សម្តេចតេជោ ហ៊ុន សែន អរគុណមេដឹកនាំបីប្រទេស ដែលជូនពរ សម្តេច ក្នុងឱកាសគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់មេដឹកនាំ កំពូលៗចំនួនបីប្រទេស រួមមាន ប្រទេសវៀតណាម ឡាវ និង ចិន ដែល បានទូរសព្ទ និងផ្ញើសារជូនពរសម្តេច ក្នុងឱកាសគណបក្ស ប្រជាជន កម្ពុជា ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ។ នេះបើយោងតាមបណ្ដាញសង្គម ធ្វីតធ័រ(twitter) ផ្លូវការរបស់ សម្តេច តេជោ ហ៊ុន សែន។
សម្តេចតេជោ បានសរសេរដូច្នេះថា ខ្ញុំសូមអរគុណចំពោះឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម ដែលបានហៅទូរសព្ទ មកជូនពរខ្ញុំ កាលពី ព្រឹកថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ ជាមួយនោះខ្ញុំក៏ សូម ថ្លែងអំណរគុណ ឯក ឧត្ដមនាយករដ្ឋមន្ត្រីឡាវ ដែលបានផ្ញើសារ តាមរយៈតេឡេក្រាម មកជូនពរខ្ញុំកាលពីល្ងាចថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣។
ទោះបីលទ្ធផលផ្លូវការមិនទាន់បានប្រកាសតែការហៅទូរសព្ទ និងផ្ញើ សារ មកជូនពរក្រៅផ្លូវការ គឺជាកាយវិការមិត្តភាពស្រឡាញ់រាប់អានគ្នា បន្ទាប់ពីកម្ពុជាចាត់តាំងការបោះឆ្នោតបានល្អជា មួយ និងជោគជ័យ របស់គណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោបន្តថា”ខ្ញុំក៏សូមអរគុណចំពោះ ឯកឧត្តមប្រធានាធិបតី និង ឯកឧត្ដមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ ប្រជាមានិតចិន ដែល ផ្ញើសារលិខិតមកជូនពរខ្ញុំក៏ដូចជាគណបក្សប្រជាជន សម្រាប់ ជោគជ័យ នៃការបោះឆ្នោត។
សូមជម្រាបថា យោងតាមលទ្ធផលបណ្តោះបឋម ដែលចេញដោយ គ.ជ.ប នៅព្រឹកថ្ងៃទី២៦ ខែកក្កដា បានបង្ហាញថា ក្នុងការបោះ ឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ទទួលបាន សំឡេងគាំទ្រ ៦ ៣៩៨ ១៩៣នាក់ ស្មើនឹង ៨២,៣០ភាគរយ នៃសំឡេងឆ្នោតបានការទាំងអស់ ដោយឡែកគណបក្សហ៊្វ៊ុនស៊ិនប៉ិច ឈរនៅលំដាប់លេខ២ ដោយទទួលបានសំឡេងគាំទ្រ ៧១៦ ៤៤៣នាក់ ស្មើនឹង ៩,២២ភាគរយ។
តាមលទ្ធផលបណ្តោះអាសន្នបានបង្ហាញថា អ្នកចូលរួមទៅបោះ ឆ្នោតមាន ៨ ២១៤ ២២៨ ស្មើនឹង ៨៤,៥៩ភាគរយ៕
ដោយ៖ វណ្ណលុក