គជបប្រាប់គណបក្សនយោបាយប្រកួតប្រជែងធ្វើការប្តឹងតវ៉ាលទ្ធផលក្នុងរយៈពេល៧២ម៉ោង (Video Inside)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រាប់គ្រប់គណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោត អាចធ្វើការប្ដឹងតវ៉ាជុំវិញលទ្ធផល នៃការបោះឆ្នោត បន្ទាប់ពីមានការប្រកាសចេញលទ្ធផលបណ្តោះអាសន្នរបស់ខ្លួននៅថ្ងៃនេះ។
យោងតាមគជប, ចំនួនប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅបោះឆ្នោតសកលកន្លងមកនេះ មានជាង៨លាននាក់ ក្នុងនោះមានសន្លឹកឆ្នោតបានការ មានសរុបជាង ៧លាន៧សែន និងសន្លឹកឆ្នោតមិនបានការ សរុបចំនួន ជាង៤៤ម៉ឺនសន្លឹក។
យោងតាមលទ្ធផលបណ្តោះអាសន្នប្រកាសនៅថ្ងៃទី១សីហា, គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រ លើសលុបចំនួន៦លាន៣៩ម៉ឺន៨ពាន់៣១១សម្លេង, ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅលំដាប់ទី២ គឺទទួលបានសម្លេងគាំទ្រ ៧១ម៉ឺន ៦ពាន់ ៤៩០សម្លេង, គណបក្សខ្មែររួបរួមជាតិ ស្ថិតនៅលំដាប់ទី៣ ទទួលបានសម្លេងគាំទ្រ ១៣ម៉ឺន ៤ពាន់ ២៨៤សម្លេង និងគណបក្សនយោបាយចំនួន ១៥ផ្សេងទៀត មិនទទួលសម្លេងឆ្នោតគាំទ្រច្រើននោះឡើយ។ ការប្រកាសលទ្ធផលបោះឆ្នោតមាន ៣ដំណាក់កាល គឺលទ្ធផលបឋម, លទ្ធផលបណ្តោះអាសន្ន និងផលទ្ធផលផ្លូវការ។
គជប ក្នុងសេចក្តីប្រកាសដដែលបានថ្លែងបញ្ជាក់ទៀតថា «គ្រប់គណបក្សនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ តាមមណ្ឌលរាជធានីខេត្ត អាចប្ដឹងតវ៉ា អំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់ នៃការបោះឆ្នោត ក្នុងរយៈពេល៧២ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបណ្ដោះអាសន្ន»។
យោងតាមប្រតិទិនរបស់គជប ការប្រកាសលទ្ធផលចុងក្រោយ, ការបែងចែកអាសនៈសភា និងការកំណត់បេក្ខជនជាប់ឆ្នោត នឹងត្រូវធ្វើឡើងនៅចន្លោះពីថ្ងៃទី០៤ ខែសីហា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ សិនជាគ្មានពាក្យបណ្តឹង និងករណីគ្មានការបោះឆ្នោតណាមួយសាជាថ្មីនោះទេ។