សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនាយករដ្ឋមន្ត្រីចិន សម្រាប់ការអបអរសាទរលើជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនាយករដ្ឋមន្ត្រីចិន សម្រាប់ការអបអរសាទរលើជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច។ នេះបើតាមសារលិខតរបស់សម្ដេចតេជោ ផ្ញើជូនឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី សាធារណរដ្ឋប្រជាមានិតចិន ដែលទទួលបាននៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ។

ក្នុងសារលិខត្តមានខ្លឹមសារដូច្នេះថា៖ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងក្រៃលែងជូន ឯកឧត្តម សម្រាប់ការអបអរសាទរយ៉ាងកក់ក្តចំពោះ ជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ០៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងការវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលក្នុងប្រទេសកម្ពុជា នាឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់ខ្ញុំ។

ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដោយមើលឃើញថា ទំនាក់ទំនងដ៏យូរលង់ និងកិច្ចសហ ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បន្តរីកចម្រើនទៅមុខ និងបាន វិវឌ្ឍទៅជាមិត្តភាពដែកថែប។ សូមធានាចំពោះឯកឧត្តមថា នៅក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះ គោល នយោបាយរបស់កម្ពុជាចំពោះប្រទេសចិន គឺមិនផ្លាស់ប្តូរឡើយ ដោយផ្អែកលើមិត្តភាពជាប្រពៃណី ការ ជឿជាក់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ដោយប្រទេសទាំងពីរ កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំ មិត្តភាពកម្ពុជា-ចិន ខ្ញុំសូមបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តដ៏មុតមាំ ក្នុងការធ្វើការជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពន្លឿនកិច្ចប្រឹងប្រែងរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ដើម្បីជាផល ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក ។

សូមឯកឧត្តម ទទួលនូវការគោរពរាប់អានពីខ្ញុំ ព្រមទាំងសូមជូនពរឯកឧត្ដម បន្តមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច។ ហ៊ុន សែន ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner