ទិវាឧទ្យានុរក្សពិភពលោកដើម្បីរំឭកពីតួនាទីនិងភារកិច្ចដ៏សំខាន់របស់មន្ត្រីឧទ្យានុរក្សក្នុងកិច្ចការងារការពារ និងអភិរក្ស
ភ្នំពេញ៖ក្នុងឱកាសនៃការអបអរសាទរទិវាឧទ្យានុរក្សពិភពលោក ក្រសួងបរិស្ថានបានសម្ដែងការអរគុណដល់ក្រុមគ្រួសាររបស់មន្ត្រីឧទ្យានុរក្ស និងមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលបានបំពេញតួនាទី និងលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ដើម្បីបុព្វហេតុធម្មជាតិ និងបរិស្ថាន។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានឯកឧត្តម នេត ភក្ត្រា បានប្រាប់ឱ្យដឹងថា ក្រសួងបរិស្ថានបានចូលរួមអបអរសាទរទិវាឧទ្យានុរក្សពិភពលោកថ្ងៃទី៣១កក្កដាដែលសំដៅការរំឭកឡើងវិញនូវតួនាទី និងភារកិច្ចដ៏សំខាន់របស់មន្ត្រីឧទ្យានុរក្សក្នុងកិច្ចការងារការពារ និងអភិរក្ស ពិសេសកិច្ចការលះបង់របស់មន្ត្រីឧទ្យានុរក្ស ដើម្បីបុព្វហេតុធម្មជាតិ និងបរិស្ថាន។
ឯកឧត្តមបានបន្តថា ៖ «ប្រជាជនកម្ពុជា សូមអរគុណទៅដល់មន្ត្រីឧទ្យានុរក្សទាំងអស់ ដែលបានបំពេញតួនាទី ភារកិច្ចនៅក្នុងតំបន់ការពារធម្មជាតិនានា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ក្នុងការបំពេញតួនាទីលើកិច្ចអភិរក្សធនធានធម្មជាតិ»។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ៖ «ការងារជាឧទ្យានុរក្សនេះ មានការលំបាក និងប្រឈមជាមួយនឹងគ្រោះថ្នាក់ ប៉ុន្តែមន្រ្តីឧទ្យានុរក្សទាំងបុរស និងស្រ្តី មានភាពក្លាហាន និងមិនបោះបង់ការងារល្បាតជាប្រចាំនៅតាមតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជានោះឡើយ»។
បច្ចុប្បន្ននេះ កម្ពុជាមានមន្ត្រីឧទ្យានុរក្សប្រមាណជាង ១ ២០០ នាក់ ដែលបានកំពុងការពារ និងអភិរក្សធនធានធម្មជាតិក្នុងទំហំផ្ទៃដីប្រមាណ ៧,៣ លានហិកតានៅទូទាំងប្រទេស។
ឯកឧត្តម នេត ភក្ត្រា ថ្លែងថា ៖ «ក្នុងនាមជាក្រសួងបរិស្ថាន យើងខ្ញុំសូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះឪពុកម្ដាយ ប្រពន្ធកូន របស់បងប្អូនជាមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលបានលះបង់កូនចៅ ដើម្បីឱ្យមកបំពេញការងារជាមន្ត្រីឧទ្យានុរក្សក្នុងការការពារធនធានធម្មជាតិរបស់យើងឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត»។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមរបស់មន្ត្រីឧទ្យានុរក្សក្នុងការការពារធនធានធម្មជាតិឱ្យមានលក្ខណៈល្អប្រសើរ ដូច្នេះហើយធ្វើឱ្យកម្ពុជា អាចទាញយកចំណូលពីការអភិរក្សរបស់ខ្លួនដោយការលក់ឥណទានកាបូន និងដោយការផ្ដល់ចំណូលដល់សហគមន៍ និងសេដ្ឋកិច្ចជាតិតាមរយៈទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិផងដែរ។ នេះបើតាមការលើកឡើងបន្ថែមពីឯកឧត្តម នេត្រ ភក្ត្រា។
ដោយឡែក លោក អូត ឡាទីន មន្ត្រីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) ក៏បានសម្ដែងការអរគុណដល់មន្ត្រីឧទ្យានុរក្សដែលពួកគាត់បានលះបង់ពេលវេលា កម្លាំងកាយ និងកម្លាំងចិត្តក្នុងការខិតខំថែរក្សាការពារ ធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងការសម្ដែងការអរគុណដល់មន្ត្រីឧទ្យានុរក្ស លោកក៏សំណូមពរទៅកាន់មន្ត្រីឧទ្យានុរក្សទាំងអស់ផងដែរ ដោយស្នើឱ្យមន្ត្រីឧទ្យានុរក្ស ត្រូវធ្វើយ៉ាងណាប្រកាន់ភ្ជាប់នូវការទទួលខុសត្រូវលើការងាររបស់ខ្លួន ហើយត្រូវធ្វើការប្ដេជ្ញាចិត្តឱ្យបានខ្ពស់ក្នុងការអនុវត្តច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដើម្បីបន្តនូវបេកសកកម្មការពារធនធានធម្មជាតិ ដូចជាករណីតំបន់ព្រៃឡង់ តំបន់ព្រៃព្រះរកាជាដើម។
លោក អូត ឡាទីន ថ្លែងថា ៖ «ខ្ញុំក៏ស្នើឱ្យក្រសួងបរិស្ថាន ធ្វើការពិចារណា និងផ្ដល់ឱកាសឡើងវិញទៅដល់សហគមន៍តំបន់ព្រៃឡង់ និងសហគមន៍តំបន់ព្រៃព្រះរកា ដើម្បីឱ្យពួកគាត់អាចចុះល្បាតធនធានធម្មជាតិ និងអាចធ្វើការចាប់ដៃគូជាមួយមន្ត្រីឧទ្យានុរក្សទៅលើការងារអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ទាំងនោះផងដែរ»។
សូមបញ្ជាក់ផងដែរថា ទិវាឧទ្យានុរក្សពិភពលោក បានប្រារព្ធឡើងចាប់តាំងពីឆ្នាំ២០០៧មក ដោយកំណត់យកថ្ងៃទី៣១ ខែកក្កដា ជារៀងរាល់ឆ្នាំ។ ការចាប់ផ្តើមប្រារព្ធទិវាឧទ្យានុរក្សពិភពលោកលើកដំបូង ត្រូវបានប្រារព្ធឡើងចំថ្ងៃខួបលើកទី១៥ នៃការបង្កើតសហព័ន្ធឧទ្យានុរក្សអន្តរជាតិថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៧។
សម្រាប់ប្រទេសកម្ពុជា ក្រសួងបរិស្ថានបានប្រារព្ធទិវានេះឡើងជាលើកដំបូងនៅឆ្នាំ២០១៧ ដោយមានការចូលរួមពីបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការជាតិនិងអន្តរជាតិ ព្រះសង្ឃ សិស្សានុសិស្ស សហគមន៍មូលដ្ឋាន សាធារណជន និងស្ថាប័នឯកជននានាយ៉ាងច្រើន។
ទិវាឧទ្យានុរក្សពិភពលោក ប្រារព្ធឡើងក្នុងគោលបំណង ផ្តល់គុណតម្លៃនិងលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស ដែលបានតស៊ូលះបង់ និងបូជាជីវិតដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ លើកកម្ពស់ការយល់ដឹងរបស់សាធារណជនពីតួនាទីរបស់មន្រ្តីឧទ្យានុរក្សកម្ពុជា។ ការតស៊ូលះបង់របស់មន្រ្តីឧទ្យានុរក្សក្នុងការថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថានប្រកបដោយសេចក្តីអង់អាចក្លាហាន និងដើម្បី ជំរុញ និងលើកទឹកចិត្តសាធារណជនចូលរួមជាមួយនឹងមន្រ្តីឧទ្យានុរក្ស ដើម្បីការពារនិងគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានប្រកបដោយនិរន្តរភាព៕
ដោយ៖ជា សុខនី