អេហ្ស៊ីប៖ រាល់គំនិតផ្តួចផ្តើមរបស់រុស្ស៊ី លើកិច្ចសហប្រតិបត្តិការជាមួយអាហ្វ្រិក គឺស្វាគមន៍

មូស្គូ៖ ប្រធានាធិបតីអេហ្ស៊ីបបាននិយាយថា រាល់គំនិតផ្តួចផ្តើមរបស់រុស្ស៊ី លើកិច្ចសហប្រតិបត្តិការជាមួយអាហ្វ្រិក គឺទទួលបានការស្វាគមន៍។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអេហ្ស៊ីប Abdel Fattah El-Sisi បានជួបចរចាទ្វេភាគីនៅក្នុងវិមាន Konstantinovsky ស្ថិតក្នុងទីក្រុង Saint Petersburg មុនពេលពួកលោកត្រូវចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិក។

លោក Abdel Fattah El-Sisi បាននិយាយថា “យើងតែងតែមានភាពវិជ្ជមានចំពោះគំនិតផ្តួចផ្តើមទាំងអស់ រួមទាំងពីខាងអ្នកផងដែរ ដែលទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងអន្តរកម្មនៅទ្វីបអាហ្រ្វិក។ យើងពិតជាចាប់អារម្មណ៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយរុស្ស៊ីក្នុងវិស័យផ្សេងៗ”។

ពេលនិយាយអំពីទំនាក់ទំនងរវាងរុស្ស៊ី និងអេហ្ស៊ីបវិញ មេដឹកនាំអេហ្ស៊ីបរូបនេះបានសង្កត់ធ្ងន់លើចេតនា “នាំពួកគេទៅកាន់ជើងមេឃដែលប្រទេសទាំងពីរសមនឹងទទួលបាន” ។

ប្រធានាធិបតីអេហ្ស៊ីបក៏បានកត់សម្គាល់ផងដែរអំពីសារៈសំខាន់ជាពិសេសនៃគម្រោងលើការសាងសង់ដោយមានជំនួយពីសាជីវកម្មរដ្ឋរុស្ស៊ី Rosatom នៃរោងចក្រថាមពលនុយក្លេអ៊ែរដំបូង (NPP) នៅក្នុងទីក្រុង El Dabaa របស់អេហ្ស៊ីប។ លោកបាននិយាយថា “គម្រោងសាងសង់ El Dabaa NPP និងការបង្កើតតំបន់ឧស្សាហកម្មរុស្ស៊ីគឺសំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការរបស់យើង” ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិកលើកទី២ គ្រោងបាននិងកំពុងប្រព្រឹត្តទៅនៅទីក្រុង St. Petersburg របស់រុស្ស៊ី នៅថ្ងៃទី ២៧-២៨ ខែកក្កដា ដោយមានវេទិកាសេដ្ឋកិច្ច និងមនុស្សធម៌ ដែលត្រូវប្រព្រឹត្តទៅក្នុងពេលដំណាលគ្នា។ លើកនេះ ដូចគ្នានឹងឆ្នាំ២០១៩ ដោយគេដឹងថា កិច្ចប្រជុំកំពូលបែបនេះលើកដំបូងត្រូវបានធ្វើឡើង នៅទីក្រុង Sochi ក្នុងខែតុលា ពាក្យស្លោកគឺ “ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍”៕ ប្រភពពី TASS ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner