កម្មវិធីគាំពារសង្គមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នឹងចាប់អនុវត្តពីថ្ងៃទី ១ ខែ សីហានេះតទៅ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងចាប់ផ្តើមអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនមានផ្ទៃពោះនិងកុមារអាយុក្រោម ២ឆ្នាំក្នុងអត្រាឧបត្ថម្ភថ្មីចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងគោលបំណងលើកកម្ពស់សុខុមាភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារផងដែរ។

ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គមបានប្រាប់ឱ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ថា កម្មវិធីគាំពារសង្គមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នឹងចាប់អនុវត្តពីថ្ងៃទី១ ខែសីហានេះតទៅ។រាជរដ្ឋាភិបាល នឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីដែលជាមន្រ្តីរាជការ មន្រ្តីកិច្ចសន្យា មន្រ្តីកម្មសិក្សា កម្មករនិយោជិតជាសមាជិកប.ស.ស. និងស្រ្តីមកពីគ្រួសារក្រីក ក្នុងកំលុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល រហូតដល់កូនមានអាយុ២ឆ្នាំ។

កម្មវិធីគាំពារសង្គមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងគ្រួសារដែលមានបណ្ណសមធម៌ នឹងតម្លើងអត្រាថ្មី ដោយមុនសម្រាលកូនទទួលបួនដង ដោយមួយដង ឡើងពី ៤ ម៉ឺនរៀល ទៅ ៨ ម៉ឺនរៀល និងក្រោយសម្រាលត្រូវបានតម្លើងពី ២០ ម៉ឺនដដល់ ៤០ ម៉ឺនរៀល និងអ្នកដែលមានកូនភ្លោះត្រូវថែម ២០ ម៉ឺនរៀលទៀត។

ឯកឧត្តម ឈួរ សុបញ្ញា បានថ្លែងថា ៖ «យើងនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៣នេះ ហើយការងារ នេះមិនមានអ្វីជាលំបាកនោះទេ ព្រោះមកដល់ម៉ោងនេះ យើងខ្ញុំសុំជំរាបជូនថា ក្របខណ្ឌនៃការអនុវត្ត យើងបានបិទបញ្ចប់នៅវគ្គបច្ចេកទេស ក្នុងក្របខណ្ឌ ២៥ រាជធានីខេត្តរួចហើយ»។

បើតាមឯកឧត្តម ឈួរ សុបញ្ញា ចំពោះការងារផ្សព្វផ្សាយ ក៏លោកបានរៀបចំរួចរាល់ហើយដែរទាំងខិតបណ្ណព័ត៌មាន និងបដារព័ត៌មានផ្សេងៗ ក៏នឹងត្រៀមយកទៅបិទផ្សាយនៅតាមឃុំសង្កាត់នានានៅទូទាំងប្រទេសផងដែរ។ មួយវិញទៀត ប្រព័ន្ធព័ត៌មានវិទ្យា ក៏បានធ្វើបច្ចុប្បន្នភាពថ្មីរួចរាល់ហើយដែរ។ ដូច្នេះ យន្តការទាំងអស់នេះ នឹងមិនមានការរាំងស្ទះ ដល់កដំណើការនៅថ្ងៃនេះនោះទេ។

លោកថ្លែងបន្តថា ៖ «វាមិនមែនជារឿងថ្មីទេ រឿងចាស់ដដែលទេ គ្រាន់តែដូរអត្រាវថ្មីស្របទៅតាមការវិវឌ្ឍន៍នៃប្រទេសកម្ពុជា។ លក្ខខណ្ឌដែលទទួលបានពីកម្មវិធីគាំពារសង្គមនេះ គឺស្រ្តីដែលមានបណ្ណសមធម៌ ដែលមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងគ្រួសារដែលមានបណ្ណសមធម៌»។

ជាមួយគ្នានេះ ស្រី្តដែលមានជីវភាពក្រីក្រ ក៏អាចស្នើសុំបណ្ណសមធម៌នេះ បានដែរតាមរយៈការធ្វើកិច្ចសម្ភាសនៅឃុំសង្កាត់។ នេះបើបានឯកឧត្តម ឈួរ សុបញ្ញា ការបង្កើនកម្រិតប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតជាស្រ្តីនេះ រាជរដ្ឋាភិបាលនឹងពង្រីកកិច្ចគាំពារសង្គមបន្ថែមដល់ស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ មកពីផ្នែកពាក់ព័ន្ធ ក្នុងគោលបំណងលើកកម្ពស់សុខុមាភាពមាតា និងកុមារតូច។

លោកបន្តថា ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់ពីក្នុងផ្ទៃ រហូតអាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតី ក្នុងរយៈពេលមួយពាន់ថ្ងៃ ដំបូងនៃជីវិត។

ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ធ្លាប់បានលើកឡើងថា រាជរដ្ឋាភិបាលតែងតែគិតគូរជាប់ជានិច្ច លើការអភិវឌ្ឍមូលធនមនុស្ស ស្របតាមគោលនយោបាយជាតិគាំពារសង្គម និងផែនការអវិឌ្ឍជាតិ។

លោកបន្តថា ការគិតគូរនេះ តាមរយៈការដាក់ឱ្យអនុវត្តកម្មវិធី ឬរបបនានាដើម្បីគាំពារដល់ពលរដ្ឋកម្ពុជា ជាពិសេសស្រ្តីមានផ្ទៃពោះ ដែលរួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន និងការផ្តល់ប្រាក់ឧបត្ថម្ភមាតុភាពជូនមន្រ្តីរាជការជាស្រ្តីសម្រាលកូនជាដើម។

សូមបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម គិតសរុបជាសាច់ប្រាក់មានចំនួនប្រមាណ ១លាន ៥២ម៉ឺនរៀល រហូតដល់ ២លាន ៧២ម៉ឺនរៀល ដោយនឹងគិតតាមចំនួនកូន និងលក្ខខណ្ឌចាំបាច់មួយចំនួនទៀត ដើម្បីបន្តគាំពារស្រ្តីមានផ្ទៃពោះ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍមូលធនមនុស្សបន្ថែមទៀតស្របតាមគោលនយោបាយជាតិគាំពារសង្គម៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner