពោរ និងត្រីប្រា ចាប់ផ្តើមមានតម្លៃល្អឡើងវិញ ក្រោយការផលិតធ្លាក់ចុះ៥០ភាគរយ ។
កាលពីថ្មីៗនេះ សមាគមវារីវប្បករកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនចិនដ៏ធំមួយ ក្នុងគោលបំណងជំរុញការនាំចេញផលិតផលវារីវប្បកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ ជុំវិញការជួបពិភាក្សារវាងសមាគមវារីវប្បករកម្ពុជា និងភាគីចិននេះដែរ គឺដើម្បីនាំចេញផលិតផលវារីវប្បកម្មមួយចំនួនទៅទីផ្សារចិន ប៉ុន្តែមិនទាន់មានលទ្ធផលអ្វីគួរឱ្យកត់សម្គាល់នោះទេ ព្រោះភាគីចិនមានតម្រូវការលើផលិតផលវារីវប្បកម្មមួយចំនួនដូចជា អន្ទង់ ក្ដាម ខ្យង ខ្ចៅ និងបង្កងដែលមានស្ដង់ដារ និងគុណភាពជាដើម៕
ដោយ៖វណ្ណ សុជាតា