សម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មានរៀបចំពិធីដាក់ឱ្យប្រើប្រាស់ឡើងវិញនូវអគារសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្ត ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម Mr. Vlastimil TESAR ជាភារធារីស្ដីទីនៃស្ថានទូតសាធារណរដ្ឋឆែក ប្រចាំនៅប្រទេសកម្ពុជា ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោក មែនហ្វ្រិត ស្តាអាប នាយកបេសកកម្មអង្គការ ការីតាស់ឆែក និងគណអធិបតីភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សមាជិកសមាជិកា បុគ្គលិកមន្ទីរសុខាភិបាល និងប្រជាពលរដ្ឋជាច្រើននាក់អញ្ជើញចូលរួមផងដែរ។
ដោយពិនិត្យឃើញពីសកម្មភាពអតិថិជនដែលមកទទួលសេវាព្យាបាលមានការកើនឡើង និងដើម្បីឈានទៅធ្វើការពង្រីកគុណភាពក្នុងការផ្ដល់សេវាឲ្យបានល្អប្រសើរ អគារសម្ភព និងរោគស្ត្រីខាងលើនេះ ត្រូវបានកែលម្អ និងបំពាក់បរិក្ខារថ្មីៗបន្ថែម ក្រោមការឧបត្ថម្ភថវិកាពីសាធារណរដ្ឋឆែកតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆែក និងអនុវត្តគម្រោង ដោយអង្គការ ការីតាស់ សាធារណរដ្ឋឆែក ជាមួយការីតាសកម្ពុជា ដោយចាប់ផ្ដើមធ្វើការសាងសង់ និងជួសជុលចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ លើទំហំអាគារ៣៨ម៉ែត្រ គុណនឹង២៣ម៉ែត្រ មានចំនួន១៧បន្ទប់ និងបន្ទប់អនាម័យចំនួនពីរបន្ទប់ បំពាក់សម្ភារបរិក្ខារពេទ្យចំនួន១៦មុខ ព្រមទាំងបានបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់មន្ត្រីសុខាភិបាលចំនួន១៥រូប ដែលគម្រោងទាំងអស់នេះ បានចំណាយនូវថវិកាសរុបចំនួន១៥០,៨០២ដុល្លារអាម៉េរិក។
ក្នុងឱកាសនោះ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា គម្រោងនេះ បានធ្វើឲ្យប្រសើរឡើងនូវគុណភាពសេវាថែទាំសុខភាពមាតា និងទារកគឺមានសារសំខាន់ណាស់ ប្រជាពលរដ្ឋនឹងទទួលបានសេវាថែទាំសុខភាពដែលមានគុណភាពខ្ពស់។ មានសុវត្ថិភាព និងការពេញចិត្ត ដោយមានបរិស្ថានការងារល្អ ជួយពង្រីកកន្លែងដើម្បីផ្ដល់សេវាជាពិសេសទាក់ទងនឹងការគ្រប់គ្រងការចម្លងរោគ អនាម័យ ទឹកស្អាត និងការគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្តជាដើម។
ក្នុងនោះដែរ លោកក៏បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ចំពោះការគាំទ្រយ៉ាងខ្លាំងក្លាកន្លងមក ហើយលោកសង្ឃឹមថា នឹងបន្តសម្រេចនូវលទ្ធផលដ៏ល្អបំផុតនៃគម្រោងជាបន្តទៀត តាំងនាមថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងបុគ្គលិកមន្ត្រីរាជការ។ លោកសូមថ្លែងអំណរគុណជាពិសេសដល់ម្ចាស់ជំនួយ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សាធារណរដ្ឋឆែក អង្គការការីតាស់ សាធារណរដ្ឋឆែក និងអង្គការការីតាស់កម្ពុជា សម្រាប់ការគាំទ្រនូវគម្រោងដ៏ថ្លៃថ្លានេះ។
ក្នុងនោះដែរ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋ និងប្រជាជនឆែកតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆែក ដែលបានផ្ដល់ជំនួយឧបត្ថម្ភដល់គម្រោងសាងសង់ និងបំពាក់បរិក្ខារពេទ្យដល់មន្ទីរសម្ភព និងរោគស្ត្រីនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយអនុវត្តន៍គម្រោង ដោយអង្គការការីតាស់កម្ពុជា ហើយបានចំណាយនូវថវិកាដ៏សន្ធឹកបន្តការថែទាំសុខសភាពមាតាទារក កុមារនេះ ដោយក្តីរីករាយយ៉ាងក្រៃលែង៕ធ.ដ
ដោយៈ សុខ គឹមសៀន