មន្រ្តីនៃស្ថាប័នជំនាញកំពុងស៊ើបអង្កេតករណីពុលស្រាថ្នំាបណ្ដាលឱ្យមនុស្សបីនាក់ រងគ្រោះនៅខេត្តកំពង់ឆ្នាំង

អត្ថបទដោយ៖
CPA

កំពង់ឆ្នាំង៖ មន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» មន្រ្តីនៃសាខាខេត្តកំពង់ឆ្នាំង មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីសុខាភិបាលខេត្ត និងអាជ្ញាធរដែនដី បានចុះស៊ើបអង្កេតករណីពុលស្រារថ្នាំនៅខេត្តនេះ បន្ទាប់មានមនុស្សបីនាក់រងគ្រោះ ហើយរកឃើញថាពុលស្រា និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣
ស្ថាប័នជំនាញខាងលើ បានចុះអង្កេតករណីពុលស្រារថ្នាំ នៅភូមិត្រពាំង៣ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ តាមរយៈសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការស៊ើបសួរ ព័ត៌មានពីជនរងគ្រោះពុលស្រាថ្នាំចំនួនបីនាក់ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដែលមានអាការៈដូចជា ឈឺក្បាល ស្រវាំងភ្នែង ណែនទ្រូង ពិបាកដកដង្ហើម ក្អួត ក្រោយពីបានបរិភោគអាហារ និងស្រាថ្នាំដែលទិញពីផ្ទះលក់ស្រាក្នុងភូមិ អស់ប្រហែលកន្លះលីត្រ។

អគ្គនាយកដ្ឋានក.ប.ប បានបញ្ជាក់បន្ថែមថា៖ «បន្ទាប់ពីចុះអង្កេតករណីពុលស្រារថ្នាំ មន្ត្រីយើងក៏បានសួរព័ត៌មាននៅអធិការដ្ឋាននគបាលក្រុងកំពង់ឆ្នាំង និងយកគំរូ ស្រាថ្នាំដែលសល់ពីជនរងគ្រោះផឹក និងស្រាស ស្រាថ្នាំដែលបានដកយកពីទីតាំងលក់ស្រានោះ។ក្នុងនោះបានដកយកសំណាកគំរូស្រាថ្នាំសល់ពីជនរងគ្រោះផឹក ចំនួន០.១៨លីត្រនិងស្រាស ចំនួន ០.២៥លីត្រ និងស្រាថ្នាំ ០.២៥លីត្រ ផ្សេងទៀត ដើម្បីយកមកមន្ទីរពិសោធន៍លម្អិតនៅអគ្គនាយកដ្ឋាន ក.ប.ប. ស្វែងរកសារធាតុផ្សំផ្សេងៗ ដែលបណ្តាលឱ្យមានករណីពុលនេះកើតឡើង»។

ពាក់ព័ន្ធករណីនេះ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក ប្រាក់ វ៉ុន នៅថ្ងៃទី២៧ ខែកក្កដា បានឱ្យដឹងបន្ថែមទៀតថា ក្រោយពីមានករណីនេះកើតឡើង មន្ទីរពាក់ព័ន្ធនៅខេត្តកំពង់ឆ្នាំង បានចាត់វិធានការភ្លាមៗ ដោយនាំយកជនរងគ្រោះទាំងបីនាក់នោះ មកព្យាបាលនៅមន្ទីពេទ្យ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏បានចុះពិនិត្យ ស្រាវជ្រាវ និងត្រួតពិនិត្យកន្លែងលក់ស្រា និងប្រមូលវត្ថុសំណាក និងចុះអប់រំប្រជាពលរដ្ឋនៅក្នុងភូមិ ដើម្បីទប់ស្កាត់ករណីនេះបន្ទាន់។

លោកបានបញ្ជាក់ទៀតថា៖« ក្រោយចាត់វិធានការពីមន្រ្តីពាក់ព័ន្ធបានទាន់ពេលលើករណីនេះរួចមក ឃើញថា បច្ចុប្បន្នអ្នកជំងឺទាំងបីនាក់នោះ បានធូរស្បើយហើយ ដែលអាចនឹងអនុញ្ញាតឱ្យចាកចេញពីមន្ទីពេទ្យយ៉ាងយូរនៅល្ងាចថ្ងៃនេះ ឬនៅថ្ងៃស្អែក»។

ដោយឡែកជុំវិញលទ្ធផលស្រាវជ្រាវវត្ថុសំណាកលើការពិនិត្យលើជាតិមេតាណុលដែលមាននៅក្នុងស្រានេះ នឹងទទួលបានលទ្ធផលច្បាស់លាស់យ៉ាងយូរក្នុងរយៈមួយសប្តាហ៍ទៀត ខណៈបច្ចុប្បន្នសំណាកទាំងនោះត្រូវបានបញ្ជូនទៅធ្វើការត្រួតពិនិត្យនៅរាជរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់បន្ថែមពីប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក ប្រាក់ វ៉ុន។

ឆ្លៀតឱកាសនេះដែរ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសុខភាព កុំបរិភោគស្រាដែលគ្មានប្រភពច្បាស់លាស់ និងសូមឱ្យអ្នកផលិតស្រាធ្វើការផលិតឱ្យបានត្រឹមត្រូវនិងឆ្លងកាត់ការត្រួតពិនិត្យសារធាតុមេតាណុលឱ្យបានច្បាស់លាស់ ពិសេសនៅពេលមានករណីសង្ស័យពុលស្រាណាមួយ សូមរាយការណ៍មកកាន់អាជ្ញាធរឱ្យបានទាន់ពេល។

ជុំវិញករណីពុលស្រានេះដែរ យោងតាមសេចក្តីប្រកាស​ព័ត៌មាន​របស់​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តរតនគិរី ដែលបានចេញផ្សាយកាលពីថ្ងៃទី​ ៣ ខែកក្កដា ឆ្នាំ ២០២៣ យ៉ាងហោចណាស់ ​មាន​ជន​រងគ្រោះ​ចំនួន ​១០​នាក់បាន​ស្លាប់​ដោយសារ​ករណី​ពុល​ស្រា​ក្នុងចំណោម​អ្នកពុល​សរុប​ចំនួន ១១​ នាក់។ ក្នុងនោះ​មាន​កម្មករនិយោជិត​ចំនួន​ប្រាំនាក់ ធ្វើការ​នៅ​ក្រុមហ៊ុនមួយកន្លែងក្នុងស្រុក​កូន​មុំ៕ អត្ថបទ៖ បូរ ពេជ្រហ្សាលីន

ads banner