អង់គ្លេសផ្ដល់ការគាំទ្រជាសាច់ប្រាក់ សំដៅធ្វើឱ្យវិស័យកសិកម្មប្រទេសនីហ្សេរីយ៉ា​មានភាពធន់​នឹងអាកាសធាតុ

ឡុងដ៍៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly នឹងរៀបចំកញ្ចប់ជំនួយថ្មីដើម្បីធ្វើឱ្យវិស័យ​កសិកម្មរ បស់ប្រទេស​នីហ្សេរីយ៉ាកាន់តែ​មានភាពធន់នឹងអាកាសធាតុ។ ការរៀបចំនេះនឹងធ្វើឡើង​ក្នុងកំលុងពេល​នៃការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្វ្រិក។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលអង់គ្លេសថ្ងៃទី១ ខែសីហា​ លោក​ James Cleverly បានធ្វើដំណើរទៅដល់ប្រទេសនីហ្សេរីយ៉ាដោយសុវត្ថិភាព ហើយនឹង​បន្ត​ដំណើរ​ទស្សនកិច្ច​របស់លោកនៅ​អាហ្វ្រិក​រយៈពេល​បួន​ថ្ងៃ​ទៀត។​

ចំណែកកញ្ចប់ជំនួយនេះរួមមាន កិច្ចសន្យាជាទឹកប្រាក់ចំនួន ៥៥ លានផោន (ប្រហាក់​ប្រហែល​នឹង​៧០លានដុល្លារ) ដើម្បីជួយផ្លាស់ប្តូរសេដ្ឋកិច្ច​ជនបទ​របស់ប្រទេសនីហ្សេរីយ៉ា និងជំនួយចំនួន ២,៩លានផោន (ប្រមាណជា ៣, ៧លានដុល្លារ) ដើម្បីគាំទ្រប្រជាជនជាងបួនលាននាក់ក្នុងការ​ទទួលយក និ​ងពង្រីកការអនុវត្ត​កសិកម្ម​ប្រកបដោយនិរន្តរភាព។​

 លោក Cleverly បាននិយាយថា ៖ «ពួកយើងកំពុងរួមគ្នា​ផ្តោតលើអនាគត តាមរយៈការ​ដាក់ចេ​ញនូវវិធានការបៃតង​ស្អាត ទាំងក្នុងវិស័យកសិកម្ម និងការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​បង្កើតដំ​ណោះ​ស្រាយធន់នឹង​អាកាសធាតុសម្រាប់បញ្ហាដែល​យើងទាំងអស់គ្នាកំពុង​ប្រឈម​មុខនា​ពេលបច្ចុប្បន្ន ហើ​យនឹងប្រឈមមុខកាន់តែខ្លាំង​ឡើងនៅ​ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ»។ ​

បើតាមសេចក្ដីថ្លែងការណ៍​របស់រដ្ឋាភិបាលអង់គ្លេសដដែលបានឱ្យដឹងថា លោក Cleverly នឹង​ទស្សនា​មជ្ឈមណ្ឌលពាណិជ្ជកម្មរបស់​ប្រទេស​នីហ្សេរីយ៉ាឈ្មោះ Lagos នៅថ្ងៃអង្គារ និងរដ្ឋធានី Abuja របស់ប្រទេសអាហ្រ្វិកមួយនេះ នៅថ្ងៃពុធ។​

ជាមួយគ្នានេះរដ្ឋាភិបាលអង់គ្លេសបានសង្កត់ធ្ងន់ថា មូលនិធិថ្មីនេះនឹងជំរុញផលិតភាព ក៏ដូចជា​ភាពធន់​នៅក្នុងវិស័យ​កសិកម្មរបស់ប្រទេសអាហ្វ្រិកខាងលិច ​ឆ្លើយតបទៅនឹងផលប៉ះពាល់​នៃការ​ប្រែប្រួលអា​កា​សធាតុ ជួយ​អភិវឌ្ឍន៏ដំ​​ណាំដែលធន់នឹងកម្ដៅ ទឹកជំនន់ និង​បង្កើន​ជីវជាតិដីឡើង​វិញ។

គួរបញ្ជាក់ថា ប្រជាជនភាគច្រើនក្នុងទ្វីបអាហ្រ្វិក រស់នៅក្នុងតំបន់​ជនបទ ហើយដែលសេដ្ឋកិច្ច​របស់ពួកគេ​​​ច្រើន​ជាងពីរភាគបីនៃប្រជាជនសរុប គឺពឹងផ្អែកលើការធ្វើកសិកម្ម។ ពួកគេក៏ជាក្រុម​មនុស្សដែល​រងផ​លប៉ះពាល់ខ្លាំងចេញពីការ​ប្រែប្រួលអាកាសធាតុ ជាពិសេសគ្រោះរាំងស្ងួត និងទឹកជំនន់ ដែលបណ្តាល​ឱ្យ​មានការបំផ្លិចបំផ្លាញដល់ជីវភាពរស់នៅផងដែរ។​

កាលពីឆ្នាំកន្លងទៅនេះ មនុស្សជាង ៦០០ នាក់បានបាត់បង់ជីវិត និងយ៉ាងហោចណាស់មួយលាន​នាក់បា​ន​ផ្លាស់​ទីលំនៅ​ក្នុងប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីទឹកជំនន់ដ៏អាក្រក់បំផុតដែលមិនធ្លាប់កើត​ឡើង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍ចុងក្រោយ។​

បើតាមក្រុមជំនួយអន្តរជាតិកាលពីពេលនោះ ទឹកជំនន់បានបោកបក់បំផ្លាញដំណាំ និងបានធ្វើឱ្យ​កាន់តែមា​នភាព​ធ្ងន់ធ្ងរឡើងនូវវិបត្តិស្បៀងអាហារនៅក្នុងប្រទេស ដែលបណ្ដាលឱ្យមនុស្សរាប់លាន​នាក់​ធ្លាក់ចូលទៅក្នុងភាពក្រីក្រ កង្វះស្បៀងអាហារក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ៕

ប្រែសម្រួល៖កែវ បុស្បា

ប្រភព៖ UK sets out support to make Nigeria’s agriculture sector more climate- resilient

https://www.reuters.com/world/uk-sets-out-support-make-nigerias-agriculture-sector-more-climate-resilient-2023-07-31/?taid=64c85c9d4c0e53000146c3bd&utm_campaign=trueAnthem:+Trending+Content&utm_medium=trueAnthem&utm_source=twitter

ads banner