អាជ្ញាធរខេត្តកំពង់ចាមអំពាវនាវឱ្យមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្នុងឱកាសប្រារព្វពិធីរុក្ខទិវា ៩កក្កដា អាជ្ញាធរខេត្តកំពង់ចាម អំពាវនាវឱ្យមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ ដើម្បីអភិវឌ្ឍន៍វិស័យព្រៃឈើក្នុងភូមិសាស្ត្រខេត្តនេះសម្រាប់ទប់ស្កាត់នូវគ្រោះមហន្តរាយផ្សេងៗ។

លោក ស្រី សុភ័ក្រ អភិបាលរងខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣១ ខែកក្កដាថា ការប្រារព្វពិធីរុក្ខទិវា ៩ កក្កដានេះ ធ្វើឡើងនៅអនុវិទ្យាល័យអន្លង់អក ក្នុងស្រុកកងមាស ក្រោមអធិបតីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជុំវិញខេត្តនិងក្នុងមូលដ្ឋានផងដែរ។

លោកបានបន្តថា គោលបំណងនៃការប្រារព្ធពិធីនេះ ដើម្បីលើកទឹកចិត្ត និងបំផុសឱ្យប្រជាជន មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងអាជ្ញាធរដែនដី ចេះស្រឡាញ់ ថែទាំ និងការដាំដើមឈើ ពិសសេសដឹងពីអត្ថប្រយោជន៍នៃដើមឈើ ហើយពួកគាត់នឹងចូលរួមក្នុងការដាំដើមឈើឡើងវិញ ដើម្បីអភិវឌ្ឍន៍វិស័យព្រៃឈើឱ្យបានគ្រប់តំបន់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

លោក ស្រី សុភ័ក្រ ថ្លែងថា ៖ «យើងទាំងអស់គ្នាត្រូវរួមគ្នាក្នុងការដាំ ថែរក្សាដើមឈើរបស់យើង ពីព្រោះច្បាស់ណាស់ការងារនេះមិនមានភាគីណាមួយទៅចូលរួមតែឯងបានទេ ប្រសិនជារដ្ឋាភិបាល មន្ត្រីមូលដ្ឋានទៅដាំដើមឈើ ហើយមិនមានការចូលរួមថែទាំពីប្រជាពលរដ្ឋ គឺវាក៏អត់មានការលូតលាស់ដែរ។ អ៊ីចឹង យើងធ្វើការអំពាវនាវទាំងគុណប្រយោជន៍ និងទាំងឱ្យពួកគាត់ចូលរួមថែរក្សាដាំដើមឈើទាំងអស់គ្នា»។

បន្ថែមពីនេះទៀត លោកថា អាជ្ញាធរខេត្តក្រៅពីការដាំដើមឈើនៅតំបន់ទាំងនោះហើយ ក៏បានរៀបចំកូនឈើដូចជា៖ ក្រញូង នាងនួនជាដើម ដើម្បីយកទៅចែកជូនដល់ប្រជាជន ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋានផងដែរ។

សូមរម្លឹកផងដែរថា ពិធី «បុណ្យរុក្ខទិវា ៩ កក្កដា» ឆ្នាំ២០២៣នេះ បានប្រារព្ធធ្វើនៅ «ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មានក» ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានការយាងចូលរួមពីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត។

នាឱកាសនោះ ព្រះមហាក្សត្រ បានអំពាវនាវដល់ជនរួមជាតិចូលរួមការពារព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ ដើម្បីធានានូវធនធានព្រៃឈើសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗ ដោយព្រះអង្គមានព្រះបន្ទូលថា ព្រៃឈើជាសម្បត្តិធម្មជាតិដែលមានតម្លៃ និងជួយទប់ស្កាត់គ្រោះធម្មជាតិនានា។

សូមបញ្ជាក់ថា មកទល់ឆ្នាំ២០២៣នេះ ពិធីបុណ្យរុក្ខទិវាត្រូវបានប្រារព្ធឡើងចំនួន ២៨លើក នៅតាមបណ្តារាជធានីខេត្តចំនួន ១៤ នៅទូទាំងប្រទេស ដោយបានបង្កើតជាសួនរុក្ខទិវាទំហំ ៤៦២ ហិកតា៕ ដោយ៖ ជា សុខនី

ads banner