លិខិតមិត្តអ្នកអាន៖ គ្រាធម្មតាមួយនៃប្រជាធិបតេយ្យសន្តិភាពនិយមបែបខ្មែរ!

ភ្នំពេញ៖ សម្រាប់អ្នកសង្កេតការណ៍បរទេស គេភ្ញាក់ផ្អើលដែលការបោះឆ្នោតនៅកម្ពុជាចាប់ផ្ដើមព្រលឹមខ្លាំងតាំងពីម៉ោង៧ព្រឹក។ ប៉ុន្តែ សម្រាប់ជនជាតិខ្មែរនេះ គ្រាន់តែជាថ្ងៃធម្មតាមួយ ប៉ុណ្ណោះសម្រាប់ពួកយើង។ ពួកយើងចូលចិត្តទៅពេលព្រឹកព្រលឹមដើម្បីចៀសវាងការតម្រង់ជួរក្រោមពន្លឺថ្ងៃក្តៅ។

កាលពីថ្ងៃទី២៣ ខែកក្កដា នៅការិយាល័យបោះឆ្នោតក្នុងវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី មានការកកស្ទះចរាចរណ៍នៅម្តុំផ្លូវចូលសាលានៅចន្លោះម៉ោង៧ព្រឹក ដល់ម៉ោង៨ព្រឹក ដោយសារអ្នកបោះឆ្នោតចង់ទៅបោះឆ្នោតឱ្យបានលឿន។ នៅខាងក្នុងបរិវេណសាលារៀន បរិយាកាសមានភាពរស់រវើក។ ប្រជាជនមានភាពញញឹម ញញែម ហើយថតរូបតាមទូរស័ព្ទដៃនៅមុខការិយាល័យបោះឆ្នោត ដោយបង្ហាញស្នាមម្រាមដៃដែលប្រលាក់ទឹកខ្មៅរបស់ពួកគេ។

នៅម៉ោងប្រហែល៧:00ព្រឹក យើងចាប់ផ្តើមឃើញពេញនៅលើ Facebook, Instagram និង Telegram ការជូនដំណឹងពីមិត្តភ័ក្តិដែលបានបង្ហោះ ឬផ្ញើរូបថតបន្ទាប់ពីបោះឆ្នោត។ អ្នកខ្លះបានថតជាមួយគ្រួសារទាំងមូលតែម្តងក៏មាន។ យើងស្ទើរតែមិនឃើញមានជួរវែងទេ នៅមុខការិយាល័យបោះឆ្នោតនីមួយៗ។ អ្នកខ្លះត្រូវឈរស្វែងរកឈ្មោះក្នុងបញ្ជីបោះឆ្នោតមុននឹងចូលបោះឆ្នោត។ អ្នកខ្លះមិនធ្វើបែបនេះទេ ព្រោះពួកគាត់បានពិនិត្យមើលបញ្ជីជាមុនតាមរយៈកម្មវិធីទូរស័ព្ទរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

អ្នកបោះឆ្នោត អ្នកសង្កេតការណ៍ និងអ្នករៀបចំការបោះឆ្នោត សុទ្ធតែមានអាកប្បកិរិយាប្រកបដោយសណ្តាប់ធ្នាប់ មានភាពត្រជាក់ ហាក់ដូចជាពួកគេស៊ាំនឹងដំណើរការនេះរួចទៅហើយ។ ដល់ម៉ោង ១:00 រសៀល ការិយាល័យបោះឆ្នោតកាន់តែមានមនុស្សតិចទៅៗ ដោយសារថា ជាង៧0% នៃអ្នកមានសិទ្ធិបោះឆ្នោតបានទៅបោះឆ្នោតរួចទៅហើយ មុនពេលដែលការិយាល័យបោះឆ្នោតត្រូវបិទនៅម៉ោង ៣:00 រសៀល។ ចំនួនអ្នកទៅបោះឆ្នោតបានកើនឡើងខ្ពស់ដល់ទៅ៨៤,៥៨% ដែលជាអត្រាខ្ពស់លើសពីការបោះឆ្នោតជាតិបួនលើកចុងក្រោយ ចាប់ពីឆ្នាំ២០០៣។ យើងគ្មានឭរបាយការណ៍អំពីអំពើហិង្សាទាល់តែសោះ។ យើងមិនឃើញពលរដ្ឋមានក្រសែភ្នែកដែលពេញដោយ កំហឹង ការស្អប់ និងរើសអើងគ្នានោះទេ បើប្រៀបធៀបនឹងការបោះឆ្នោតឆ្នាំ២០១៣ និង២០១៨។ កាលពីពេលនោះ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត នៅពេលដែលក្បួនហែរគណបក្សរបស់សមាជិកគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំងបានជួបគ្នាម្តងៗ យើងសង្កេតឃើញថា ពួកគេហាក់មានអារម្មណ៍ពេញដោយកំហឹង និងការស្អប់គ្នាទាំងសងខាង។ សម្រាប់ឆ្នាំនេះ យើងសង្កេតឃើញក្រសែភ្នែករបស់ពលរដ្ឋ ហាក់មានភាពត្រជាក់ និងស្រទន់។

កម្មករ និងពលរដ្ឋទូទៅ ត្រូវបានផ្តល់ថ្ងៃឈប់សម្រាកបន្ថែមនៅថ្ងៃច័ន្ទ។ ដូច្នេះ ពួកគេអាចត្រឡប់ទៅខេត្តកំណើតរបស់ពួកគេវិញនៅថ្ងៃសៅរ៍,ទៅបោះឆ្នោតថ្ងៃអាទិត្យ, ហើយត្រឡប់មកកន្លែងធ្វើការនៅក្នុងទីក្រុងវិញនៅថ្ងៃច័ន្ទ។ នាវេលាថ្ងៃត្រង់ ថ្ងៃច័ន្ទនៅលើផ្លូវជាតិលេខ១ ដែលតភ្ជាប់ខេត្តកណ្តាលព្រៃវែង និងខេត្តស្វាយរៀងមករាជធានីភ្នំពេញ ចរាចរណ៍បានចាប់ផ្តើមកកស្ទះ។ នៅលើស្ពានអ្នកលឿង ដែលជាស្ពានវែងជាងគេក្នុងប្រទេសកម្ពុជា សាងសង់ដោយជំនួយរបស់ជប៉ុន ម៉ូតូជាច្រើនគ្រឿងបានធ្វើដំណើរត្រឡប់ចូលក្រុងវិញ។ អ្នកខ្លះឈប់ថតរូបចុងក្រោយរបស់ពួកគេ មុនពេលត្រឡប់ទៅធ្វើការវិញ។ អ្នកខ្លះបានឈប់សម្រាកមួយភ្លែត ហូបម្ជូរនៅលើស្ពាន។ ពួកគេសម្រាកលំហែលើស្ពាន ហាក់បីដូចជាគ្មានរឿងអ្វីកើតឡើង។ ឯប៉ូលីសវិញកំពុងមមាញឹកក្នុងការគ្រប់គ្រងចរាចរណ៍នៅលើស្ពាន ហើយប៉ូលីសខ្លះក៏ឆ្លៀតបរិភោគអាហារថ្ងៃត្រង់របស់ខ្លួននៅលើស្ពានដែរ។ ម៉ូតូខ្លះដឹកមនុស្ស ៣-៤នាក់ ក្នុងនោះក៏មានក្មេងតូចៗ។ ពេលខ្លះយើងអាចឃើញជើងតូចៗរបស់កុមារដេកសណ្តូកនៅចន្លោះកណ្តាលរវាងឪពុកម្តាយរបស់ពួកគេ។ ម៉ូតូរបស់យុវជនខ្លះ ដឹកមាន់ ទា និងអង្ករ ដែលឪពុកម្តាយពួកគេផ្តល់ឱ្យ។

សម្រាប់អ្នកមានការងារធ្វើគេចូលចិត្តនិយាយលេងសើចតាម Facebook និងតាម បណ្ដាញសង្គមផ្សេងទៀត ដោយពួកគេបង្ហោះរូបថតញញឹមរបស់ពួកគេជាមួយនឹងចំណងជើងថា “ស្អែកធ្វើសំណង់ធម្មតា”។ វាមិនមែនមានន័យថា ពួកគេទាំងអស់គ្នាសុទ្ធតែធ្វើការក្នុងវិស័យសំណង់នោះទេ ប៉ុន្តែ នេះគឺជាពាក្យពេញនិយមសម័យថ្មី ដែលចង់និយាយថា ថ្ងៃស្អែកគ្រាន់តែជាថ្ងៃធ្វើការធម្មតាមួយប៉ុណ្ណោះ។

ប៉ុន្តែ សម្រាប់អ្នកនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ប្រហែលជាពួកគេមិនអាច មានថ្ងៃធ្វើការដូចធម្មតានោះទេ។ សម្រាប់អ្នកដឹកនាំជំនាន់ថ្មី ពួកគេចាំបាច់ត្រូវរែកពន់ក្តីសង្ឃឹមរបស់ អ្នកបោះឆ្នោតផង និងរបស់ថ្នាក់ដឹកនាំជំនាន់មុនផង ដើម្បីបន្តនូវមរតកនៃការកសាងប្រទេសជាតិ តាមរយៈការពង្រឹងកាន់តែរឹងមាំនូវវប្បធម៌សន្តិភាព ប្រជាធិបតេយ្យដែលមានភាពអធ្យាស្រ័យផ្អែកលើផ្នត់គំនិតព្រះពុទ្ធសាសនាខ្មែរដែលចេះគោរពគ្នាទៅវិញទៅមក និងចេះរួមរស់ជាមួយគ្នាដោយសន្តិភាព និងការអភិវឌ្ឍសង្គមឱ្យកាន់តែ រីកចម្រើនថែមទៀត ខណៈពេលដែលកម្ពុជាឈានឆ្ពោះទៅរកសេដ្ឋកិច្ចដែលមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។

អ្នកសង្កេតការណ៍បរទេសខ្លះចោទសួរថា ហេតុអ្វីបានជាសមាជិកគណបក្សប្រជាជនកម្ពុជា មានភាពបុរេសកម្មខ្លាំង និងរំជើបរំជួលជាមួយនឹងការបោះឆ្នោត? ប្រហែលជាដោយសារថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជាថ្នាក់ដឹកនាំដែលទាមទារភាព ឥតខ្ចោះ និងមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនមើលស្រាលស្ថានការណ៍។ ពួកគាត់មិន មើលស្រាលគូប្រជែងឡើយ ហើយតែងតែប្រុងប្រយ័ត្នគ្រប់ពេលវេលា។ ហើយពួកគាត់ពិតជាគិតត្រឹមត្រូវ។ ភាពប្រុងប្រយ័ត្នរបស់ពួកគាត់បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោត ទន្ទឹមនឹងអត្រាអ្នកទៅបោះឆ្នោតខ្ពស់ ទោះបីជាបក្សប្រឆាំងព្យាយាមរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីបំផ្លាញសន្លឹកឆ្នោត និងបំផ្លាញដំណើរការបោះឆ្នោតក៏ដោយ។

សម្រាប់អ្នកបោះឆ្នោត សន្លឹកឆ្នោតរបស់ពួកគេតំណាងឱ្យក្តីសង្ឃឹមសម្រាប់អនាគតកាន់តែល្អប្រសើរ ជាអនាគតដែលឈានឆ្ពោះទៅរកប្រទេសដែលមានវិបុលភាពខ្ពស់នៅឆ្នាំ ២០៥០ ជាមួយនឹងគុណភាពជីវិតកាន់តែល្អប្រសើរសម្រាប់ពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។ សម្រាប់អ្នកជំនួញវិញ ពួកគេបានធូរស្រាលចិត្តយ៉ាងខ្លាំងដោយដឹងថា ស្ថិរភាពរបស់កម្ពុជានៅតែមានភាពរឹងមាំ។ សម្រាប់អ្នកជំនួញ អស្ថិរភាពនិងភាពមិនអាចព្យាករបាន គឺជាសត្រូវដ៏អាក្រក់បំផុតសម្រាប់ការប្រកបអាជីវកម្ម។

បន្ទាប់ពីការបោះឆ្នោតបីលើកចុងក្រោយគឺឆ្នាំ២០១៣, ២០១៨, និង ២០២៣, ការវិវត្តនៃព្រឹត្តិការណ៍ទាំងឡាយអាចប្រាប់យើងថា ប្រទេសកម្ពុជាមិនអាចទទួលយកបាននូវលទ្ធិប្រជាធិបតេយ្យបែបបស្ចិមប្រទេសដែលមានលក្ខណៈបុគ្គលនិយម និងអាត្មានិយម ហើយផលប្រយោជន៍សហគមន៍បែរជាមានទម្ងន់ស្រាលជាងផលប្រយោជន៍ និងសិទ្ធិបុគ្គលនោះទេ។

ប្រទេសកម្ពុជាមានវិធីផ្ទាល់ខ្លួនរបស់យើងក្នុងការប្រើគោលគំនិតលទ្ធិប្រជាធិបតេយ្យបែបបស្ចិមប្រទេសឱ្យសមស្របតាមបរិបទរបស់សង្គមកម្ពុជា។ នេះគឺមិនខុសអ្វីពីការណ៍ ដែលអាណាចក្រខ្មែរបានយកវប្បធម៌ឥណ្ឌាមកលាយបញ្ចូលគ្នាដើម្បីកសាងអរិយធម៌ ខ្មែរដែលមានភាពទោលឯករបស់ខ្លួននោះទេ។ ខ្មែរបានបង្កើតអរិយធម៌ដោយឡែករបស់ខ្លួន ហើយគ្មានបរទេសណាមួយគិតថាជនជាតិខ្មែរដូចជនជាតិឥណ្ឌានោះទេ។

ដូចគ្នានេះដែរ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនចាំបាច់ត្រូវចម្លងឱ្យដូចប្រជាធិបតេយ្យអាមេរិកនិងអឺរ៉ុបនោះទេ។ យើងមិនចាំបាច់ផ្លាស់ប្តូរអត្តសញ្ញាណរបស់យើងដើម្បីផ្គាប់ចិត្តនរណាម្នាក់នោះទេ។ កម្ពុជាគួរបន្តកសាងលទ្ធិប្រជាធិបតេយ្យដោយឈរលើមាគ៌ាសន្តិភាព និងភាពអធ្យាស្រ័យរបស់យើងផ្ទាល់តាមចិត្តគំនិតខ្មែរ និងការប្រៀនប្រដៅព្រះពុទ្ធសាសនា។

យើងមិនចាំបាច់ដុតអគារ ឡាន និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដើម្បីឱ្យគេទទួលស្គាល់ថា យើងមានលទ្ធិប្រជាធិបតេយ្យនោះទេ។ យើងមិនចាំបាច់ធ្វើត្រាប់តាមគេក្នុងការបំផ្លាញអគាររដ្ឋសភាកាពីតូលរបស់អាមេរិក ដុតទីក្រុងប៉ារីសទាំងមូល បំផ្ទុះគ្រាប់បែកនៅវិហារអ៊ីស្លាម គ្រឹស្ត និងជ្វីព ដុតគម្ពីកូរ៉ាន់ និងជំរុញការផ្សព្វផ្សាយលទ្ធិជ្រុលនិយម ការរើសអើងជាតិសាសន៍ ការប្រើអំពើហិង្សាលើជនជាតិអាស៊ីនិងការជំរុញការស្អប់ខ្ពើមសាសនាអ៊ីស្លាម។ល។ ដើម្បីឱ្យគេទទួលស្គាល់ថា យើងមានសេរីភាពអស្ចារ្យនៅក្នុងការបញ្ចេញមតិនោះទេ។

កម្ពុជាពិតជាមិនអាចយល់បានទេថា ការចោទប្រកាន់នរណាម្នាក់ថា ជាឃាតករ គឺជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។ កម្ពុជាពិតជាមិនអាចយល់បានទាល់តែសោះថា បន្ទាប់ពីមានការបាញ់សម្លាប់កុមារជារៀងរាល់ឆ្នាំនៅអាមេរិក សិទ្ធិកាន់កាំភ្លើងនៅតែត្រូវបានគេចាត់ទុកថាជាសិទ្ធិមនុស្ស។ ទាំងនេះ មិនមែនជាឥរិយាបថ និងគុណតម្លៃរបស់ខ្មែរទេ។ នេះមិនមែនជាសង្គមដ៏ឧត្តុង្គឧត្តម ដែលយើងកំពុងព្យាយាមកសាងនោះទេ។ យើងមានវិធីរបស់ខ្មែរយើងនោះ គឺ ប្រជាធិបតេយ្យសន្តិភាពនិយមបែបខ្មែរ

ដោយ៖ ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថាន ចក្ខុវិស័យអាស៊ី (AVI)

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner