រដ្ឋមន្រ្តីក្រសួងការងារជំរុញនិស្សិតដែលទៅសិក្សាក្រៅប្រទេស ប្រឹងប្រែងសិក្សា និងចូលរួមលើកកម្ពស់កិត្តិយសជាតិ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញ និងលើកទឹកចិត្តដល់ក្រុមនិស្សិតកម្ពុជាដែលនឹងទៅសិក្សានៅក្រៅប្រទេស ឬទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ឱ្យប្រឹងប្រែងសិក្សា និងចូលរួមលើកកម្ពស់កិត្តិយសជាតិ។
ការជំរុញនេះ បានធ្វើក្នុងឱកាសឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតកម្ពុជា ចំនួន ២៤ នាក់ ដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៣ នាទីស្ដីការក្រសួងការងារ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។
ប្រភពក្រសួងការងារបានឱ្យដឹងថា ក្នុងឱកាសនេះឯកឧត្តម អ៊ិត សំហេង បានសាទរ និងជូនពរដល់និស្សិតទាំង២៤នាក់ឱ្យទទួលបានការសិក្សាជោគជ័យ និងត្រឡប់មកបំពេញការងារនៅកម្ពុជាវិញ ដើម្បីជួយជំរុញការអភិវឌ្ឍតាមវិស័យការងាររៀងៗខ្លួនឱ្យកាន់តែល្អប្រសើរ
ឯកឧត្តមបានបន្តថាកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់មន្ត្រីរាជការកម្ពុជានេះ គឺជាជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុន ដើម្បីលើកកម្ពស់វិស័យអប់រំ អភិវឌ្ឍន៍ធនធានមនុស្ស ដូច្នេះសង្ឃឹមថានិស្សិតកម្ពុជានឹងខិតខំប្រឹងប្រែងប្រើប្រាស់ឱកាសមួយនេះជាផលប្រយោជន៍សម្រាប់ស្ថាប័នរបស់ខ្លួន ក៏ដូចជាសង្គមជាតិទាំងមូល។
ពាក់ព័ន្ធនឹងចំណុចនេះដែរ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១ ខែសីហា បានគាំទ្រចំពោះការជំរុញឱ្យនិស្សិតកម្ពុជាដែលទៅសិក្សានៅក្រៅប្រទេសឱ្យប្រឹងប្រែងសិក្សា។ លោកថា កម្ពុជាកំពុងត្រូវការធនធានមនុស្សជាច្រើនសម្រាប់ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស។
លោកបន្តទៀតថា ៖ «ការសិក្សានៅបរទេស មានសារៈសំខាន់ណាស់ សំរាប់អនាគតរបស់និស្សិតផ្ទាល់ ក៏ដូចជាសម្រាប់ប្រទេសជាតិ ព្រោះសិស្សនិស្សិតអាចទទួលបាន បទពិសោធន៍ថ្មីៗ ក្នុងជីវិតប្រចាំថ្ងៃពី និ ស្សិតដទៃ ចំណេះដឹងបន្ថែម លើមុខជំនាញរបស់គេ ពិសេសពីសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសទាំងនោះ ដូច្នេះខ្ញុំសង្ឃឹមថា និស្សិតទាំងនោះ នឹងក្លាយជាធនធានសំខាន់របស់ជាតិ»។
លោកក ចេង គឹមអូន ប្រធានប្រតិភូនិស្សិតកម្ពុជាដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុនឆ្នាំ២០២៣ បានលើកឡើងនាឱកាសនោះដែរថា ក្នុងចំណោមនិស្សិតទាំង២៤នាក់នេះគឺជាមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប១៤ស្ថាប័ន។
លោកថា មុខជំនាញដែលត្រូវសិក្សានោះរួមមានប្រាំបីជំនាញដូចជា អភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធ, អភិវឌ្ឍន៍វិស័យឯកជន, លើកកម្ពស់គុណអប់រំ, អភិវឌ្ឍន៍កសិកម្ម និងអភិវឌ្ឍន៍ជនបទ, លើកកម្ពស់បរិស្ថានរស់នៅទីក្រុង, លើកម្ពស់ប្រព័ន្ធថែទាំសុខភាព និងសន្តិសុខសង្គម, លើកកម្ពស់មុខងាររដ្ឋបាលសាធារណៈ និង កសាងទំនាក់ទំនងអន្តរជាតិ៕ដោយ៖បូរ ពេជ្យហ្សាលីន