គ.ជ.បនឹងប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នៅថ្ងៃទី១ ខែសីហា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឯកភាពលើសេចក្តីសម្រេចស្តីពីការប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយអង្គប្រជុំថានឹងប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ន នៅថ្ងៃទី១ ខែសីហា និងប្រកាសចុងក្រោយនៅថ្ងៃទី៥ ខែសីហា។

លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ឱ្យដឹងនៅថ្ងៃទី ៣១ ខែកក្កដាថា គ.ជ.ប បានពិនិត្យ និងសម្រេចទៅលើលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដោយសម្រេចប្រកាសនៅថ្ងៃទី១ ខែសីហា នេះ។

លោកបានបន្ថែមថា បើពិនិត្យទៅលើលទ្ធផលនេះ មានការប្រែប្រួលលើសន្លឹកឆ្នោតខ្លះ ប៉ុន្តែមិនបានធ្វើឱ្យមានការប្រែប្រួលដល់ភាគរយនៃចំនួនអ្នកដែលមានឈ្មោះបោះឆ្នោត ហើយបានចេញទៅបោះឆ្នោតនោះទេ។

លោក សោម សូរីដា បញ្ជាក់ថា ៖ «សម្រាប់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី ២៣ ខែកក្កដារក្សាបាននូវចំនួន ៨៤,៥៩ភាគរយ ដដែល ចំណែកចំនួនសន្លឹកឆ្នោត មានការប្រែប្រួលខ្លះនោះ ក៏មិនបានធ្វើឱ្យប្រែប្រួលភាគរយរបស់គណបក្សនយោបាយ ដែលទទួលបានសម្លេងឆ្នោតនោះដែរ»។

បើតាមអ្នកនាំពាក្យដដែលសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ មានតែគណបក្សនយោបាយចំនួនពីរប៉ុណ្ណោះដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា បានចំនួន ១២០ អាសនៈ រីឯគណបក្សហ៊្វុនស៊ីនប៉ិច ទទួលបាន ៥ អាសនៈ។ ដោយឡែកគណបក្សនយោបាយចំនួន ១៦ ផ្សេងទៀតដែលបានចូលរួមការបោះឆ្នោនេះ មិនទទួលបានអាសនៈឡើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា គ.ជ.បបានបើកកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពីការបោះឆ្នោតលើកទី១ (បោះឆ្នោតឡើងវិញ) វិសោធនកម្មប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ (វិសោធនកម្ម ចំណុចទី២១-២៧) និងសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

សេចក្តីប្រកាសបានបន្តថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចនឹងធ្វើការប្រកាសលទ្ធផលបណ្តោះអាសន្នចុងក្រោយនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តថ្ងៃទី៥ ខែសីហា ក្នុងករណីគ្មាន ឬមានពាក្យបណ្តឹង និងគ្មានការបោះឆ្នោតសាជាថ្មី។

គ.ជ.ប ក៏បានបញ្ជាក់ទៀតថា ៖ «ក្នុងប្រតិទិន ការប្រកាសលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត (ករណីគ្មាន ឬមានពាក្យបណ្តឹង និងករណីគ្មាន ការបោះឆ្នោតសាជាថ្មី) ប្រកាសថ្ងៃទី៤ ខែសីហា-ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣»។

ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម ប្រាជ្ញ ចន្ទ ក៏បានណែនាំដល់អង្គភាពជំនាញប្រមូលឱ្យបានឆាប់របាយការណ៍ និងអនុសាសន៍របស់អ្នកសង្កេតការណ៍អន្តរជាតិ ដែលបានមកសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

ដោយឡែកឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីថ្មីសម្រាប់អាណត្តិទី៧ដែលនឹងត្រូវប្រកាសជាផ្លូវការក្នុងខែសីហា នេះ បានចេញលិខិតថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្ស និងគណៈកម្មាធិការសាខាគណបក្សបជាជនកម្ពុជា នៅក្រៅប្រទេសដែលបានចូលរួមសង្កេតការណ៍បោះឆ្នោត និងបានចូលរួមបោះឆ្នោតកាលពីថ្ងៃទី២៣ ខែ កក្កដា កន្លងនេះ។

តាមរយៈលិខិតថ្លែងអំណរគុណចុះថ្ងៃទី៣០ ខែកក្កដា ឯកឧត្តមបានលើកឡើងថា ៖ «ខ្ញុំសូមសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងសេចក្តីថ្លែងអំណរគុណដ៏ជ្រាលជ្រៅនិងស្មោះស្ម័គ្រដល់ថ្នាក់ដឹកនាំ សមាជិក សមាជិការទាំងក្នុង និងក្រៅប្រទេស ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមបោះឆ្នោតកាលពីថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ»។

បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងឱ្យដឹងដែរថា ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ជាជោគជ័យរបស់ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។ នយោបាយបង្រួបបង្រួមរបស់គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែសម្រាប់សមាជិករបស់ខ្លួនស្ថិតនៅទីណានោះទេ សូម្បីតែសមាជិកមកពីគណបក្សផ្សេង ក៏គណបក្សប្រជាជនកម្ពុជាតែងតែផ្តល់ឱកាសផងដែរ។

លោក យង់ ពៅ បានប្រាប់ថា ៖ «ជាក់ស្តែងដូចជាការង្កើតឱ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ជាដើម គឺជាការបើកឱកាសឱ្យគ្រប់គ្នាចូលរួម ក្នុងការកសាងប្រទេស ឬអភិវឌ្ឍន៍ប្រទេសជាមួយគ្នា ជាជាងអង្គុយរិះគន់ បន្តុះបង្អាប់ ឬបន្ទុចបង្អាក់ ដោយមិនបានសម្លឹងមើលទិដ្ឋភាពនៃការអភិវឌ្ឍសង្គម»។

លោកបន្តថា ៖ «ទាំងអស់នេះ ដែលឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបន្តមរតកពីគណបក្សប្រជាជនកម្ពុជា»៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner