កម្ពុជានឹងចូលរួមមហាសន្និបាតអ.ស.ប ប្រចាំឆ្នាំ២០២៣ នាទីក្រុងញូយ៉កក្នុងខែកញ្ញាខាងមុខជាមួយសមាសភាពប្រតិភូនៃរដ្ឋាភិបាលថ្មី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្ពុជានឹងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ (អ.ស.បលើកទី៧៨,UNGA 78) នៅទីក្រុងញូវយ៉កនាខែកញ្ញាខាងមុខ ជាមួយសមាសភាពគណៈប្រតិភូកម្រិតខ្ពស់នៃរដ្ឋាភិបាលថ្មី ដែលកម្ពុជាត្រៀមខ្លួនប្រើប្រាស់វេទិកាដ៏ធំនេះដើម្បីបង្ហាញទស្សនៈផ្ទាល់ខ្លួនលើបញ្ហាអន្តរជាតិ និងដើម្បីជួបតួអង្គពិភពលោកសំខាន់ៗដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ខណៈឆ្នាំនេះ មហាសន្និបាតអ.ស.ប ផ្តោតសំខាន់លើការកសាងទំនុកចិត្ត និងពង្រឹងសាមគ្គីភាពសាកលឡើងវិញ។

ឯកឧត្តម អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅឆ្នាំ២០២៣ នេះ។ តំណាងកម្ពុជាលើវេទិកាសាកលដ៏ធំនេះ នឹងត្រូវសម្រេចដោយរដ្ឋាភិបាលបន្ទាប់ ពោលគឺរដ្ឋាភិបាលនីតិកាលទី៧ ដែលនឹងដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត ដែលកម្ពុជាធានាភាពជាតំណាងកម្រិតខ្ពស់បំផុតនៃគណៈប្រតិភូដែលត្រូវចូលរួម។

ឯកឧត្តម អាន សុខខឿន បានថ្លែងថា ៖ «មហាសន្និបាតនេះជាវេទិកាសកលដ៏ធំដែលមានការជួបជុំប្រចាំឆ្នាំនូវវត្តមានមេដឹកនាំពិភពលោកនៃសមាជិកអង្គការសហប្រជាជាតិ រួមមាន កម្ពុជាផង ដើម្បីពិភាក្សា ដេញដោល បង្ហាញទស្សនៈផ្ទាល់នៃប្រទេសរៀងៗខ្លួនក្នុងការដោះស្រាយវិបត្តិអន្តរជាតិ»។ការបង្ហាញការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង បទពិសោធន៍ជោគជ័យ គំនិតផ្តួចផ្តើមជាអន្តរជាតិ លើកិច្ចសហប្រតិបត្តិការ សន្តិភាព និងសន្តិសុខ ហើយជាពិសេសដើម្បីជជែកពីរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ទៀតថា តាមរយៈការចូលរួមកិច្ចពិភាក្សាទូទៅរបស់ UNGA កម្ពុជាទទួលបានឱកាសដ៏ល្អក្នុងការចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីជាមួយប្រទេស និងអង្គការអន្តរជាតិផ្សេងៗ។

លោកបន្ថែមថា កិច្ចសន្ទនាទាំងនេះមានសក្ដានុពលក្នុងការពង្រឹងផ្នែកដែលមានអត្ថប្រយោជន៍ទៅវិញទៅមកនៃកិច្ចសហប្រតិបត្តិការ បង្កើតភាពជាដៃគូថ្មី សហការលើបញ្ហារួម និងទទួលបានការគាំទ្រសម្រាប់គំនិតផ្តួចផ្តើមផ្សេងៗ។

សូមបញ្ជាក់ថា តាមរយៈលិខិតចេញផ្សាយដោយលោក Dennis Francis ប្រធានជាប់ឆ្នោតនៃអង្គមហាសន្និបាត UNGA លើកទី៧៨ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ បញ្ជាក់ថា សម័យប្រជុំលើកទី៧៨ នេះ មានប្រធានបទសំខាន់គឺ «ការកសាងទំនុកចិត្តឡើងវិញ និងការគ្រប់គ្រងសាមគ្គីភាពសកល៖ ការពន្លឿនសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្ពោះទៅរកសន្តិភាព វិបុលភាព វឌ្ឍនភាព និងនិរន្តរភាព សម្រាប់ទាំងអស់គ្នា»។

មហាសន្និបាតនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៩ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ហើយការពិភាក្សាកម្រិតខ្ពស់នឹងធ្វើឡើងនៅថ្ងៃ១៩ ខែកញ្ញា ជាថ្ងៃចុងក្រោយ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក សេង វណ្ណលី សាស្ត្រាចារ្យទំនាក់ទនងអន្តរជាតិ និងជាអ្នកតាមដាននយោបាយតំបន់ លើកឡើងថា មហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញា ខាងមុខជាកិច្ចប្រជុំប្រចាំឆ្នាំ ដែលមានការចូលរួមពីប្រមុខរដ្ឋ ថ្នាក់ដឹកនាំរដ្ឋាភិបាលពីប្រទេសជាសមាជិក។

លោកថា កិច្ចប្រជុំនេះមិនថ្មីឡើយ ប៉ុន្តែអ្វីដែលថ្មីនោះ គឺសមាសភាពតំណាងកម្ពុជាដែលត្រូវផ្លាស់ប្តូរមុខមាត់ថ្មី តាមរយៈគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលថ្មីនៅអាណត្តិទី៧ ដែលនឹងដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត ជាមួយអ្នកការទូតជំនាន់ថ្មី។

លោក សេង វណ្ណលី សង្កត់ធ្ងន់ថា ៖ «កិច្ចប្រជុំនេះមានសារៈសំខាន់ វាបង្ហាញពីការចូលរួមរបស់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិក្នុងដំណោះស្រាយវិបត្តិសាកល ហើយប្រធានបទឆ្នាំនេះផ្តោតលើការរួមគ្នាដោះស្រាយបញ្ហាសាកល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDG) ដែលបានយឺតយ៉ាវដោយសារកូវីដ ហើយមេដឹកនាំនានានឹងពិភាក្សារកច្រកពន្លឿនការសម្រេច»។

លោកបានបន្តថា មហាសន្និបាតនេះក៏អាចបង្កើតជាឱកាសក្នុងការពង្រឹង និងបង្កើតកិច្ចសហប្រតិបត្តិការ ឬគំនិតផ្តួចផ្តើមថ្មីៗនានា តាមរយៈជំនួបដាច់ដោយឡែករវាងមេដឹកនាំ ថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋ ឬជាមួយអង្គការអន្តរជាតិនានាទាំងក្របខណ្ឌទ្វេភាគី ពហុភាគី និងថ្នាក់តំបន់។

សម្រាប់លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងដែរថា មហាសន្និបាតនេះជាវេទិការដ៏ធំដែលផ្តុំដោយមេដឹកនាំពិភពលោក ហើយពិភាក្សាលើប្រធានរឿងរបស់មនុស្សជាតិ ដោយឆ្នាំនេះផ្តោតសំខាន់លើការកសាងទំនុកចិត្តគ្នាឡើងវិញ បន្ទាប់ពីប្រព័ន្ធពហុភាគីនិយមត្រូវបានរងការចុះខ្សោយឥទ្ធិពល ព្រោះការប្រណាំងប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាច និងការបែកបាក់របស់ពិភពលោកជាចំណែកៗ។

លោកគិន ភា បានប្រាប់ថា៖ «យើងមើលទៅគោលដៅអភិវឌ្ឍន៍ក្របខណ្ឌអន្តរជាតិទាំងប៉ុន្មានត្រូវបានរាំងស្ទះ ដោយសារប្រទេសធំៗជាឆ្អឹងខ្នងសាកល រវល់ជាប់ដៃធ្វើសង្គ្រាម រវល់ប្រកួតប្រជែងឥទ្ធិពល ភ្លេចរបៀបវារៈរួមរបស់អង្គការសហប្រជាជាតិ»។

លោកថា វេទិកានេះ ជារឿងសំខាន់សម្រាប់រដ្ឋាភិបាលថ្មីដែលនឹងដឹកនាំដោយឯកឧត្តយម ហ៊ុន ម៉ាណែត អាចបង្ហាញខ្លួនក្នុងក្របខ័ណ្ឌអន្តរជាតិដើម្បីបញ្ជាក់ពីធម្មានុរូប ឬការទទួលស្គាល់ដោយស្របច្បាប់នូវគណៈរដ្ឋាភិបាលកម្ពុជាថ្មីនេះពីសហគមន៍អន្តរជាតិ ដែលដូចទៅនឹងស្ថានការណ៍ឆ្នាំ២០១៣ ដែលសម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ ក្រោយការបោះឆ្នោត។

ក្រៅពីនេះ លោកថា បញ្ហាក្តៅៗតួយ៉ាង វិបត្តិអាកាសធាតុ វិបត្តិសេដ្ឋកិច្ច វិបត្តិស្បៀង វិបត្តិថាមពល បញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សមុទ្រចិនខាងត្បូង ច្រកសមុទ្រតៃវ៉ាន់ ជាដើមទំនងជានឹងត្រូវបានលើកឡើងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ២០២៣ នេះ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner