ធនាគារអភិវឌ្ឍន៍អាស៊ី ADB ផ្តល់ប្រាក់កម្ចី៤០លានដុល្លារដល់កម្ពុជា (Video Inside)

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានអនុម័តកម្ចី៤០លានដុល្លារ សម្រាប់កំណែទម្រង់សំខាន់ៗ ក្នុងការផ្តល់សេវាសាធារណៈនៅកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃទី២៦ ខែកក្កដា «ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តប្រាក់កម្ចី ផ្អែកលើគោលនយោបាយចំនួន៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងបន្ថែមការផ្តល់សេវាសាធារណៈ ដោយរដ្ឋបាលមូលដ្ឋាន តាមរយៈកំណែទម្រង់ជា បន្តបន្ទាប់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ”។

នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជាលោកស្រី យ៉ូតសាណា វ៉ាម៉ា បានថ្លែងថា «កំណែទម្រង់ និងដំណោះស្រាយឌីជីថល ដែលត្រូវបានអនុវត្តក្នុងកម្មវិធីនេះ នឹងជួយតម្រង់ផែនការកម្រិតមូលដ្ឋានជាមួយនឹងថវិកាជាតិ និងខេត្តសម្រាប់ការផ្តល់សេវាសាធារណៈ នៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងសមធម៌ ដូចជាការទទួលបានទឹកស្អាត អនាម័យ និងការអប់រំជាដើម»។

ADB គឺជាដៃគូរបស់កម្ពុជាក្នុងការគាំទ្រកំណែទម្រង់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការចាប់តាំងពីឆ្នាំ២០០២នោះមក។ កម្ចីកម្មវិធីថ្មីនេះគឺស្របតាមយុទ្ធសាស្ត្រ ភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជាឆ្នាំ ២០១៩-២០២៣។

ads banner