មេដឹកនាំកូរ៉េខាងជើងទទួលជួបរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី

ព្យុងយ៉ាង៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីជួបមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un នៅទីក្រុងព្យុងយ៉ាង។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា កាលពីថ្ងៃទី ២៦ ខែកក្កដា នៅឯទីក្រុងព្យុងយ៉ាង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទទួលជួបគណៈប្រតិភូយោធារុស្ស៊ី ដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu ។

ជំនួបនេះត្រូវបានគេជឿជាក់ថា នឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងប្រទេសរុស្ស៊ី និងកូរ៉េខាងជើង។

យោងតាម KCNA បានឲ្យដឹងទៀតថា ក្នុងជំនួបនោះ លោក រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានប្រគល់ «សារផ្ទាល់ខ្លួន» របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជូនលោក គីម ជុងអ៊ុន។ គេកត់សម្គាល់ថា មេដឹកនាំកូរ៉េខាងជើងបានសម្តែងការដឹងគុណចំពោះសារនេះ ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA នេះដដែល បានឲ្យដឹងទៀតថា លោក Shoigu និង Kim Jong-un បានប្រគល់ឲ្យគ្នា នូវវត្ថុអនុស្សាវរីយ៍ ទៅវិញទៅមក។

យោងតាម KCNA ដដែល ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាសន្តិសុខជាតិ តំបន់ និងអន្តរជាតិ។ ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថា ការវាយតម្លៃរបស់ភាគីទាំងពីរលើបញ្ហាដែលបានពិភាក្សា គឺស្របគ្នា។

គួរបញ្ជាក់ថា លោក Sergey Shoigu រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបានអញ្ជើញទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអង្គារ សប្តាហ៍នេះ។ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន RT ដោយបាន ដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា គណៈប្រតិភូរុស្ស៊ីធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែកក្កដា ដើម្បី “ចូលរួមក្នុងពិធីបុណ្យក្នុងឱកាសខួបលើកទី៧០ នៃជ័យជំនះរបស់ប្រជាជនកូរ៉េ”។

សេចក្តីថ្លែងការណ៍បានបន្ថែមថា «ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងទំនាក់ទំនងយោធារុស្ស៊ី-កូរ៉េខាងជើង ហើយនឹងក្លាយជាដំណាក់កាលដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»៕ ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner