២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣០០ករណី (Video Inside)
ប្រទេសចំនួន ៥ នៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩។ ប្រទេសកម្ពុជា មិនមានរកឃើញករណីឆ្លងថ្មីឡើយនៅថ្ងៃនេះ ដែលនាំឲ្យការមិនមានអ្នកឆ្លងសោះមានរយៈពេល ២សប្តាហ៍មកហើយ។
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣០២ករណី ដែលជាតួលេខឆ្លងបន្តថយចុះថែមទៀតចំនួន ៨៣ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។
ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១៣៧ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានការឆ្លងចំនួន ៣ករណី។ ប្រទេសឥណ្ឌូនេស៊ី, ថៃ, សឹង្ហបុរី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ការស្លាប់ដោយសារកូវីដ១៩ នៅអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះមាន ១១នាក់ ដែលជាពលរដ្ឋ នៃប្រទេសហ្វីលីពីន និងប្រទេសម៉ាឡេស៊ី។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣០ម៉ឺន ៩ពាន់ ៨៩៤ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៦៦១នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩២លានករណី, និងការស្លាប់មានជាង ៦លាន ៩០ម៉ឺននាក់៕