ថៃ៖ ប៉ូលីសអន្តោប្រវេសន៍ថា នឹងអនុវត្តតាមច្បាប់ ពេលលោក Thaksin ចូលប្រទេសវិញ
បាងកក៖ លោកស្រី Paetongtarn ដែលជាកូនស្រីរបស់លោក Thaksin បានលើកឡើងថា លោក Thaksin គ្រោងនឹងត្រលប់ទៅប្រទេសថៃវិញ នៅថ្ងៃទី ១០ ខែសីហា ប៉ុន្តែ ប៉ូលិសអន្តោប្រវេសន៍ថា មិនដឹងពីដំណឹងនេះទេ ហើយព្រមានថា នឹងអនុវត្តតាមច្បាប់។
លោកស្រី Paetongtarn Shinawatra កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃបានប្រកាសថា ឪពុករបស់លោកស្រីនឹងត្រលប់ទៅប្រទេសថៃវិញ នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។
ក្នុងការបង្ហោះតាមហ្វេសប៊ុកជូនពរឪពុក ឱ្យមានសុភមង្គល ក្នុងថ្ងៃខួបកំណើត នៅថ្ងៃពុធ ទី២៦ ខែកក្កដា លោកស្រី Paetongtarn បាននិយាយថា លោក Thaksin នឹងអញ្ជើទៅដល់អាកាសយានដ្ឋានអន្តរជាតិ Don Muang នៅថ្ងៃទី ១០ ខែសីហា។
លោកស្រី Paetongtarn បានលើកឡើងថា «រៀងរាល់ថ្ងៃទី ២៦ ខែកក្កដា គឺជាថ្ងៃដ៏សំខាន់សម្រាប់កូន។ ប៉ុន្តែឆ្នាំនេះ កូនមិនជឿថា កូនសរសេរអ្វីបានទេ។ នៅថ្ងៃទី ១០ ខែសីហា ប៉ានឹងត្រលប់មកវិញ ហើយនឹងនៅព្រលានយន្តហោះ Don Muang »។
លោកស្រី Paetongtarn បាននិយាយថា នេះជាលើកទី១៧ហើយ ដែលលោក ថាក់ស៊ីន ប្រារព្ធពិធីខួបកំណើត ក្នុងពេលនិរទេស ហើយនេះជាលើកទី៣ហើយ ដែលលោកស្រីខកខាន មិនបានចូលរួមពិធីខួបកំណើត របស់ឪពុក លោកស្រី។
លោកស្រីបានបន្ថែមថា លោកស្រីមិនអាចចូលរួមក្នុងឆ្នាំនេះបានទេ ព្រោះលោកស្រីកំពុងត្រៀមខ្លួនសម្រាប់ការវិលត្រឡប់ចូលប្រទេសថៃវិញ របស់លោក ថាក់ស៊ីន។
លោកស្រី Paetongtarn បាននិយាយថា «ក្នុងចំណោមការប្រារព្ធខួបកំណើត ១៧ លើក របស់ប៉ា នៅក្រៅប្រទេស កូនបានខកខានពីរដងហើយ ហើយឆ្នាំនេះ នឹងក្លាយជាលើកទី ៣ ព្រោះកូនត្រូវរៀបចំការងារជាច្រើន នៅប្រទេសថៃ»។
យ៉ាងណាក៏ដោយ ប៉ូលិសអន្តោប្រវេសន៍បាននិយាយថា ពួកគេមិនទាន់មានព័ត៌មានផ្លូវការថា តើនៅពេលណាដែលអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលនិរទេសខ្លួនឯងរូបនេះ នឹងត្រឡប់មកប្រទេសថៃ ឬ ព្រលានយន្តហោះណាដែលលោកនឹងទៅដល់នោះទេ ប៉ុន្តែពួកគេបានសម្របសម្រួលជាមួយប៉ូលីសដើម្បីបង្កើតនីតិវិធី ដើម្បីអនុវត្តតាម នៅពេលលោកចូលប្រទេសថៃ។
ឧត្តមសេនីយឯក ម៉ុងទ្រី ប៉ានចារឿន (Montri Pancharoen) ដែលទទួលបន្ទុកត្រួតពិនិត្យមន្ត្រីអន្តោប្រវេសន៍នៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ និងដនមឿង បាននិយាយថា «ការិយាល័យអន្តោប្រវេសន៍បានសម្របសម្រួលជាមួយប៉ូលិសក្រុងរួចហើយ លើគោលការណ៍ណែនាំដំបូង ក្នុងការត្រួតពិនិត្យបុគ្គលដែលចូលប្រទេស។ ភារកិច្ចចម្បងរបស់មន្ត្រីអន្តោប្រវេសន៍គឺត្រួតពិនិត្យលិខិតឆ្លងដែន… នៅពេលដែលលោក ថាក់ស៊ីន ធ្វើដំណើរចូលមកប្រទេសនេះ ប្រសិនបើមានដីកា ឬគាត់ជាជនពាក់ព័ន្ធក្នុងសំណុំរឿង គាត់នឹងត្រូវឃុំខ្លួនដើម្បីចាត់ការបន្ត ហើយនឹងប្រគល់ឱ្យប៉ូលិសចាត់ការបន្ត។ នីតិវិធីទាំងអស់នេះនឹងត្រូវបានអនុវត្តដូច ទៅនឹងនីតិវិធីជាធម្មតា»៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត
