ក្រុមត្រួតពិនិត្យ នៃ គ.ជ.ប មិនបានរកឃើញកំហុស ឬ ភាពមិនប្រក្រតីណាមួយពាក់ព័ន្ធ នឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗនោះឡើយ

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)បានរៀបចំការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវលើលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ស្របតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នេះ បានធ្វើឡើងនៅទីស្តីការ គ.ជ.ប ដោយមានការចូលរួមសង្កេតមើល ពីតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន ។

ក្រុមត្រួតពិនិត្យលទ្ធផល នៃ គ.ជ.ប ត្រូវបែងចែកជា ៥ ក្រុម ដោយក្រុមនីមួយៗទទួល បន្ទុកចំនួន ៥ មណ្ឌលបោះឆ្នោត និងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផល នៃការបោះឆ្នោត ម្តងមួយមណ្ឌលៗ យ៉ាងល្អិតល្អន់ តាមប្រមាណវិធីដោយដៃ និងប្រព័ន្ធកុំព្យូទ័រ ។ ដំណើរការនេះបានប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ ។

ជាលទ្ធផល ក្រុមត្រួតពិនិត្យ មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធ នឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗ ដែលគណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ បានបញ្ជាក់ ក្នុងតារាងត្រួតពិនិត្យលទ្ធផលនៃការ បោះឆ្នោត ក្នុងឃុំ សង្កាត់ (ទ១១១៦តព) តារាងបូកសរុបលទ្ធផល នៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១០) កំណត់ហេតុបូកសរុបលទ្ធផល នៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ១១១១) និង ក្រដាសលទ្ធផល នៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ១១១៤) ឡើយ ។

បន្ទាប់ពីបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវរួចរាល់ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវដាក់ជូនថ្នាក់ដ គ.ជ.ប ពិនិត្យ និងសម្រេច ដើម្បីធ្វើការប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ន ស្របតាមប្រតិទិននៃការបោះឆ្នោត ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner