ស្ត្រីបាត់ខ្លួនក្នុងជ្រោះឱម៉ាល់មិនទាន់រកឃើញទេបីថ្ងៃមកនេះ (Video Inside)

ស្ត្រីដែលបានបាត់ខ្លួននៅក្នុងទឹកជ្រោះឱម៉ាល់នៃខេត្តកំពត នៅមិនទាន់រកឃើញនៅឡើយទេ ខណៈដែលក្រុមសង្គ្រោះ បានបន្តការរុករកយ៉ាងសកម្ម បើទោះបីមេឃមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ។

នេះជាថ្ងៃទី៣ហើយ បន្ទាប់ពីការបាត់ខ្លួនរបស់កញ្ញា ផន ស្រីខួច អាយុ១៩ឆ្នាំ ក្នុងហេតុការណ៍ដែលនាងកំពុងស្ថិតក្នុងតង់ជាមួយមិត្តភក្តិ ក្បែរមាត់ជ្រោះឱម៉ាល់ ក្នុងហេតុការណ៍មួយ ដែលមានមេឃកំពុងធ្លាក់ភ្លៀងខ្លាំង វេលាទាបភ្លឺថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៣។

យុវជនឈ្មោះ សុង ទីមធន អាយុ២៣ឆ្នាំ ដែលស្ថិតក្នុងហេតុការណ៍នោះ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកជុំវិញហេតុការណ៍ដែលកើតឡើងក្នុងពេលនោះ។ នេះជាការដកស្រង់សម្តីខ្លះនៃហេតុការណ៍តាមរយៈវីដេអូដែលបង្ហោះតាមបណ្តាញសង្គម។

ក្នុងហេតុការណ៍នោះ, ស្ត្រីម្នាក់អាយុ១៩ឆ្នាំឈ្មោះ កែន ស្រីរ័ត្ន បានបាត់បង់ជីវិត និងស្ត្រីឈ្មោះ ផន ស្រីខួច បានបាត់ខ្លួន។ ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរក្នុងប្រព័ន្ធបណ្តាញសង្គមបញ្ជាក់នៅថ្ងៃទី១សីហានេះថា «ចូលដល់ថ្ងៃទី៣ហើយ ក៏នៅតែរកមិនឃើញប្អូនស្រី ដែលបាត់ខ្លួនលើជ្រោះឱម៉ាល់» នោះឡើយ។

សេចក្តីរាយការណ៍ពីទីកើតហេតុ បានបង្ហាញសកម្មភាពរបស់ក្រុមសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្ត ដែលកំពុងធ្វើកិច្ចការយ៉ាងសកម្ម ស្វែងរកស្ត្រីបាត់ខ្លួននោះ តាមបណ្តោយជ្រោះចុះមកខាងក្រោម ប៉ុន្តែរហូតមកទល់នឹងថ្ងៃទី៣នេះ នៅមិនទាន់បានរកឃើញនៅឡើយទេ។

ads banner