និស្សិតក្រីក្រដែលបានទទួលអាហាររូបករណ៍ ពីគម្រោងរេដបូក បង្ហាញក្តីសង្ឃឹម ពីការកសាងជីវិតបែបថ្មី

ភ្នំពេញ៖ តាមរយៈអាហាររូបករណ៍ពីតម្រោងរេដបូក (REDD+) នៃតំបន់ជួរភ្នំក្រវាញខាងត្បូងបានធ្វើឱ្យក្លាយជាក្តីសង្ឃឹមថ្មីសម្រាប់ប្រជាសហគមន៍រស់នៅតាមទីជនបទដាច់ស្រយាល ដែលពុំមានលទ្ធភាពបន្តសិក្សាឬបញ្ជូនកូនទៅសិក្សានៅរាជធានីភ្នំពេញ ។ វាកំពុងបានធ្វើឱ្យក្តីសង្ឃឹមរបស់ពួកគេក្លាយជាការពិត ។
       
គួរបញ្ជាក់ថា និស្សិតមកពីគ្រួសារដែលមានជីវភាពខ្វះខាត ហើយចាំបាច់ត្រូវតែជាអ្នករស់នៅក្នុងតំបន់គោលដៅដោយទទួលបានឱកាសសម្រាប់ការសិក្សារយៈពេល ៤ឆ្នាំ នៅរាជធានីភ្នំពេញ ។
       
យុវជន ថន ខាក់ រស់នៅក្នុងតំបន់ដាច់ស្រយាល នាភូមិអូរសោម ឃុំអូរសោម ស្រុក វាលវែង ខេត្ត ពោធិ៍សាត់ ។ បច្ចុប្បន្នយុវជន រូបនេះ កំពុងសិក្សា លើជំនាញវិទ្យាសាស្ត្រកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម រាជធានីភ្នំពេញ ។
   
យុវជន ថន ខាក់ បានប្រាប់ថាតាមរយៈអាហារូបករណ៍នេះគេបានផ្តល់ទាំងតម្លៃសិក្សា និង ពិសេស ថែមទាំងផ្ដល់ថវិការ ១៥០ដុល្លារក្នុងមួយខែ ,កន្លែងស្នាក់នៅ សម្លៀកបំពាក់ ប័ណ្ណធានារ៉ាប់រងសុខភាព សម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារៈសិក្សា ថ្លៃសាំង និងរបស់ប្រើប្រាស់ផ្សេងៗ ។
        
ក្រោយបញ្ចប់សិក្សាយុវជនរូបនេះសង្ឃឹមថា នឹងយកចំណេះវិជ្ជាមកជួយដល់សហគមន៍ និងក៏ដូចជាជួយក្រុមគ្រួសារដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ផ្លាស់ប្តូរជីវិតថ្មីរបស់ពួកខ្លួន ។
  
លោក ថន ខាក់ ជាឱពុកយុវជនរូបនេះបានបញ្ជាក់ប្រាប់ដែរថា បើពុំមានអាហាររូបករណ៍នេះទេ ពិតណាស់លោកពុំមានលទ្ធភាពឱ្យកូនបន្តសិក្សានៅរាជធានីភ្នំពេញឡើយ ។ លោកពិតជាសប្បាយចិត្តណាស់ និងសង្ឃឹមថា កូនរបស់លោកនឹងកសាងខ្លួនមួយដ៏ល្អសម្រាប់ជីវិតនៅថ្ងៃអនាគតពុំខាន ។
        
ដោយឡែកប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ឯណោះវិញក៏ពុំខុសគ្នាដែរ បានបង្ហាញក្តីសប្បាយចិត្ត និង សង្ឃឺមថាកូនៗរបស់ខ្លួនដែលបានបន្តសិក្សាថ្នាក់ឧត្តមសិក្សានឹងមានអនាគតភ្លឺស្វាងជាងពួកគាត់ដែលពុំធ្លាប់បានសិក្សារៀនសូត្រជ្រៅជ្រះ និងពិសេសអ្នកខ្លះពុំបានទទួលការរៀនសូត្រផង ។
         
និស្សិតចំនួន ៦រូបក្នុងចំណោមនិស្សិតដទៃទៀតនៅសហគមន៍អេកូទេសចរណ៍ជីផាត បាននិងកំពុងបន្តសិក្សានៅសាលវិទ្យាល័យក្នុងរាជធានីភ្នំពេញតាមរយៈការទ្រទ្រង់ថវិការស្ទើរទាំងស្រុងពី អង្គការ សម្ព័ន្ធមិត្តសត្វព្រៃ(WA) ។
      
អ្នកស្រី ស៊ីង សុវណ្ណតេវ ប្រជាពលរដ្ឋរស់នៅឃុំជីផាត បានបញ្ជាក់ប្រាប់ថា ៖ អ្នកស្រីពិតជារីករាយក្នុងនាមជាម្តាយដែលកូនបានបន្តសិក្សានៅថ្នាក់សាកលវិទ្យាល័យ ហើយបើគ្មានអាហាររូបករណ៍នេះទេ អ្នកស្រីពិតជាមិនមានលទ្ធភាពឱ្យកូនទៅរៀនថ្នាក់សាកលវិទ្យាល័យឡើយព្រោះថាការចំណាយទាំងស្រុង គឺជាបន្ទុករបស់អង្គការ ។
   
លោក ទុយ ហុង ដែលជាគ្រូបង្រៀនមួយរូបដែរបានប្រាប់ដូចគ្នានេះថា ដោយសារជីវភាពខ្សត់ខ្សោយពលរដ្ឋភាគច្រើនពុំមានលទ្ធភាពអាចបញ្ជូនកូនៗបន្តការសិក្សានៅរាជធានីភ្នំពេញទេ ។ តាមរយៈអាហាររូបករណ៍នេះធ្វើឱ្យកូនអ្នកក្រីក្រអាចបន្តរៀនសូត្រយកថ្នាក់សាកលវិទ្យាល័យ ដែលនេះគឺជារឿងមួយល្អខ្លាំងណាស់សម្រាប់ពួកគាត់ ។
     
ទាក់ទិនក្នុងរឿងនេះ លោក ទូច សុផានី ប្រធានគម្រោងអភិវឌ្ឃន៍សហគមន៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹងថា និស្សិតដែលអាចទទួលអាហាររូបករណ៍បាន ចាំបាច់ត្រូវតែជាសិស្សកំពុងរៀនថ្នាក់ទី១២ ឬអតិតសិស្សដែលមានសញ្ញាបត្រទី១២ ។ ក្នុងរយៈពេល ៤ឆ្នាំមកនេះ ពោលគឺចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣នេះយើងបានធ្វើការជ្រើសរើសនិស្សិតអាហាររូបករណ៍សរុបទាំងអស់ ១៦រូប ក្នុងនេះនៅឃុំជីផាតបានទទួលអាហាររូបករណ៍ចំនួន ៦រូប មាននិស្សិតជំនាន់ទី១ ដល់ជំនាន់ទី៣ ។
      
ដោយឡែក លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថាគម្រោងរេដបូកបានជួយការពារព្រៃឈើ ជួយដល់សហគមម៍និងទី៣កសាងសមត្ថភាព ។ កិច្ចការពារព្រៃឈើគឺទេសចរណ៍ផ្សារភ្ជាប់ទឹកដី សម្រាប់ការជួយសហគមន៍វិញគឺជួយឱ្យជីវភាពធូរធាក្នុងនេះផ្តល់ទាំងផ្លូវ ទឹក ពូជសត្វចិញ្ចឹម ដំណាំ និងពិសេសបានផ្តល់រហូតដល់អាហាររូបករណ៍ដល់កូនៗពួកគាត់បានបន្តសិក្សាថ្នាក់ៗសាកលវិទ្យាល័យថែមទៀតដើម្បីឱ្យពួកគាត់មានចំណេះដឹងជួយកសាងសហគមន៍ក៏ដូចជាប្រទេសជាតិ ៕ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner