ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសកូរ៉េ ចុះជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសកូរ៉េ បានសម្តែងការកោតសរសើរដល់ខេត្តកំពង់ឆ្នាំង ដែលមានការអភិវឌ្ឍច្រើនជាងបណ្ដាឆ្នាំមុនៗ។ ក្រុមគ្រូពេទ្យថ្លែងបែបនេះ ក្នុងឱកាសចុះជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងជាថ្មីម្តងទៀត ដោយយកមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ធ្វើជាកន្លែងព្យាបាល ចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។ លោកវេជ្ជបណ្ឌិត គីម មីយុនស៊ីន ប្រធានក្រុមដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសកូរ៉េ បានឲ្យដឹងថា ពួកគាត់មកពីទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េ មកជួយព្យាបាលប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងនេះជាលើកទី៤ហើយ និងបានកត់សម្គាល់ថា មកលើកនេះ ឃើញខេត្តកំពង់ឆ្នាំង ពិតជាមានការរីកចម្រើនមែន។
ក្រុមគ្រូពេទ្យរបស់ពួកគាត់មកប្រទេសកម្ពុជា និងចុះមកព្យាបាលអ្នកជំងឺនាពេលនេះ មានក្រុមគ្រូពេទ្យ មានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ដោយបានធ្វើការបែងចែកជា២ក្រុម ក្នុងនោះមួយក្រុមព្យាបាលជំងឺទូទៅ និងមួយក្រុមព្យាបាលជំងឺធ្មេញ។ ការព្យាលបាលជំងឺធ្មេញ គឺធ្វើឲ្យអ្នកដែលគ្មានធ្មេញ និងមានធ្មេញប្រើប្រាស់ ចំណែកធ្មេញខ្លះខូចខាត គឺយើងប៉ះព្យាបាលឲ្យជិតដូចដើម។ ពួកគាត់ចង់ឲ្យប្រជាពលរដ្ឋកម្ពុជាមានសុខភាពល្អទាំងជំងឺទូទៅ និងជំងឺមាត់ធ្មេញ។ ក្នុងរយៈពេលព្យាបាល៥ថ្ងៃនេះ សង្ឃឹមថានឹងមានប្រជាពលរដ្ឋមកទទួលការព្យាបាលច្រើន និងទទួលបានសុខភាពល្អ បន្ទាប់ពីទទួលការព្យាបាលពីក្រុមគ្រូពេទ្យរបស់ពួកគាត់។
ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរូបនោះ បានបញ្ជាក់បន្ថែមថា ជានិច្ចជាកាល ឲ្យតែមកដល់ប្រទេសកម្ពុជា ពួកគាត់ក៏មិនភ្លេចទៅទស្សនាប្រាសាទអង្គរវត្ត ដែលជាមរតក យ៉ាងមានតម្លៃ របស់បុព្វបុរសខ្មែរ នៅខេត្តសៀមរាបផងដែរ។ ជាងនេះទៅទៀត នៅពេលពួកគាត់មកប្រទេសកម្ពុជាម្ដងៗ ពួកគាត់មានសេចក្តីរីករាយសប្បាយចិត្ត ព្រោះបានព្យាបាលអ្នកជំងឺដោយផ្ទាល់ដៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃប្រទេសកូរ៉េផង និងបានទស្សនាប្រាសាទអង្គរវត្តផង ដោយបានចាត់ប្រទេសកម្ពុជា ប្រៀបបាននឹងប្រទេសរបស់គាត់ដែរ។ ជាចុងក្រោយ លោកសូមអំពាវនាវឲ្យប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង អញ្ជើញមកព្យាបាលជំងឺដោយឥតគិថ្លៃ ឱ្យបានច្រើន និងចូលរួមលេងហ្គេមសប្បាយ ទទួលបានរង្វាន់បន្ថែមផងដែរ។
គួរបញ្ជាក់ដែរថា កាលពីរសៀលថ្ងៃទី១ ខែសីហា មានប្រជាពលរដ្ឋបានមកទទួលការព្យាបាល មានចំនួនច្រើន ហើយម្នាក់ៗមានទឹកចិត្តសប្បាយរីករាយត្រេកអរក្រៃលែង ព្រោះបើតាមតម្លៃនៃការដាក់
ធ្មេញរបស់ពេទ្យឯកជនមានតម្លៃថ្លៃណាស់ តែនេះបានដោយសប្បុរសធម៌៕ធ.ដ
ដោយៈ សុខ គឹមសៀន