មន្រ្តី៖ ការឈានទៅសម្រេចគោលដៅអភិវឌ្ឍជាតិ ទាមទារចាំបាច់​ការថែទាំសុខភាពធនធានមនុស្ស

អត្ថបទដោយ៖
CPA

​​​ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា​ បានលើកឡើងថា​​ ការឈានទៅសម្រេចគោលដៅអភិវឌ្ឍជាតិ ​ទាមទារ​ចាំបាច់យកចិត្តទុកដាក់ទៅការថែទាំសុខភាព​​ធនធានមនុស្ស​ ដើម្បី​ទទួលបានឱកាសប្រែក្លាយខ្លួនទៅជាមូលធនមនុស្សក្នុងគ្រួសារ សហគមន៍ និងជាតិប្រកបដោយសក្តានុពលភាព។

នេះជាការថ្លែង​របស់លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ និងជាប្រធាននៃអគ្គលេខា​ធិការ​គណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា ក្នុង​សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីសុខភាពសិក្សា និងបន្ស៊ីផែនការសកម្មភាពរបស់គ្រប់ស្ថាប័នចំណុះរដ្ឋបាលរាជធានីខេត្ត ​​រយៈពេលពីរថ្ងៃ ពី​ថ្ងៃទី២ និង​ទី​៣ ខែសីហា នា​មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់។​

​លោកជំទាវ សឿ សុជាតា ​បានថ្លែងនាពិធីនោះថា ៖ «ការឈានទៅសម្រេចគោលដៅអភិវឌ្ឍជាតិ២០៣០ ក្លា​យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសអភិវឌ្ឍនាឆ្នាំ២០៥០ ទាមទារឱ្យ​យើងចាំ​បាច់យកចិត្តទុកដាក់ លើ​ការថែទាំសុខភាពធនធានមនុស្ស ដោយ​ធ្វើយ៉ាងណាឱ្យ​ទទួលបានឱកាសប្រែក្លាយខ្លួនទៅជាមូលធនមនុស្សក្នុងគ្រួសារ សហគមន៍ និងជាតិប្រកបដោយសក្តានុពលភាព»។

លោកជំទាវ​បានបន្ថែមថា សុខភាពសិក្សា គឺមិនមែនសំដៅតែនៅក្នុងគ្រឹះស្ថានសិក្សាប៉ុណ្ណោះ តែគឺរួមទាំងកន្លែងធ្វើការ សហគមន៍ វត្តអារាម ផ្លូវថ្នល់ និងទីសាធារណៈផងដែរ។

សុខភាពរបស់ធនធានមនុស្សមានទំនាក់ទំនងឆ្លងឆ្លើយគ្នាទៅនឹងករណីផ្សេងៗ ដូចជា ចំណេះដឹងស្តីពីសុខភាពរបស់គ្រួសារសហគមន៍ សុវត្ថិភាពនិងសន្តិសុខក្នុងក្រុមគ្រួសារ សហគមន៍ សុវត្ថិភាពចំណីអាហារ ទឹក អាហារូបត្ថម្ភ និងសោភ័ណភាព បរិស្ថាន។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកជំទាវ សឿ សុជាតា។​

អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់​ ​លោក ចាន់ នី ក៏​បានលើកឡើងផងដែរ​ថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្រ្តីអប់រំនៅទូទាំងខេត្តនេះ​ ដែលមាន​ចំនួន ៤ ១៩០នាក់ ពិតជាបានខិតខំបំពេញការងារក្នុងវិជ្ជាជីវៈដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលបានធ្វើឱ្យ​គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ៤៥៦ និងសិស្សប្រមាណពីរម៉ឺននាក់មានភាពកក់ក្តៅក្នុងដំណើរអភិវឌ្ឍខ្លួនក្លាយជាពលរដ្ឋល្អរបស់ជាតិ។

​តាមរយៈក្រសួងអប់រំ យុវជន និងកីឡា លោក ងួន ប៉ោសេង អភិបាលរង​ខេត្តពោធិ៍សាត់ ដែល​ទទួលបន្ទុកការងារអប់រំ ក៏បានថ្លែងដែរថា ​គុណភាពចំណេះដឹង និងបំណិន អាចអភិវឌ្ឍដោយ​ផ្អែកជាពិសេសលើការថែ​ទាំសុខភាពរបស់សិស្ស៕ដោយ៖គឹម យុត្ថារ៉ូ

ads banner