ខួប១៤ឆ្នាំ ការដាក់បណ្ណសារសារមន្ទីរទួលស្លែងក្នុងបញ្ជីស្មារតីចងចាំពិភពលោកនៃអង្គការយូណេស្កូ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃសារមន្ទីរទួលស្លែងបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៣ គឺខួបទី១៤ឆ្នាំហើយដែលបណ្ណសាររបស់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ។
លោក ហង្ស និស្ស័យ ប្រធានការិយាល័យសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង នៅថ្ងៃទី៣១ ខែកក្កដា បានប្រាប់ឱ្យដឹងថា បណ្ណសារសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែងមានឯកសារច្រើន។ ក្នុងនោះរួមមាន ឯកសារចម្លើយសារភាពជនរងគ្រោះ, ប្រវត្ថិរូប, រូបថត, ហ្វីលរូបថត, សៀវភៅកំណត់ហេតុខ្មែរក្រហម និងទស្សនាវត្តីខ្មែរក្រហម ដែលទាំងអស់នោះត្រូវបានចុះទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់យូណេស្កូនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ិដថោន ប្រទេសបារបាដូស (Barbados)។
លោកបានបន្តថា ទោះបីជាឆ្នាំនេះ មិនបានធ្វើកម្មវិធីធំដុំនោះទេ ដើម្បីរម្លឹកខួបរបស់សារៈមន្ទីក្តី ប៉ុន្តែខាងសារមន្ទីរបានបង្ហោះជាសារវីដេអូតាមបណ្តាញសង្គមរបស់សារៈមន្ទីទួលស្លែង ដើម្បីរក្សាស្មារតីចង់ចាំរបស់សារៈមន្ទីនេះ។
លោក ហង្ស និស្ស័យ បានបញ្ជាក់ថា យើងធ្លាប់ធ្វើកម្មវិធីរំលឹកខួបបានតែម្តងប៉ុណ្ណោះ កាលពីឆ្នាំ២០១០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ដោយឡែកឆ្នាំនេះ ក្រុមការងារមានភាពមមាញ្ញឹកច្រើន ទើបយើងអត់បានរៀបចំជាកម្មវិធីតាំងពិព័រណ៌ពីសារៈមន្ទីនោះទេ ប៉ុន្តែយើងនឹងគ្រោងធ្វើកម្មវិធីរំលឹកធំដុំ នៅខួប១៥ ឆ្នាំ នាឆ្នាំក្រោយ។
ប្រធានការិយាល័យសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានឱ្យដឹងទៀតថា ការចូលទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់យូណេស្កូរបស់បណ្ណសារសារមន្ទីរទួលស្លែងពិតជាមានសារៈសំខាន់ណាស់ ព្រោះបង្ហាញពីគុណតម្លៃនៃប្រវត្ថិសាស្រ្តដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ថារឿងរ៉ាវដែលបានកើតឡើងក្នុងប្រវត្ថិសាស្រ្តកម្ពុជា គឺរឿងពិតមិនមែនជារឿងប្រឌិតនោះឡើយ។
លោក ហង្ស និស្ស័យ បានអះអាងទៀតថា ក្រោយការចុះទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់យូណេស្កូកាលថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៩រួចមក ធ្វើឱ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើន តាមរយៈណ្តុះបណ្តាលធនធានមនុស្ស, ធនធានហិរញ្ញវត្ថុ ពិសេសការបណ្តុះបណ្តាលពីការអភិរក្សឯកសារ ការបណ្តុះបណ្តាលជាលក្ខណៈឌីជីថល និងការចែករំលែកបទពិសោធន៍ទៅកាន់ស្ថាប័នពាក់ព័ន្ធជាដើម»។
អង្គការយូណេស្កូនៅថ្ងៃទី៣១ ខែកក្កដា ក៏បានសរសេរលើគេហទំព័រផ្លូវការរបស់ខ្លួនដែរថា ៖ «យើងរំលឹកខួបលើកទី១៤ នៃសិលាចារឹកសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង លើការចងចាំពិភពលោករបស់អង្គការយូណេស្កូដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌឯកសារដែលមានសារៈសំខាន់ជាអន្តរជាតិ សម្រាប់ទុកជាភស្តុតាងដ៏ធំបំផុតក្នុងរបបខ្មែរក្រហម»។
ប្រភពដដែលបន្តថា ដោយសារភាពជាដៃគូជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងទីភ្នាក់ងារកយកាប្រចាំកម្ពុជា (KOICA-Cambodia) បណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងជាង ៧០០ ០០០ ទំព័រត្រូវបានរក្សាទុក ហើយជិតកន្លះលានត្រូវបានបំប្លែងជាឌីជីថល ដើម្បីលើកកម្ពស់ការចូលប្រើប្រាស់ជាសកលចំពោះបេតិកភណ្ឌឯកសារ។
សូមជម្រាបដែរថា ទួលស្លែង ឬត្រូវបានគេស្គាល់ថាជាមន្ទីរស-២១ ដែលជាមណ្ឌលសួរចម្លើយ និងធ្វើទារុណកម្ម សម្លាប់រង្គាលដ៏ល្បីល្បាញមួយនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ អតីតអគារសាលារៀន ស-២១ ធ្លាប់ជាគុកសម្រាប់ដាក់អ្នកទោសជាង ១៨ ០០០នាក់ និងក្រុមគ្រួសារពួកគេដែលភាគច្រើនជាសមាជិកខ្មែរក្រហមខ្លួនឯង។ អ្នកទោសត្រូវបានធ្វើទារុណកម្ម និងសម្លាប់ជាប្រព័ន្ធនៅនឹងកន្លែង ឬនៅវាលពិឃាតជើងឯក។
នៅឆ្នាំ១៩៧៩ មន្ទីរ ស-២១ ត្រូវបានចាត់ទុកជាភស្តុតាងដ៏សំខាន់មួយសម្រាប់ឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបនេះ ហើយបានប្រែក្លាយទៅជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងមកដល់សព្វថ្ងៃនេះ។
ដោយឡែកស្មារតីនៃការចងចាំពិភពលោករបស់អង្គការយូណេស្កូ បានបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងបញ្ជីររបស់ខ្លួន នាខែកក្កដា ឆ្នាំ២០០៩ ដើម្បីទទួលស្គាល់ពីសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់ឯកសារទាំងនោះ។ ពិសេសដើម្បីរួមចំណែករក្សាទុក និងបង្ហាញ ភស្ដុតាង នៃព្រឹត្តិការណ៍ សោកនាដកម្ម ក្នុងប្រវត្ដិសាស្រ្ដកម្ពុជា ដើម្បីឱ្យសាធារណជន សិក្សាស្វែងយល់ ក្នុងបំណងជម្រុញ និងលើកទឹកចិត្តយុវជនជំនានក្រោយ ក្លាយទៅជាអ្នកផ្សព្វផ្សាយសារសន្តិភាពផងដែរ៕
ដោយ៖បូរ ពេជ្រហ្សាលីន