រដ្ឋមន្ត្រីក្រសួងការងារលើកទឹកចិត្តនិស្សិតដែលសិក្សានៅក្រៅប្រទេស ចូលរួមលើកកម្ពស់កិត្តិយសជាតិ ខិតខំសិក្សាយកចំណេះជំនាញ ដើម្បីវិលមកបម្រើប្រទេសជាតិវិញ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់ក្រុមនិស្សិតកម្ពុជាដែលទៅសិក្សានៅក្រៅប្រទេស ឬទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស សូមចូលរួមលើកកម្ពស់កិត្តិយសជាតិកម្ពុជា ពង្រឹងសាមគ្គីជាមួយគ្នា ពិសេសត្រូវខិតខំសិក្សាយកចំណេះជំនាញ ដើម្បីវិលមកបម្រើប្រទេសជាតិវិញឱ្យកាន់តែរីកចម្រើនទៅមុខ។
ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង ទទួលជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតកម្ពុជា ២៤នាក់ ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ។
លោក ចេង គឹមអូន ប្រធានប្រតិភូនិស្សិតកម្ពុជា ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុនឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងចំណោមនិស្សិតទាំង ២៤នាក់នេះ គឺជាមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប ១៤ស្ថាប័ន។ មុខជំនាញដែលត្រូវសិក្សានោះរួមមាន ៨ជំនាញ៖ ១-អភិវឌ្ឍន៍ហេដ្ឋានរចនាសម្ពន្ធ ២-អភិវឌ្ឍន៍វិស័យឯកជន ៣-លើកកម្ពស់គុណអប់រំ ៤-អភិវឌ្ឍន៍កសិកម្ម និងអភិវឌ្ឍន៍ជនបទ ៥-លើកកម្ពស់បរិស្ថានរស់នៅទីក្រុង ៦-លើកម្ពស់ប្រព័ន្ធថែទាំសុខភាព និងសន្តិសុខសង្គម ៧-លើកកម្ពស់មុខងាររដ្ឋបាលសាធារណៈ និង៨-កសាងទំនាក់ទំនងអន្តរជាតិ។
លោកប្រធានប្រតិភូបានបន្តថា អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់មន្ត្រីរាជការកម្ពុជានេះ គឺជាគម្រោងជំនួយឥតសំណងដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០០០ មកដល់ពេលបច្ចុប្បន៍មាននិស្សិតកម្ពុជាជាង៥០០នាក់ហើយដែលបានទទួលអាហារូបករណ៍នេះ។ កម្មវិធីនេះផ្ដោតលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ការចូលរួមអភិវឌ្ឍន៍និងបង្កើតផែនការអភិវឌ្ឍសេដ្ឋកិច្ច/សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការអបអរសាទរ និងជូនពរដល់និស្សិតទាំង ២៤នាក់ខាងលើឱ្យទទួលបានការសិក្សាជោគជ័យ និងត្រឡប់មកបំពេញការងារនៅកម្ពុជាវិញ ដើម្បីជួយជំរុញការអភិវឌ្ឍតាមវិស័យការងាររៀងៗខ្លួនឱ្យកាន់តែល្អប្រសើរ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកឡើងថា កម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់មន្ត្រីរាជការកម្ពុជានេះ គឺជាជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុន ដើម្បីលើកកម្ពស់វិស័យអប់រំ អភិវឌ្ឍន៍ធនធានមនុស្ស ដូច្នេះសង្ឃឹមថានិស្សិតកម្ពុជានឹងខិតខំប្រឹងប្រែងប្រើប្រាស់ឱកាសមួយនេះជាផលប្រយោជន៍សម្រាប់ស្ថាប័នរបស់ខ្លួន ក៏ដូចជាសង្គមជាតិទាំងមូល ៕
ដោយ ៖ ហេង វណ្ណា