នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវបញ្ជាក់ថាការបោះឆ្នោតសកលនៅកម្ពុជា ប្រព្រឹត្តតាមបទដ្ឋានច្បាប់ (Video Inside)
នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ លោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម បានថ្លែងថា ការបោះឆ្នោតនៅកម្ពុជា បានធ្វើឡើងស្របតាមបទដ្ឋានច្បាប់ជាធរមាន និងអនុលោមតាមស្តង់ដារអន្តរជាតិ។ ប្រសាសន៍បញ្ជាក់របស់លោក បានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលទើបបានទទួលនៅថ្ងៃនេះ។
លោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម បានបំពេញទស្សនកិច្ចនៅកម្ពុជា រវាងពីថ្ងៃទី២១ ដល់២៤កក្កដា ដែលដំណើរទស្សនកិច្ចនោះ គឺតបតាមការអញ្ជើញរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រៅពីដំណើរបំពេញទស្សនកិច្ច, លោកនាយករដ្ឋមន្ត្រីហ្គី ណេ ប៊ីសាវ បានអញ្ជើញចូលរួមសង្កេតការណ៍ដោយផ្ទាល់ក្នុងការបោះឆ្នោតសកលនៅកម្ពុជា ថែមទៀត។
សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ បានសរសេរថា «ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ បរិយាប័ន្ន តម្លាភាព និងក្នុងបរិយាកាសសន្តិភាព» មិនមានការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ឬការប្រើអំពើហិង្សាបុគ្គលឬការបង្ខិត បង្ខំបង្គាប់បញ្ជាណាមួយនោះទេ។
លោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម បានសរសេរបញ្ជាក់ថា «ក្នុងនាមជាអ្នកសង្កេតការណ៍,សូមគូសបញ្ជាក់អំពីដំណើរការប្រកបដោយសន្តិភាព និងភាពចាស់ទុំក្នុងដំណើរការ និងនីតិវិធីនៃការបោះឆ្នោត។ ការបោះឆ្នោតនេះ បានបង្ហាញពីវិជ្ជាជីវៈ និងឯករាជ្យភាព របស់ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធក្នុងដំណើរការទាំងមូល»។
លោកបានសរសេរបញ្ជាក់ក្នុងទីចុងបញ្ចប់ថា «ខ្ញុំសូមកោតសរសើរនូវភាពចាស់ទុំ និងសេរីភាព នៃគណបក្សនយោបាយ បែបប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា ដែលបានបង្ហាញអំពីធម្មានុរូប នៃការបោះឆ្នោតរបស់កម្ពុជា ដោយផ្អែកលើការចូលរួមរបស់ប្រជាជន និងអធិបតេយ្យភាព ហើយបានត្រួសត្រាយផ្លូវ ដើម្បីស្ថិរភាពនយោបាយជាមួលដ្ឋានចម្បង ដើម្បីធានាវិបុលភាព និងការអភិវឌ្ឍន៍សម្រាប់ប្រទេស និងប្រជាជនកម្ពុជា»។