ក្រសួងសេដ្ឋកិច្ច ណែនាំពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីណែនាំពីការអនុវត្តអាករលើតម្លៃបន្ថែម សម្រាប់អាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូលទាំងអស់ ក្នុងគោលដៅពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែមឱ្យមានតម្លាភាព និងសង្គតិភាពអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា តទៅ ។អ្នកជំនាញសុខភាព បានសាទរចំពោះការអនុវត្តអាករលើតម្លៃបន្ថែមនេះ។

ក្នុងសេចក្តីណែនាំស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូលនៅថ្ងៃទី២៥ ខែកក្កដា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់គ្រប់ម្ចាស់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូល ទាំងអស់ពីនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែម(អតប)ផងដែរ។

ក្រសួងបញ្ជាក់ថា ការការអនុវត្តអាករលើតម្លៃបន្ថែម(អតប)នេះ ដូចជា ចំពោះបារីដែលនាំចូលសម្រាប់គោលដៅលក់ក្នុងស្រុក សហគ្រាសត្រូវអនុវត្តអាករលើតម្លៃបន្ថែមដូចទំនិញ នាំចូលជាប់អាករដទៃទៀតដែរ ដោយត្រូវប្រមូល អតប តាមអត្រា ១០ (ដប់)ភាគរយ រាល់ការផ្គត់ផ្គង់បារី នៅក្នុងប្រទេសកម្ពុជា។

ក្រសួងបន្តថា អតប ដែលបានបង់នៅពេលនាំចូល ឬទិញក្នុងស្រុក ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលសម្រាប់កាត់កងជាមួយ អាករលើធាតុចេញ។

ដោយឡែកចំពោះបារីដែលនាំចូលសម្រាប់គោលដៅនាំចេញ សហគ្រាសត្រូវបានបន្តអនុញ្ញាតឱ្យបង់ អតប តែម្ដងគត់ នៅពេលនាំចូលជាការស្រេច ដូចដែលបានអនុវត្តនាពេលកន្លងមក ហើយសហគ្រាសត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់អាករស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ចំពោះការអនុវត្តអាករតម្លៃបន្ថែមនេះ ត្រូវបាន លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា សាទរ និងគាំទ្រចំពោះការណែនាំរបស់ក្រសួងសេដ្ឋកិច្ច ដោយលោកបានអះអាងថា វាជាការបង្ហាញឱ្យឃើញនូវការយកចិត្តទិកដាក់របស់រាជរដ្ឋាភិបាល ក្នុងកាត់បន្ថយអ្នកឈឺ ឬស្លាប់ដោយសារបារី ឬផលិតផលថ្នាំជក់។

លោកប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែកក្កដា ថា ការអនុវត្តអាករលើតម្លៃបន្ថែមនេះ ក្រសួងសេដ្ឋកិច្ចបានអនុវត្តជាយូរមកហើយ គ្រាន់តែថាពីមុនយកតែមួយដំណាក់កាលទេ គឺនៅពេលនាំចូល ប៉ុន្តែការអនុវត្តចាប់ពីថ្ងៃទី១ ខែសីហាតទៅនេះ បើតាមសេចក្តីណែនាំ ការអនុវត្តអាការតម្លៃនេះ នឹងយកនៅរាល់ដំណាក់កាលដូចផលិតផលដទៃទៀត។មានន័យថា យកអាករលើតម្លៃបន្ថែមតាំងពីនាំចូលរហូតដល់អ្នកប្រើប្រាស់ជាដើម៕ ដោយ៖ វណ្ណ សុជាតា

ads banner