ក្រសួងកសិកម្ម និងសមាគមស្វាយចន្ទីកម្ពុជា ប្រាប់ឱ្យកសិករ ប្រុងប្រយ័ត្នចំពោះ បាតុភូត អែល នីណូ ដោយនឹងធ្វើឱ្យក្នុងដីគ្មានសំណើម និងបង្កឱ្យមានកត្តាសត្វចង្រៃបំផ្លាញដំណាំ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម បានប្រាប់ឱ្យដឹងថា មន្ទីរកសិកម្មទូទាំង២៥រាជធានីខេត្ត បានធ្វើការយ៉ាងជិតស្និទជាមួយនឹងកសិករដើម្បីជួយដល់កសិករ ក្នុងការផ្តល់បច្ចេកនានា ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ដំណាំនានា ដោយសារបាតុភូត អែលនីណូ( El Nino,គ្រោះរាំងស្ងួតអូសបន្លាយ)។ចំណែកសមាគមស្វាយចន្ទីកម្ពុជា ក៏អំពាវនាវ និងផ្តល់ដំណោះស្រាយដល់អ្នកដាំដុះស្វាយចន្ទី ចំពោះបញ្ហានេះដែរ។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់នៅថ្ងៃទី២៦ ខែកក្កដាថា ក្រសួងបានដឹងពីបាតុភូត El Nino នេះ (គ្រោះរាំងស្ងួតអូសបន្លាយ) តាមរយៈក្រសួងធនធានទឹកនិងឧតុនិយម ដោយធ្លាប់បានចេញសេចក្តីជូនដំណឹងដល់ប្រជាកសិករ ឱ្យបានដឹងពីបាតុភូតនេះ ដើម្បីត្រៀមខ្លួនក្នុងការទប់ទល់ និងថែទាំដំណាំ ក្នុងពេលដែលកម្ពុជាត្រូវរងឥទ្ធិពលពីបាតុភូត El Nino នេះ។

កញ្ញាបានបញ្ជាក់ថា ៖ «បាតុភូត El Nino នឹងត្រូវជះឥទ្ធិពលអាក្រក់ដល់ដំណាំគ្រប់ប្រភេទ ដោយមិនអាចជៀសបាននោះទេ ។ប៉ុន្តែទន្ទឹមនឹងនោះ ក្រសួងកសិកម្មនៅតែបន្តធ្វើការជាមួយកសិករ ដែលត្រូវការជំនួយបច្ចេកទេស ដោយក្រសួងមានមន្រ្តីជំនាញកសិកម្ម សម្រាប់ផ្តល់យោបល់លើការបង្ការនិងទប់ស្កាត់ផលប៉ះពាល់ទាំងនោះ»។

ចំពោះបាតុភូត El Nino អាចនឹងបង្កឱ្យមានកត្តាសត្វចង្រៃបំផ្លាញ ដូចជា ចៃស ដង្កូវគ្រប់ប្រភេទ ស្រមើរ និងពីងពាង ក្រហមជាដើម ដែលជាសត្វល្អិតបំផ្លាញដំណាំរបស់កសិករ។ អ្នកនាំពាក្យក្រសួងកសិកម្មបញ្ជាក់ថា កសិករអាចទិញថ្នាំសម្លាប់សត្វប្រើប្រាស់ណាដែលសក្តិសមនឹងប្រភេទ ខណៈថ្នាំសម្លាប់សត្វល្អិតចង្រៃ និងជីថ្នាំកសិកម្ម មានការធ្លាក់ថ្លៃបន្តិចហើយ នៅក្នុងរយៈពេលចុងក្រោយនេះ។

បើទោះបីជា ស្វាយចន្ទី ជាប្រភេទដំណាំដែលធន់នឹងអាកាសធាតុក្តៅយ៉ាងណាក៏ដោយ តែសមាគមស្វាយចន្ទីកម្ពុជា នៅតែមានការព្រួយបារម្ភ ពីឥទ្ធិពលនៃ បាតុភូត El Ninoនេះ ថានឹង ដោយបង្កឱ្យមានភាពក្ដៅស្ងួតអូសបន្លាយ ខ្វះទឹក ក្នុងដីគ្មានសំណើម ដើម្បីជួយរុក្ខជាតិឱ្យលូត លាស់ល្អ និងបង្កឱ្យមានកត្តាចង្រៃបំផ្លាញស្វាយចន្ទីដូចជា ចៃស ដង្កូវគ្រប់ប្រភេទ ស្រមើរ និងពីងពាង ក្រហម…។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ក៏បានប្រាប់ឱ្យដឹងដែរថា សមាគមបាន ជូនដំណឹងរួចហើយដល់សមាជិកជាកសិករស្វាយចន្ទីចំពោះ បាតុភូត El Nino ដែលមានឥទ្ធិពលមកលើតំបន់ចាប់ពីខែតុលា ២០២៣ ដល់ ខែមិថុនា ២០២៤ ខាងមុខនេះ។

សមាគមស្វាយចន្ទីកម្ពុជា បានផ្តល់ដំណោះស្រាយមួយចំនួនដូចជា ត្រូវតែងមែកចន្ទីឱ្យសមល្មម ដើម្បីឱ្យដើមអាចចែកទឹកដល់គ្រប់ជ្រុងជ្រោយ យ៉ាងយូរចុងខែកក្កដា ២០២៣, ដាក់ជីគល់ឱ្យសមាមាត្រនឹងដើម ដើម្បីផ្ដល់កម្លាំង និងសន្សំថាមពលដើមឱ្យបានយ៉ាងយូរ ត្រឹមខែសីហា ២០២៣។

លោកបន្តថា ប្រើវិធីសាស្ត្រមួយត្រួយចេញផ្កា ដូចជាប្រើវិធីជម្រុះស្លឹកសម្រាប់ចន្ទីអាយុលើស៧ឆ្នាំ ជាដើម ធ្វើឱ្យបាននៅចុងខែតុលា ២០២៣ និងត្រូវរៀនស្គាល់ និងប្រើថ្នាំកសិកម្មឱ្យត្រឹមត្រូវតាមធាតុសកម្ម និងមុខសញ្ញាសត្វល្អិត បំផ្លាញ ចៀសវាងភាពស៊ាំដល់សត្វល្អិត និងការចំណាយច្រើនឥតប្រយោជន៍។

លោក អួន ស៊ីឡុត បានបន្ថែមថា ថ្វីត្បិតតែដំណោះស្រាយនេះ មិនអាចជួយបាន១០០ភាគរយមែន តែយ៉ាងហោចក៏អាចជួយ៥០ភាគរយដែរ ដល់អ្នកដាំដុះស្វាយចន្ទីដែរ។ លោកថា មិនទាន់អាចសន្និដ្ឋានពីទំហំនៃផលប៉ះពាល់នៅឡើយទេ ប៉ុន្តែការត្រៀមខ្លួនទុកជាមុន គឺជារឿងចាំបាច់ដែលកសិករគ្រប់រូបត្រូវធ្វើ។

លោកបញ្ជាក់ថា ៖ «យើងមានតែត្រៀមខ្លួនឱ្យហើយដើម្បីកាត់បន្ថយផលប៉ះពាល់ពីបាតុភូតនេះ ដែលធ្វើយ៉ាងណាឱ្យទិន្នផលស្វាយចន្ទីការធ្លាក់ចុះតិចតួចបំផុតត្រឹមតែ១០ភាគរយ។ ហេតុដូច្នេះហើយទើបនៅខែសីហាខាងមុខនេះ យើងនឹងអញ្ជើញប្រធានសមាគមស្វាយចន្ទីនៅតាមខេត្តនានា មកពិភាក្សាគ្នា និងស្វែរកដំណោះស្រាយលើបញ្ហានេះ»៕ ដោយ៖ វណ្ណ សុជាតា

ads banner