ឆមាសទី១ឆ្នាំនេះ មានមនុស្ស៥២នាក់ស្លាប់ និងជាង១៥០នាក់ រងរបួសដោយសារបាតុភូតខ្យល់កន្ត្រាក់ និងរន្ទះបាញ់
ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបន្តអំពាវនាវឱ្យពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាខ្យល់កន្ត្រាក់និងរន្ទះបាញ់ ខណៈត្រឹមរយៈពេល៦ខែនៃឆ្នាំ២០២៣នេះ មានមនុស្សជាង៥០បានស្លាប់ និងជាង១៥០នាក់ផ្សេងទៀតរងរបួស ដោយសារគ្រោះធម្មជាតិ។
អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុន្នី បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី២៥ ខែកក្កដា ថា ក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០២៣ គ្រោះមហន្តរាយនៃធម្មជាតិមានការកើនឡើងច្រើន បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២កន្លងទៅ។គ្រោះថ្នាក់នេះ កើតឡើងដោយសារអាកាសធាតុមានការប្រែប្រួលខ្លាំង បន្ទាប់ពីមានបាតុភូតភ្លៀងធ្លាក់កក់ខែ ដែលលាយឡំជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់បក់បោក ដែលបណ្ដាលឱ្យមានការខូតខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនផងដែរ។
បើតាមលោក សុទ្ធ គឹមកុលមុន្នី ខ្យល់កន្ត្រាក់គិតចាប់ពីខែមករា ដល់ខែមិថុនា បានធ្វើឱ្យមានការខូចខាត និងបាក់រលំផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ១ ៧៤៤ ខ្នង និងខូចខាតមធ្យមមានចំនួន ១០ ៧៥៤ខ្នង, ខូចខាតដំបូលសាលារៀនចំនួន ៧៨អគារ, សាលាឃុំ មន្ទីរពេទ្យ វត្តអារាម និងប៉ុស្តិ៍រដ្ឋបាលចំនួន ២២កន្លែង។
លោកបានថ្លែងថា ៖ «ក្រៅពីនេះទៀត បាតុភូតខ្យល់កន្ត្រាក់នេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សចំនួន ៦នាក់ និងមានអ្នករងរបួសចំនួន ១២០នាក់។ សម្រាប់រយៈពេល៦ខែដើមឆ្នាំនេះ បញ្ហាខ្យល់កន្ត្រាក់បានកើនឡើងច្រើន ជាពិសេសក្នុងខែមេសា និងខែឧសភា»។
អ្នកនាំពាក្យដដែលបានបន្តថា ចំណែកករណីរន្ទះបាញ់ក្នុងរយៈពេល៦ខែឆ្នាំ២០២៣នេះ កើតឡើងនៅរាជធានី-ខេត្តចំនួន២១ ដែលបានធ្វើឱ្យមនុស្សស្លាប់ចំនួន ៤៦នាក់ ក្នុងនោះមានស្ដ្រីចំនួន ៥នាក់ និងកុមារចំនួន ៥នាក់ផងដែរ និងមនុស្សរងរបួសចំនួន ៣៩នាក់ ខូចខាតផ្ទះសម្បែងចំនួន ៥ខ្នង និងស្លាប់គោ ក្របីចំនួន ៧៩ក្បាល។
លោក សុទ្ធ គឹមកុលមុន្នី ថ្លែងថា ៖ «ស្ថានភាពនេះ ខ្ញុំនៅតែអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើងគ្រប់រូបមេត្តាបង្កើនការប្រុងប្រយ័ត្នចៀសវាងពីករណីខ្យល់កន្ត្រាក់ និងករណីរន្ទះបាញ់នេះ ដើម្បីកាត់បន្ថយករណីផលប៉ះពាល់ និងការបាត់បង់អាយុជីវិត ខណៈពេលមានភ្លៀង ឬខ្យល់មក សូមស្វែងរកន្លែងជ្រកដែលមានសុវត្ថិភាព ដើម្បីចៀសផុតពីគ្រោះថ្នាក់ទាំងអស់នេះ»។
ទន្ទឹមនឹងនេះដែរ លោកថា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវតែបន្តតាមដាន និងយកចិត្តទុកដាក់ក្នុងការជូនដំណឹងទៅដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ស្របពេលដែលឆ្នាំនេះ បញ្ហាខ្យល់កន្ត្រាក់បានកើនឡើងច្រើនជាងរាល់ឆ្នាំ ដូច្នេះវិធានការចម្បង គឺការស្វែងរកទីកន្លែងដែលមានសុវត្ថិភាព៕
ដោយ៖ជា សុខនី