អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស៖ «ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ជាសមិទ្ធផលដ៏ធំធេងសម្រាប់កម្ពុជា»
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការក្រោមចំណងជើងថា «ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ជាសមិទ្ធផលដ៏ធំធេងសម្រាប់កម្ពុជា»។
វីដេអូនេះ បានបង្ហាញអំពីដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី៧ កាលពីថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ថាបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរ ស្ងប់ស្ងាត់ គ្មានអំពើហិង្សា និងគ្មានភាពមិនប្រក្រតីណាមួយបានកើតឡើងនោះឡើយ។ ខ្លឹមសារវីដេអូ បានបញ្ជាក់ថា អត្រានៃប្រជាពលរដ្ឋដែលបានចូលរួមបោះឆ្នោតមានចំនួនច្រើនលើសលប់ គឺរហូតដល់ទៅ ៨៤,៥៩ភាគរយឯណោះ។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានចាត់ទុកដំណើរការបោះឆ្នោតនេះថា ជាការបោះឆ្នោតមួយ ដែលបានកើតឡើងយ៉ាងល្អក្នុងបរិយាកាស សុខសន្តិភាព និងជោគជ័យដែលឆ្លុះបញ្ចាំងអំពីប្រជាធិបតេយ្យ សេរី ពហុបក្ស យ៉ាងពិតប្រាកដ។ ការបោះឆ្នោតឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅដោយរលូន និងស្ថិតនៅក្រោមក្រសែភ្នែករបស់អ្នកសង្កេតការណ៍ជាតិជិត៩ម៉ឺននាក់ និងអ្នកសង្កេតការណ៍អន្តរជាតិមកពី៦៥ប្រទេស និងស្ថាបន័អន្តរជាតិ។
គណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួតប្រជែងយ៉ាងសកម្ម ដើម្បីដណ្តើមយកអាសនៈនៅក្នុងរដ្ឋសភា។ លទ្ធផលបណ្តោះអាសន្នក្រៅផ្លូវការបានបង្ហាញថា មានគណបក្សនយោបាយចំនួន២ បានទទួលអាសនៈក្នុងរដ្ឋសភា ក្នុងនោះ គឺគណបក្សប្រជាជនកម្ពុជាឈ្នះដាច់ ដោយទទួលអាសនៈក្នុងរដ្ឋសភាបាន ចំនួន១២០អាសនៈ និងគណបក្សហ៊្វុនស៊ីនប៉ិច ទទួលបាន៥អាសនៈ។ ដូច្នេះ រដ្ឋសភា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នេះ គឺជារដ្ឋសភាពហុបក្ស ដែលប្រជាពលរដ្ឋខ្មែរបាន សម្រេចជ្រើសរើសតាមរយៈសន្លឹកឆ្នោត។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភា ឆ្នាំ២០២៣នេះ គឺជាសមិទ្ធផលដ៏ធំធេង និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់ព្រះរាជាណាចក្រកម្ពុជាក៏ដូចជាសម្រាប់ប្រជាពលរដ្ឋខ្មែរ៕