ស្ថាប័នរដ្ឋ និងអង្គការដៃគូ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ពាក់ព័ន្ធការសិក្សាពេញមួយជីវិត ដើម្បីប្រមូលធាតុចូល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការដៃគូបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងផែនការសម្មភាពនៃគោលនយោបាយជាតិស្តីពី “ការសិក្សាពេញមួយជីវិត” ក្នុងគោលបំណងស្វែងរកធាតុចូលនិងបង្ហាញពីគោលដៅយុទ្ធសាស្ត្រសកម្មភាពដែលស្ថាប័ននីមួយៗត្រូវអនុវត្ត។

សិក្ខាសាលាខាងលើបានរៀបចំដោយអគ្គលេខាធិការដ្ឋានរបស់គណៈកម្មការជាតិសម្រាប់ការសិក្សាពេញមួយជីវិតនៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមការឧបត្ថម្ភដោយអង្គការDVV International ត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៣។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន គ.ជ.ស.ជ និងឯកឧត្តម ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសមាជិក គ.ជ.ស.ជ។ នេះបើតាមប្រភពក្រសួងអប់រំ។

គោលបំណងនៃសិក្ខាសាលា គឺដើម្បីបង្កើនការយល់ដឹងពីគោលនយោបាយ និងពិភាក្សាលើសេចក្ដីព្រាងផែនការសកម្មភាព ពិនិត្យមើលលើគោលដៅ យុទ្ធសាស្ត្រ សកម្មភាពសំខាន់ៗឱ្យមានលក្ខណៈបន្ស៊ីគ្នា និងកំណត់សកម្មភាពឱ្យស្ថាប័នពាក់ព័ន្ធយកទៅអនុវត្តតាមដំណាក់កាលដើម្បីសម្រេចបានគោលដៅដែលបានដាក់ចេញ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះឯកឧត្តម ណុះ ស្លេះ បានចាត់ទុកអង្គសិក្ខាសលានេះពិតជាមានសារៈសំខាន់សម្រាប់ការជជែកពិភាក្សាស្វែងរកធាតុចូលសំខាន់ៗដើម្បីដាក់ចេញជាគោដៅយុទ្ធសាស្ត្រ សកម្មភាព សមស្របតាមក្រុមមុខសញ្ញាដែលទទួលផលពីគោលនយោបាយជាតិ ស្ដីពីការសិក្សាពេញមួយជីវិត។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការយូណេស្កូ (UNESCO) អង្គការ DVV International និងដៃគូអភិវឌ្ឍន៍នានា ដែលបានផ្ដួចផ្ដើមកសាងគោលនយោបាយជាតិ ស្ដីពីការសិក្សាពេញមួយជីវិត និងផែនការសកម្មភាពនាពេលកន្លងមក។

ក្រសួងអប់រំ បានគូសបញ្ជាក់ថា ការសិក្សាពេញមួយជីវិតបានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់ការអប់រំ ហើយក៏ជាឧបករណ៍ ដែលមានប្រយោជន៍សម្រាប់ទទួលបានសិទ្ធិសេរីភាព ភាពសប្បាយរីករាយ និងឆ្លើយតបទៅនឹងបម្រែបម្រួលនៃតម្រូវការទីផ្សារការងារ ពិសេសភាពចាំបាច់នៃការសិក្សារបស់ពលរដ្ឋគ្រប់រូបនៅគ្រប់កាលៈ ទេសៈផងដែរ។

ក្រសួងបន្តថា៖«ការសិក្សាពេញមួយជីវិត ជាដំណើរការរៀនសូត្រទាំងនៅក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិន ផ្លូវការ ពេញមួយជីវិតរបស់មនុស្ស ដើម្បីអភិវឌ្ឍវិជ្ជាសម្បទា បំណិនសម្បទា ក្លាយជាពលរដ្ឋល្អ និងចេះ រួមរស់ជាមួយគ្នាក្នុងសុខសន្តិភាព និងប្រកបដោយសុខដុមរមនា នៅក្នុងសង្គមពុទ្ធិ»៕ ដោយ៖ សុខ រក្សា

ads banner