អ្នកវិភាគចៅចាក់ស្មុក៖ ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ, ទោះបីជាក្រុមជនក្បត់ជាតិនិងជនបរទេសប្រឹងលាបពណ៌ក្នុងចេតនាទុច្ចរិត លើដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺគ្មានន័យឡើយ

ភ្នំពេញ៖ ក្រុមប្រឆាំងជ្រុលនិយមនិងក្រុមជនបរទេសមួយចំនួនបានអនុវត្តវិធីសាស្ត្រដដែលៗឡាំប៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោត និងចោទប្រកាន់ថាការបោះឆ្នោតមិនសេរី មិនយុត្តិធម៌ មិនត្រឹមត្រូវ ឬថាការបោះឆ្នោតក្លែងក្លាយជាដើមនៅក្រោយការបោះឆ្នោតម្តងៗ។ នេះគ្រាន់តែជាល្បិចកលចាស់គំរឹល ដែលប្រើដើម្បីកុំឱ្យបាក់មុខតែប៉ុណ្ណោះនិងដើម្បីចិញ្ចឹមចលនាប្រឆាំងរបស់ខ្លួនឱ្យ​​នៅរស់មិនឱ្យ​​សកម្មជនដែលជឿងុប និងចាញ់ការបោកប្រាស់តាមរយៈវោហាសាស្ត្ររបស់ខ្លួនបាក់ទឹកចិត្ត។
ដូច្នេះពួកគេត្រូវចេញសេចក្តីថ្លែងការណ៍ផ្សេងៗដើម្បីលាបពណ៌ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឱ្យមើលទៅថា «អាក្រក់តាមពាក្យ​សម្តីនិយាយពីក្រៅឆាករបស់ខ្លួន»។ ហេតុផលសាមញ្ញបំផុតគឺមកពីក្រុមបក្សពួកគេចាញ់ការបោះឆ្នោតយ៉ាងអាម៉ាស់ ឬបរាជ័យក្នុងផែនការ​ទុច្ចរិត ទើបពួកគេមិនទទួលស្គាល់ការពិត ខណៈអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសរុបជិត ១០ ម៉ឺននាក់បានកោតសរសើរថា​ដំណើរ​ការបោះឆ្នោតនៅកម្ពុជាមានតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ពួកគេចាំបាច់ ត្រូវបន្តញុះញង់ដើម្បីអនុវត្តផែនការផ្តួលរំលំ​រដ្ឋាភិបាល​តាមរយៈបដិវត្តន៍ពណ៌ ព្រោះជាពេលវេលាដ៏សំខាន់។

ក្រុមបក្សប្រឆាំងនានានៅលើពិភពលោករាប់ទាំងក្រុមប្រឆាំងជ្រុលនិយមកម្ពុជាផងបានយកទ្រឹស្តី​មេបដិវត្តន៍ពណ៌ ជីន សាប ក្នុង​សៀវភៅ​«ពីរបបផ្តាច់ការមកប្រជាធិបតេយ្យ» ជាទ្រឹស្តីធ្វើបដវិត្តន៍ពណ៌ផ្លាស់ប្តូររបបដឹកនាំដើម្បីអនុវត្តតាមផែនការភូមិសាស្ត្រ​នយោបាយ​របស់មហាអំណាច។ សៀវភៅនេះបានចង្អុលបង្ហាញចំៗថា បញ្ហានានាដែលកើតឡើងជុំវិញការបោះឆ្នោតគឺជាឱកាសមាសសម្រាប់​បង្កចលាចលនិង​ជាឈ្នួនងាយនឹងដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋម្ចាស់ឆ្នោត និងឈានទៅការប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋដើម្បី​ផ្លាស់ប្តូរ​តាមអំណាចប្រជាជនព្រោះជាពេលវេលាដែលប្រជាពលរដ្ឋងាយនឹងជឿ ងាយនឹងចូលរួម ងាយនឹងដើរតាមការញុះញង់។ ប្រសិនបើពួកគេផ្លាស់ប្តូរតាមរយៈការបោះឆ្នោតមិនបាន គឺត្រូវផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ដោយប្រើអំណាចប្រជាពលរដ្ឋដែល​មិនមែន​ជាមធ្យោបាយតាមបែបប្រជាធិបតេយ្យឡើយ។ ហេតុដូច្នេះបានជាទាំងក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ីនិងបក្ខពួកខិតខំបំភ្លៃ បំផ្លើសការពិត ដែលអមដោយការបន្ទររបស់ជនបរទេសមួយចំនួនដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាតាមរបៀបវារៈ​ដែលពួកគេគ្រោងទុក។

អ្នកសង្កេតការណ៍ជាតិវាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតនៅកម្ពុជាថ្ងៃទី២៣ខែកក្កដា

ឈរលើមូលដ្ឋាននៃទ្រឹស្តីនេះហើយបានជាក្រុមអ្នកនយោបាយប្រឆាំងនិងជនបរទេសមួយចំនួន រួមនឹងអ្នកកាសែតបរទេសស៊ីប្រាក់កម្រៃ​តាមអត្ថបទ និងមន្ត្រីបម្រើការតាមអង្គការសង្គមស៊ីវិលមួយចំនួនរួមនឹងប្រព័ន្ធផ្សព្វផ្សាយស៊ីលុយបរទេសមួយចំនួន តែងតែលាបពណ៌កម្ពុជា​ក្នុងផ្លូវទុច្ចរិត តាមវេទិកានានា និងនៅលើទំព័រសារព័ត៌មាន លើបណ្តាញទំនាក់ទំនងសង្គមក្នុងចេតនាទុច្ចរិតធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា។ ជាពិសេស នៅពេលមានការបោះឆ្នោតសកលម្តងៗ ពួកគេតែងតែប្រើប្រាស់វោហាសាស្ត្រញុះញង់ ស្អប់ខ្ពើមជាតិសាសន៍ រើសអើង បញ្ឆេះកំហឹងវណ្ណៈសង្គម គំនុំគំគួនគ្នា ស្អប់គ្នារវាងខ្មែរនិងខ្មែរ ព្រមទាំងប្រើប្រាស់វិធីសាស្ត្របំភ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោងស្ថានការណ៍នៅ​កម្ពុជាខុសពីការពិត។ អ្វីដែលពលរដ្ឋខ្មែរបានឮនិងបានឃើញពីវោហាសាស្ត្រញុះញង់ពីក្រុមប្រឆាំងទាំងនៅក្នុងស្រុកនិងក្រៅស្រុករួមនឹងចៅហ្វាយនាយបរទេសពួកគេគឺ៖ «កម្ពុជាជាប្រទេសផ្តាច់ការ, ការបោះឆ្នោតនៅកម្ពុជាជាការបោះឆ្នោតក្លែងក្លាយ, មិនសេរី, មិនយុត្តិធម៌, មិនត្រឹមត្រូវ, មានការគំរាម​កំហែង, មានការទិញដូរសន្លឹកឆ្នោត, មានការលួចបន្លំសន្លឹកឆ្នោត, មានឈ្មោះអ្នកបោះឆ្នោតខ្មោច, ទឹកខ្មៅលុបជ្រះ, បោះសន្លឹកលើស»ជាដើម។

ការប្រើប្រាស់នូវវោហាសាស្ត្រទាំងនេះគឺមិនមែនជាការចៃដន្យឡើយ តែជាការរៀបចំឡើងដើម្បីបង្កើតឱ្យមានភាពល្អក់​កករនៅក្នុងដំណើរ​ការបោះឆ្នោត បង្កើតឱ្យមានការមន្ទិលសង្ស័យ ទោះបីវាជារឿងមិនពិត ព្រោះជាល្បិចកលដែលក្រុមប្រឆាំងបង្កើតឡើងតាមទ្រឹស្តី ជីន សាប សំដៅដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋនៅអំឡុងពេលមានការបោះឆ្នោតក្នុងប្រទេសមួយ។ ម្យ៉ាងទៀត នេះក៏ដើម្បីទាញទម្លាក់នូវតម្លៃនៃការ​បោះឆ្នោត និងទាញទម្លាក់តម្លៃនៃជ័យជម្នះរបស់គណបក្សដែលឈ្នះឆ្នោតដែលមិនមែនជាគណបក្សរបស់ខ្លួន។

គោលដៅសំខាន់ដែលពួកគេប្រើប្រាស់វោហាសាស្ត្រទាំងនេះគឺដើម្បីបំភ័ន្តប្រជាពលរដ្ឋឱ្យយល់ថាអ្វីៗដែលពលរដ្ឋបានឃើញនិងបាននិងកំពុងចូលរួមដោយផ្ទាល់នេះគឺមិនមែន ជាការពិត និងបង្ហាញថាសង្គមដែលពួកគាត់កំពុងរស់នៅគឺអាក្រក់ដូចភាសាដែលពួកគេនិយាយ និង​អាងពួកគេចាប់យកឱកាសដើម្បីបង្កើតចលាចលសង្គម បំផ្ទុះបដិវត្តន៍ពណ៌ផ្តួលរំលំរបបដឹកនាំតែម្តង។ ពួកគេប្រឌិតនិងស្រែកថា​ការ​បោះឆ្នោត​មិនត្រឹមត្រូវ និងមិនយុត្តិធម៌គឺដើម្បីអនុញ្ញាតឱ្យចៅហ្វាយនាយបរទេសរបស់ពួកគេ អាចចេញសេចក្តីថ្លែងការណ៍នានានិងជ្រៀត​ជ្រែក​ក្នុងកិច្ច ការផ្ទះក្នុងកម្ពុជា រួមនឹងអំពាវនាវឱ្យបរទេសដាក់ទណ្ឌកម្មប្រឆាំងនឹងប្រជាជនកម្ពុជាថែមទៀត។

នៅឆ្នាំ២០២៣ នេះ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិតក្បត់ជាតិ ៣ ជំនាន់រួមនឹងក្រុមជនបរទេសស៊ីឈ្នួលបម្រើផលប្រយោជន៍​ភូមិសាស្ត្រនយោបាយមហាអំណាចបានបង្ហាញចរិតដដែលជាដដែល ចេញមកដោយព្យាយាមលាបពណ៌ខុសពីការពិតអំពីភាពភ័យខ្លាច​របស់ ប្រជាពលរដ្ឋក្នុងការចូលរួមការបោះឆ្នោត, ការបោះឆ្នោតក្លែងក្លាយដោយសារតែគ្មានបក្សភ្លើងទៀន និងបានញុះញង់ប្រជាពលរដ្ឋឱ្យ​ទៅ​គូសសន្លឹកឆ្នោតចោល។ ប៉ុន្តែយុទ្ធនាការលាបពណ៌កម្ពុជា និងការបំផ្លាញការបោះឆ្នោតរបស់ក្រុមប្រឆាំងជ្រុលនិយមនៅឆ្នាំ២០២៣ នេះ មិនទទួលបានជោគជ័យឡើយ ព្រោះស្ថានភាពជាក់ស្តែងខុសពីអ្វីដែលពួកគេប៉ាន់ស្មានដោយឈរលើមូលដ្ឋាននៃព័ត៌មានមិនពិត និងការវាយតម្លៃសភាពការណ៍មិនត្រូវ។ ទោះបីជាពួកគេខំស្រែករហូតដល់ស្លាប់ ក៏បានត្រឹមតែស្រែក​ គ្មានបានផេះកណ្តាលចង្ក្រានអ្វី​ឡើយ។ ពលរដ្ឋកម្ពុជាគ្មានការភ័យខ្លាចឡើយ គ្មានក្រុមជនក្បត់ជាតិ និងក្រុមជនចង្រៃជាតិដើរញុះញង់ ពលរដ្ឋខ្មែររស់ក្នុងភាពសុខសាន្ត។ ពលរដ្ឋចំនួនជាង ៨,២លាននាក់ ឬ ៨៤,៥៨% នៃពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតបានអញ្ជើញទៅបោះឆ្នោត ហើយ​ចំនួនសន្លឹកឆ្នោតមិនបានការមានត្រឹម ៤៤ម៉ឺនសន្លឹក។ នេះបង្ហាញថាពលរដ្ឋខ្មែរបានយល់ច្បាស់ពីដំណើរការលទ្ធិប្រជាធិបតេយ្យ និងមិនចាញ់ការភូតកុហករបស់ក្រុមប្រឆាំងជ្រុលនិយមនិងជនបរទេស មួយក្តាប់តូចឡើយ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់ ប្រកបដោយ​សណ្តាប់ធ្នាប់របៀបរៀបរយ ដែលនេះពិតជាឆ្លុះបញ្ចាំងពីឆន្ទៈចូលរួមដ៏មោះមុតរបស់ប្រជាពលរដ្ឋ ក្នុងនាមជាម្ចាស់អំណាចនៅក្នុងលទ្ធិ​ប្រជាធិបតេយ្យ ដែលខ្លួនបានយល់ច្បាស់ពីសារៈសំខាន់ និងភាពចាំបាច់ក្នុងការចូលរួមបោះឆ្នោត។ ប្រជាពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោត បានប្រើប្រាស់សិទ្ធិតាមឆន្ទៈរបស់ខ្លួនក្នុងការចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ ប្រកបដោយ​ក្តីសោមនស្សរីករាយ និងគ្មានការភ័យខ្លាចដូចអ្វីដែលក្រុមជនប្រឆាំងនិងជនបរទេសមួយចំនួននិយាយលាបពណ៌ឡើយ។ ពលរដ្ឋកម្ពុជារីករាយចូលរួមការពាររដ្ឋធម្មនុញ្ញ និងលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ បានបំពេញកាតព្វកិច្ច និងភារកិច្ចបានយ៉ាងល្អប្រសើរ នៅគ្រប់ការិយាល័យបោះឆ្នោតទាំង ២៣,៧៨៦ ការិយាល័យទូទាំងប្រទេស។

នេះក៏បង្ហាញថាវប្បធម៌សន្តិភាពបានចាក់ឬសគល់នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាយើង ហើយកម្ពុជាក៏បាននិងកំពុងដើរ​លើផ្លូវ​លទ្ធិ​ប្រជាធិបតេយ្យរបស់ខ្លួនដោយភាពមោទកភាព។ មោទកភាពជាខ្មែរដែលបានអញ្ជើញទៅបោះឆ្នោតដើម្បី​សន្តិភាពនិងការរីកចម្រើន​របស់ប្រទេសជាតិ។ សន្លឹកឆ្នោតមិនបានការមានចំនួនតិចនេះក៏ជាព្រនង់មួយសំពងលើក្បាលនៃក្រុមជនក្បត់ជាតិដឹកនាំដោយទណ្ឌិត សម រង្ស៊ី ថាការធ្វើនយោបាយញុះញង់ប្រជាពលរដ្ឋ បញ្ឆេះកំហឹងប្រជាពលរដ្ឋដើម្បីឈានទៅបំផ្ទុះបដិវត្តន៍ពណ៌ផ្លាស់ប្តូររបបគឺ​ហួសសម័យ​ហើយ និងមិនត្រូវបានជឿលើការកុហកបោកប្រាស់នេះទៀតឡើយ។

តាមរយៈលទ្ធផលពេលនេះ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋរហូតដល់ទទួល​បានអាសនៈ​បណ្តោះអាសន្ន ១២០ ក្នុងរដ្ឋសភា បង្ហាញថាពលរដ្ឋខ្មែរបានបោះឆ្នោតជ្រើសយកសុខសន្តិភាព និងការអភិវឌ្ឍ តែមិនមែនជាការបោះ​ឆ្នោតជ្រើសយកបាតុកម្ម សង្គ្រាម និងអស្ថិរភាពនយោបាយឡើយ។

ការបោះឆ្នោតប៉ុន្មានអាណត្តិចុងក្រោយនេះ ក៏បានបង្ហាញពីភាពចាស់ទុំនយោបាយរបស់កម្ពុជា និងការគ្រប់គ្រងដំណើរការនីតិវិធីកាន់តែល្អ​ប្រសើរខ្លាំងឡើយ។ បោះឆ្នោតឆ្នាំ ២០២៣ ពលរដ្ឋគ្មានទុក្ខភ័យ រាំលេងសប្បាយ និងចាត់ទុកថាជាកម្មវិធីបុណ្យសប្បាយៗ។ មិនដូចកាល​ពីឆ្នាំ ១៩៩៣ ឬ ១៩៩៨ ដែលក្រុមជ្រុលនិយមបានដើរបំភ័យប្រជាពលរដ្ឋ រហូតដល់ទិញអង្ករ ស្ករ ប៊ីចេង ត្រីងៀត ត្រីខកំប៉ុងមករក្សាទុក​ឡើយ។
ក្រោយការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា រួច ពលរដ្ឋបានធ្វើដំណើរដើរកម្សាន្តសប្បាយតាមរមណីយដ្ឋាននានា​ក្នុងប្រទេសកម្ពុជា​រហូតស្ទះផ្លូវ។ សំណើចក្អាកក្អាយពាសពេញប្រទេស។ ប្រជាពលរដ្ឋកម្ពុជាបានបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ និងបានបោះឆ្នោត​ជ្រើស​រើសយក សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។

ពលរដ្ឋខ្មែរមិនជឿការធ្វើនយោបាយបោកប្រាស់របស់ក្រុមប្រឆាំងជ្រុលនិយមឡើយ និងកុំព្យាយាមលាបពណ៌អាក្រក់ពីកម្ពុជាទៀត​ព្រោះ​ពលរដ្ឋខ្មែរ និងពិភពលោកទាំងមូលបានដឹងយ៉ាងច្បាស់រួចហើយថាកម្ពុជាយ៉ាងណា និងដំណើរការបោះឆ្នោតនៅកម្ពុជា​ធ្វើបានល្អ​កម្រិតណាដូចទិសស្លោកមួយថា «ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ»៕​

ដោយ៖ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner