សហព័ន្ធស្វាយចន្ទីកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមាគមស្វាយចន្ទីវៀតណាម ដើម្បីលើកកម្ពស់ការផលិតនិងកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
ភ្នំពេញ៖ លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជាបានប្រាប់នៅថ្ងៃទី២ ខែសីហាថា កាលពីចុងសប្តាហ៍កន្លងទៅ ខាងសហព័ន្ធស្វាយចន្ទីកម្ពុជាបានទៅជួបជាមួយប្រធានសមាគមស្វាយចន្ទីវៀតណាម នៅទីក្រុងហូជីមិញប្រទេសវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ខណៈដែលកម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីបានល្អជាងគេក្នុងពិភពលោក ហើយវៀតណាមជាប្រទេសដែលកែច្នៃនិងនាំចេញស្វាយចន្ទីច្រើនជាងគេក្នុងពិភពលោក។
លោកបានឱ្យដឹងថា គោលបំណងសំខាន់នៃកិច្ចពិភាក្សានោះ គឺការចែករំលែកបទពិសោធន៍ទៅវិញទៅមករវាងស្ថាប័នទាំងពីរក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតថែមទៀត ថែមទាំងជំរុញឱ្យក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីនៅវៀតណាម ទិញស្វាយចន្ទីដោយផ្ទាល់ពីកសិករ ឬសហគមន៍ ដោយមិនចាំបាច់ឆ្លងកាត់ឈ្មួញកណ្តាល ដើម្បីឱ្យកសិករទទួលបានតម្លៃបន្ថែម។
លោក អាន តារា បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រហែល៨៥ភាគរយ ទៅ ៩០ភាគរយការលក់ស្វាយចន្ទីទៅឱ្យអ្នកកែច្នៃនៅប្រទេសវៀតណាម ធ្វើឡើងតាមរយៈឈ្មួញកណ្តាល ខណៈដែលវៀតណាម គឺប្រទេសដែលទិញគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាច្រើនជាងរហូតជាង៩៥ភាគរយ។ប្រទេសទាំងពីរ ក៏ជាប្រទេសជាប់របងគ្នា ដែលភាពងាយស្រួលដល់ការដឹកជញ្ជូន»។
លោកបន្តថា សហព័ន្ធស្វាយចន្ទីចង់ឱ្យក្រុមហ៊ុនធំៗ ដែលមានស្តង់ដារនៅប្រទេសវៀតណាម ទទួលគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជា ដោយសារបច្ចុប្បន្ននេះ ការកែច្នៃផលិតផលស្វាយចន្ទីនៅកម្ពុជា នៅកម្រិតទាបនៅឡើយ ពោលគឺប្រមាណតែ ៥ ភាគរយប៉ុណ្ណោះ ខណៈដែលកម្ពុជាស្ថិតក្នុងប្រទេស ដែលផលិតបានច្រើនជាងគេនៅលើពិភពលោក។
«ការទទួលទិញពីកសិករដោយផ្ទាល់ អាចធ្វើឡើងតាមរយៈការសហការជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជា ហើយសហព័ន្ធស្វាយចន្ទីកម្ពុជា នឹងខិតខំជួយដល់កសិករ ដើម្បីឱ្យការប្រមូលផល និងហាលគ្រាប់ស្វាយចន្ទី ឱ្យបានត្រឹមតាមស្តង់ដារ»។ លោក តារា បានបញ្ជាក់បន្ថែម។
លោក ណុក ប៊ុនថន កសិករដាំដុះស្វាយចន្ទីនៅខេត្តកំពង់ធំ បានប្រាប់ឱ្យដឹងថា ការលក់គ្រាប់ស្វាយចន្ទីទៅឱ្យឈ្មួញកណ្តាល ពិតជាទទួលបានតម្លៃទាបជាងលក់ឱ្យក្រុមហ៊ុនវៀតណាមដោយផ្ទាល់មែន។ ម្យ៉ាវិញទៀត ពេលខ្លះឈ្មួញបង្អាប់តម្លៃតាមចិត្ត ជាពិសេសនៅពេលស្វាយចន្ទីសម្បូរខ្លាំង។
លោកបានប្រាប់ថា ៖ «វារឿងធម្មតាហើយ ឈ្មួញកណ្តាលឱ្យតែរបស់សម្បូរខ្លាំង(គ្រាប់ស្វាយចន្ទី) គេឱ្យតម្លៃថោក លក់ ឬមិនលក់ក៏ហីទៅ ហើយយើងប្រញាប់ត្រូវការលុយទូទាត់ដូច្នេះល្មមៗក៏លក់ទៅ»។
បើលោក ណុក ប៊ុនថន ថា ការជំរុញឱ្យមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកាន់តែច្រើន នឹងធ្វើតម្លៃគ្រាប់ស្វាយចន្ទីមានស្ថិរភាព និងមិនចាំបាច់ពឹងផ្អែកលើទីផ្សារវៀតណាមតែមួយ។
បើតាមការលើកឡើងពីលោក អាន តារា នៅពេលដែលកម្ពុជា កំពុងត្រៀមរៀបចំសន្និសិទស្វាយចន្ទីពិភពលោកនាឆ្នាំក្រោយនេះ លោកក៏បានអញ្ជើញសមាគមស្វាយចន្ទីវៀតណាមមកចូលរួមនិងចែករំលែកបទពិសោធនៃការរៀបចំវេទិកានេះផងដែរ។
លោកបានប្រាប់ ៖ «បន្ថែមពីនេះ យើងក៏ចង់ឱ្យក្រុមហ៊ុនកែច្នៃរបស់វៀតណាម មកតាំងបង្ហាញពីរបៀបនៃការកែច្នៃផលិតផលស្វាយចន្ទីរបស់វៀតណាម នៅក្នុងវេទិកានេះផងដែរ ដើម្បីជំរុញការកែច្នៃឱ្យអស់លទ្ធភាព ទាំងសាច់ និងសំបកស្វាយចន្ទីនៅកម្ពុជា»។
លោក អាន តារា បន្តថា អ្វីដែលសហព័ន្ធស្វាយចន្ទីប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីជួយការកែច្នៃវិស័យស្វាយចន្ទីរបស់ខ្មែរ ឱ្យស្របទៅតាមគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីដែលគម្រោងនៅឆ្នាំ២០២៧កែច្នៃបាន២៥ភាគរយ និងនៅឆ្នាំ២០៣២ កែច្នៃបាន៥០ភាគរយ»៕ដោយ៖វណ្ណ សុជាតា


