ការប្រកួតពានរង្វាន់“គ្រុឌ ខេមបូឌាន ស៊ូបភើខាប់ ឆ្នាំ២០២៣” បំបែកកំណត់ត្រាការប្រកួតបាល់ទាត់ក្នុងលីគមានអ្នកទស្សនាច្រើនជាងគេមិនធ្លាប់មាន
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ “គ្រុឌ ខេមបូឌាន ស៊ូបភើខាប់ ឆ្នាំ២០២៣” រវាងក្រុមភ្នំពេញក្រោន និងវិសាខា កាលពីល្ងាចថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅបានបញ្ចប់ទៅដោយជោគជ័យ និងអធិកអធមក្រោមវត្តមានរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដែលជាម្ចាស់ឧបត្ថម្ភធំនៃការប្រកួត និងក្រុមហ៊ុនដៃគូសហការផ្សេងទៀត ព្រមទាំងទស្សនិកជនចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិករហូតដល់ ១៣,០១៦ នាក់ និងអ្នកទស្សនាការផ្សាយបន្តផ្ទាល់រហូតដល់ជាង៦ម៉ឺននាក់។
នេះគឺជាកំណត់ត្រាថ្មីនៃចំនួនចូលទស្សនាបាល់ទាត់ក្នុងលីគដ៏ច្រើនបំផុតមិនធ្លាប់មាននៅកម្ពុជា ដែលនេះបង្ហាញពីភាពរីកចម្រើននៃវិស័យកីឡាក្នុងស្រុក និងការចូលរួមរៀបចំពីក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដែលមានលក្ខណៈសម្បូរបែប ទាក់ទាញឲ្យអ្នកចូលរួម ដែលក្នុងនោះមានដូចជាឈុតឆាកសម្តែងពិសេសពីកញ្ញារ៉ាប៊ី និងកីឡាករបាល់ទាត់ Nick Taylor ក្នុងវគ្គពាក់កណ្តាលការប្រកួត និងពូឃ្លាំង លោកណាន វីសារ និងលោកប៉ប់ (BOB) នៅវគ្គបញ្ចប់ការប្រកួត ក៏ដូចជាការរៀបចំទីតាំង Fan Zone ដែលមានការប្រគំតន្រ្តីពីម៉ាកសញ្ញាគ្រុឌ ស្តង់ម្ហូបអាហារចម្រុះ ស្តង់ហ្គេមកម្សាន្ត និងស្តង់តាំងបង្ហាញឯកសណ្ឋានរបស់ក្លិបនិមួយៗផងដែរ។
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានមានប្រសាសន៍ថា « ក្នុងនាមជាម្ចាស់ឧបត្ថម្ភធំនៃកម្មវិធី និងជំនួសមុខឲ្យខេមបូឌានព្រីមៀរលីគ យើងសូមអរគុណអ្នកគាំទ្រទាំងអស់គ្នាដែលបានចូលរួមទស្សនា និងចូលរួមលើកទឹកចិត្តកីឡាករ និងកីឡាបាល់ទាត់កម្ពុជាយើង។ នេះជាភាពប្រសើរ និងជឿជាក់លើវិស័យកីឡា ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ជាក្រុមហ៊ុនរបស់ខ្មែរ មានឆន្ទៈលើកមុខមាត់ប្រទេសកម្ពុជា ដែលចក្ខុវិស័យនេះផងដែរ ស្របទៅនឹងគោលដៅរបស់ខេមបូឌានព្រីមៀរលីគ ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការអភិវឌ្ឍ និងលើកកម្ពស់គុណភាពវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខលើឆាកអន្តរជាតិ និងជំរុញឲ្យប្រជាជនកម្ពុជាចូលរួមគាំទ្រ និងលេងកីឡាឲ្យកាន់តែច្រើន។ ដើម្បីឲ្យក្រុមជម្រើសជាតិរបស់យើងកាន់តែរឹងមាំ និងធ្វើបានកាន់តែល្អ ពិតណាស់យើងត្រូវតែមានលីគបាល់ទាត់ដ៏រឹងមាំសម្រាប់ហ្វឹកហ្វឺន និងអភិវឌ្ឍកីឡាករបាល់ទាត់ប្រកបដោយគុណភាព ហើយយើងនឹងធ្វើដំណើររួមគ្នា ដើម្បីគាំទ្រកីឡាបាល់ទាត់នៅកម្ពុជា។ ចូលរួមអបអរសាទរដល់ក្លិបភ្នំពេញក្រោន ដែលក្លាយជាម្ចាស់ជើកឯកពានរង្វាន់ “គ្រុឌ ខេមបូឌាន ស៊ូបភើខាប់ ឆ្នាំ ២០២៣”។
លើសពីការចូលរួមចំណែកសហការឧបត្ថម្ភជាមួយខេមបូឌានព្រីមៀរលីគ ក្នុងការប្រកួតដណ្តើមពានរង្វាន់ក្នុងលីគ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក៏បានធ្វើការឧបត្ថម្ភទៅតាមក្លិបបាល់ទាត់ផ្សេងៗដូចជាក្លិបបាល់ទាត់ព្រៃវែង ក្លិបបាល់ទាត់គិរីវង្សសុខសែនជ័យ ហើយកាន់តែពិសេសនោះ គឺវឌ្ឍនៈ ប៊្រូវើរី ក៏គឺជាដៃគូឧបត្ថម្ភធំផ្លូវការដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។ ការចូលរួមឧបត្ថម្ភទាំងផលិតផល និងថវិកា ទាំងក្នុងក្លិប ទាំងនៅក្នុងលីគ ទាំងក្នុងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺពិតជាធំធេងណាស់សម្រាប់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដោយយើងជឿជាក់ថា ការចូលរួមចំណែកនេះ នឹងអាចជួយលើកស្ទួយគុណភាពវិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើននៅលើឆាកអន្តរជាតិ។