ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រួមគ្នា នូវអាគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាល ស្រុកបរកែវ។
រតនគិរី៖ ឯកឧត្ដម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តនគិរី បានជម្រុញដល់មន្ត្រីរាជការ និងមេភូមិ មេឃុំ ត្រូវយកចិត្តទុកដាក់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ និងខិតខំលើកទឹកចិត្តប្រជាពលរដ្ឋ ឲ្យមករកសេវានៅការិយាល័យច្រកចេញចូលតែមួយដោយខ្លួនឯង ជៀសវាងទៅពឹងពាក់អ្នកដទៃរត់ការឲ្យ ។ ការគូសបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងខណៈដែល ឯកឧត្ដម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រួមគ្នា នូវអគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាល ស្រុកបរកែវនារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងស្ថាប័ននានាក្នុងខេត្ត ព្រមទាំង អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ។
ឯកឧត្ដម បញ្ជាក់ថាដោយការមើលឃើញអំពីសំណូមពរ និងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងសេវារដ្ឋបាល ដាច់ដោយដុំៗ និងច្រើនកន្លែង ទើបរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតឲ្យមានច្រកចេញចូលតែមួយនេះឡើង ។ ដូច្នេះពេលនេះ ការិយាល័យខាងលើមានវត្តមាននៅនឹងមូលដ្ឋាន របស់បងប្អូនហើយ ។ សូមឲ្យប្រជាពលរដ្ឋទាំងអស់មកប្រើប្រាស់សេវានេះ ដោយខ្លួនឯង ដោយមិនត្រូវពឹងពាក់អ្នកដទៃរត់ការឲ្យខ្លួនឡើយ ។ ក្រៅពីនោះ មន្ត្រីរាជការ និងមេភូមិ ត្រូវខិតខំផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ជាពិសេសម្នាក់ៗត្រូវលើកទឹកចិត្តដល់ប្រជាពលរដ្ឋត្រូវការសេវាមកកាន់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋដោយខ្លួនឯង ពីព្រោះថា បើធ្វើដូច្នេះនឹងធ្វើឲ្យពួកគាត់មិនខ្លាចរអា និងថែមទាំងបានយល់ដឹងអំពីនីតិវិធីរដ្ឋបាលមួយចំនួន នៃតម្លៃសេវា ខណៈដែលមន្ត្រីជំនាញកំពុងបំពេញកិច្ចការប្រចាំថ្ងៃជូននោះ។
ដោយឡែកទាក់នឹងយុទ្ធនាការទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានយកវិទិការនេះក្រើនរំលឹកអភិបាលក្រុង ស្រុក ឱ្យអនុវត្តយុទ្ធនាការទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិអោយដូចជាភ្លៀងរលឹម នឹងត្រូវមឺុងម៉ាត់លើកិច្ចការងារនេះ ដោយធ្វើការប្រមូលរណាយន្ត រឹបអូសរថយន្តប៉ាកុង ឱ្យបាន ព្រោះមធ្យោបាយទាំងនេះ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់បម្រើឱ្យការបំផ្លាញព្រៃឈើ។ ព្រមជាមួយគ្នានេះចំពោះអ្នកប្រើប្រាស់ម៉ូតូតបូម សម្រាប់ដឹកជញ្ជូន សូមប្រើប្រាស់ឱ្យត្រូវ ពោលគឺដឹកកសិផល បើមានការដឹកជញ្ជូនឈើ អាជ្ញាធរនឹងអនុវត្តវិធានការ។ សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលឯកឧត្តមបានលើកឡើង ដែលកាលពីថ្ងៃទី២៤ កក្កដា កន្លងមក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឯកឧត្តមបានជំរុញឱ្យអាជ្ញាធរអនុវត្តឲ្យបាននូវយុទ្ធនាការនេះផងដែរ៕ដោយគតិ យុត្ត