សម្ដេចក្រឡាហោម ស ខេង ៖ អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវជ្រើសរើសពណ៌ឯកសណ្ឋាន មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ឱ្យបានសមស្រប មុនចេញនូវអនុក្រឹត្យជាផ្លូវការ

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវជ្រើសរើសពណ៌ឯកសណ្ឋាន របស់មន្ដ្រីពន្ធគារក្រសួងមហាផ្ទៃ ឱ្យបានសមស្រប មុនចេញនូវអនុក្រឹត្យជាផ្លូវការ។ ជាងនេះទៅទៀត សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះ អគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការសិក្សានូវសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ នៅទីស្ដីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០២៣ ។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា យោងតាមមាត្រា៨ នៃច្បាប់ ស្ដីពីពន្ធនាគារក្រសួងមហាផ្ទៃ បានចែងថា មន្ដ្រីពន្ធនាគារត្រូវមានឯកសណ្ឋាន សញ្ញាសក្តិ គ្រឿងបំពាក់ ឧបករណ៍ និងសម្ភារ ឱ្យបានសមស្រប ទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃ ក៏បានចេញនូវសេចក្ដីប្រកាស ស្ដីពីការកំណត់រូបភាព របៀបប្រើប្រាស់ និងរបបផ្គត់ផ្គង់ ឯកសណ្ឋាន ស្លាកសញ្ញា សញ្ញាសក្តិ និងសម្ភារប្រើប្រាស់ផ្សេងៗ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ។

ឯកឧត្តម រដ្ឋលេខាធិការ បន្ដថា អនុក្រឹត្យ និងសេចក្ដីប្រកាសខាងលើនេះ បានអនុវត្តអស់រយៈពេលជាង ០៨ឆ្នាំមកហើយ ៕


ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner