អាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តជាប់មាត់សមុទ្រ បន្តតាមដានស្ថានភាពនៃជំនន់ទឹកភ្លៀង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តជាបមាត់សមុទ្រ បានត្រៀមកម្លាំងដើម្បីជួយពលរដ្ឋពីជំនន់ទឹកភ្លៀងនិងនៅតែបន្តតាមដានពីស្ថានភាពនៃជំនន់ទឹកភ្លៀងនៅតាមមូលដ្ឋានរបស់ខ្លួន ខណៈដែលក្រសួងធនធានទឹក និងឧតុនិយមប្រកាសថាទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេលបីថ្ងៃខាងមុខនេះ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា គិតមកទល់ពេលនេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅទូទាំងខេត្តកែប មានការស្រកជាបណ្ដើរៗហើយ ដោយសារអាកាសធាតុ មិនមានភ្លៀងធ្លាក់ជាបន្តទៀតទេ ដូច្នេះហើយវាបានធ្វើឱ្យជំនន់ទឹកភ្លៀងដែលបានជន់លិចក្នុងតំបន់មួយចំនួននៃខេត្តកែប ក៏ត្រូវបានស្រក និងរីងស្ងួតដូចធម្មតាឡើងវិញហើយ។ បញ្ហាជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ស្ទើរតែទូទាំងខេត្តកែបដែលមានពលរដ្ឋប្រមាណជាង ៩ ០០០ គ្រួសារប៉ះពាល់។ ប៉ុន្តែបញ្ហាជំនន់ទឹកភ្លៀងនេះ ក៏ពុំទាន់មានប្រជាពលរដ្ឋណាម្នាក់ប៉ះពាល់ដល់អាយុជីវិតនោះដែរ។

ឯកឧត្តមបន្តថា អាជ្ញាធរខេត្តមានមធ្យោបាយត្រៀមប្រព័ន្ធប្រឡាយទឹកដើម្បីបង្ហូរចូលទៅសមុទ្រ និងមានប្រព័ន្ធអាងទឹក ឬប្រព័ន្ធស្ដុកទឹកជុំវិញខេត្ត។ ដូច្នេះហើយប្រសិនជាមេឃភ្លៀងតែមួយម៉ោង ឬ២ម៉ោង វាអាចនឹងស្រកលឿន និងមិនបណ្ដាលឱ្យមានជំនន់ទឹកភ្លៀងនោះទេ។

ឯកឧត្តម សោម ពិសិដ្ឋ បានថ្លែងថា ៖ «ក្រៅពីនេះយើងបានត្រៀមកម្លាំងគ្រប់ប្រភេទ ហើយយើងក៏បានត្រៀមនូវមន្ត្រីសុខាភិបាល សម្រាប់ការសង្គ្រោះបឋម រួមទាំងសម្ភារៈផ្សេងៗ ដូចជា ទូក អាវពោងនៅកន្លែងប្រចាំការផងដែរ។ ដូច្នេះហើយអ្វីដែលត្រៀមទាំងអស់ហ្នឹង វាបានឆ្លើយតបទាន់ពេលវេលាទៅកាន់ប្រជាពលរដ្ឋ»។

អាជ្ញាធរខេត្តកែប ក៏បានត្រៀមនូវកន្លែងទីទួលដែលមានសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋ ក្នុងករណីដែលជំនន់ទឹកភ្លៀងនៅតែបន្តគំរាមគំហែងបន្ថែមទៀតដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ដោយឡែក លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង ក៏បានឱ្យដឹងដែរថា ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកសំឡូតនេះ មកដល់ពេលនេះ មិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរនោះទេ ខណៈដែលកន្លងមកតាមបណ្ដាឃុំទាំង៧នៃស្រុកសំឡូត មានភ្លៀងធ្លាក់ច្រើនតាំងពីរសៀលថ្ងៃទី២៩ ខែកក្កដា រហូតមកដល់នឹងថ្ងៃទី៣១ ប៉ុន្តែដោយឡែកស្ថានភាពទឹកនៅស្ទឹងសង្កែ នៅផ្នែកខាងលើនៃឃុំសំឡូត និងឃុំតាតោក កំពុងតែមានការកើនឡើង ប៉ុន្តែមិនទាន់មានផលប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅឡើយដែរ។

លោកថា រដ្ឋបាលស្រុកសំឡូត និងកងកម្លាំងប្រដាប់អាវុធក្នុងស្រុក ក៏បានណែនាំប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំង៧ឃុំនេះ ត្រូវត្រៀមខ្លួន កម្លាំង និងសម្ភារៈ ដើម្បីជួយអន្តរាគមន៍ប្រជាពលរដ្ឋក្នុងករណីដែលមានទឹកជំនន់ណាមួយដែលកើតឡើងក្នុងពេលខាងមុខ។

លោកបានបញ្ជាក់ថា ៖ «ក្រៅពីស្រុកសំឡូត ស្រុកផ្សេងៗទៀត ក៏មិនជាបញ្ហាអ្វីដែរ ព្រោះវាគ្រាន់តែជាជំនន់ទឹកភ្លៀងទេ នៅពេលឈប់ភ្លៀងវានឹងស្រកទៅវិញ តែយើងក៏បានត្រៀមកម្លាំង សម្ភាររួចរាល់ហើយនៅតាមមូលដ្ឋាន ដើម្បីយើងអាចឆ្លើយតបទាន់ពេលវេលា»។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុន្នី បានប្រាប់ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ នៅតាមបណ្ដាខេត្តជាប់មាត់សមុទ្រ និងនៅតាមតំបន់ខ្ពង់រាបមួយចំនួន ត្រូវបានរងជន់លិចដោយសាជំនន់ទឹកភ្លៀង បានធ្លាក់ច្រើនជាបន្តបន្ទាប់ចាប់ពីថ្ងៃទី២៧ ខែកក្កដាមក បានបង្កឱ្យជន់លិចភ្លាមៗនៅហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវលំមួយចំនួន។

លោកថា ខេត្តព្រះសីហនុ បានរងការជន់លិចនូវផ្លូវជាតិលេខ៤ ចំណែកខេត្តកំពត បានរងការជន់លិចដល់ស្រុក ក្រុងរួមមាន៖ ស្រុកទឹកឈូ ស្រុកកំពង់ត្រាច និងក្រុងកំពត ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាជនជាច្រើនគ្រួសារផងដែរ។

លោក សុទ្ធ គឹមកុលមុន្នី បញ្ជាក់ថា ៖ «ក្នុងខេត្តកំពតប៉ះពាល់ចំនួន ៤ ៤០៨គ្រួសារ, ផ្ទះលិចទឹកចំនួន ១ ០៥៥ ខ្នង, សាលារៀនចំនួន ៤អគារ, មនុស្សបាត់ខ្លួន ១នាក់, របួស ២នាក់, ស្លាប់៤នាក់ និងបានជួយសង្គ្រោះចំនួន ៤១នាក់»។

លោកបន្តថា សម្រាប់ខេត្តកោះកុង បានរងការជន់លិចផ្លូវលំ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួននៅក្នុងឃុំចំនួន២នៃស្រុកថ្មបាំង។ ក្រៅពីនេះ លោកថា ខេត្តកែប ក៏បានរងការជន់លិចមួយចំនួនផងដែរនៅក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ។

លោកបានថ្លែងថា ៖ «ជារួមមកដល់ថ្ងៃទី៣១ ខែកក្កដា នេះ ស្ថានភាពជំនន់ទឹកភ្លៀងដែលប៉ះពាល់នេះមានការស្រកទៅវិញអស់ហើយ ខណៈដែលស្ថានភាពទៅមុខទៀត គឺអាស្រ័យទៅលើទឹកភ្លៀង ប្រសិនជាទឹកភ្លៀងមានបរិមាណច្រើនធ្លាក់មកទៀត អាចនឹងមានជំនន់ទឹកភ្លៀង»។

លោក សុទ្ធ គឹមកុលមុន្នី បន្តថា ៖ «ឆ្លើយតបទៅនឹងករណីគ្រោះមហន្តរាយផ្សេងៗ ពិសេសបញ្ហាទឹកជំនន់ យើងបានរៀបចំត្រៀមខ្លួនជាស្រេចដោយឱ្យអាជ្ញាធរ និងគណៈកម្មាធិការរាជធានីខេត្តត្រូវរៀបចំនូវកម្លាំង មធ្យោបាយ និងផែនការត្រៀមបម្រុង ដើម្បីឆ្លើយតបនូវគ្រោះមហន្តរាយផ្សេងៗ។ យើងមានយន្តការរបស់យើងរួចជាស្រេច ដែលមានតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន»។

ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ពិសេសប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត និងតាមដានការជូនដំណឹងរបស់ក្រសួងធនធានទឹកទៅលើបញ្ហាអាកាសធាតុ។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យដឹងស្ដីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ បានឱ្យដឹងនៅថ្ងៃទី៣១ ខែកក្កដាថា យោងលើស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើង ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បណ្តាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀង នៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ។

ប្រភពដដែលបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៤ថ្ងៃខាងមុខនេះ ពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៧,៦៥ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៦, ៧០ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់៩, ៩០ម៉ែត្រ។

ក្រសួងធនធានទឹកបន្ថែមថា ចំពោះទឹកទន្លេដែលហក់ឡើងនៅពេលនេះ នៅមិនទាន់ដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចលិចតំបន់ទំនាបមួយចំនួនអមដងទន្ល និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួនផងដែរ៕ ដោយ៖ ជា សុខនី

ads banner