សម្ព័ន្ធសហជីពជាតិ ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ សម្ព័ន្ធសហជីពជាតិ (NTUC) ប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយដ៏ឧដុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការបន្តវេននាយករដ្ឋមន្ត្រីថ្មី ដែលនឹងត្រូវបន្តជូនទៅឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នីតិកាលទី៧ នៃរដ្ឋសភា ខាងមុននេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត។

យើងខ្ញុំដែលជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សម្ព័ន្ធសហជីពជាតិ ក៏ដូចជាកម្មករ និយោជិត និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បាននឹងកំពុងរីករាយ ទន្ទឹងរងចាំស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ នាយករដ្ឋមន្ត្រីបន្តវេនថ្មី ដែលជាយុវជនឆ្នើម ក្នុងបេះដូងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជន យុវតី។ ម្យ៉ាងទៀត ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវជន ដែលមានសមត្ថភាព ពោរពេញទៅដោយចំណេះដឹង បទពិសោធន៍ ទាំងការងារសង្គម ការទូត សេដ្ឋកិច្ច នយោបាយ និងជាពិសេសជំនាញក្នុងវិស័យការពារជាតិ ជាដើម ដែលអាចដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍ បែបសម័យទំនើប ជាមួយនឹងភាពឈ្លាសវៃ រហ័សរហួន ម៉ឹងម៉ាត់ និងភាពចាស់ទុំ ដូចនឹងសម្ដេចតេជោ ហ៊ុន សែន ផងដែរ។

សម្ពន័្ធសហជីពជាតិ និងសមាជិក សមាជិកា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានមកពីការបោះឆ្នោតគាំទ្ររបស់ប្រជាជនកម្ពុជាប្រមាណជាង៨០ភាគរយ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅដោយភាពត្រឹមត្រូវ និងយុត្តិធម៌។ យើងខ្ញុំទាំងអស់គ្នា ! សូមផ្ដល់សេចក្តីទុកចិត្តទាំងស្រុង និងគោរពស្រឡាញ់ ជឿជាក់ចំពោះការដឹកនាំបន្តវេនរបស់ឯកឧត្តម ជាពិសេសដើរតាមមាគ៌ារបស់សម្ដេចតេជោ ក្នុងការរក្សាស្ថេរភាព នយោបាយឈ្នះៗ និងរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ គឺជាសេចក្តីប្រាថ្នា របស់ប្រជាជនកម្ពុជាគ្រប់រូប៕

ads banner