ស៊ុយអែត នឹងរៀបចំកិច្ចសន្ទនាជាមួយគណៈកម្មាធិការកម្ពុជា ស្តីពីសិទ្ធិមនុស្ស នៅខែកញ្ញា ខាងមុខនេះ

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតចប់អាណត្តិ ប្រទេសស៊ុតអែតប្រចាំនៅកម្ពុជា លោកស្រី ម៉ារៀ សាហ្គ្រេន (Maria Sargren) និងលោក កែវ រ៉េមី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឯកភាពគ្នានឹងរៀបចំវេទិកា នៃកិច្ចសន្ទនាស្តីពី បញ្ហាសិទ្ធិមនុស្សរវាងរដ្ឋាភិបាលទាំងពីរ នៅខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ដែលស៊ុយអែតនឹងធ្វើជាម្ចាស់ផ្ទះ។

ការឯកភាពគ្នារៀបចំវេទិកានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកស្រី ម៉ារៀ ជម្រាបលាលោក កែវ រ៉េមី ជាផ្លូវការ នៅទីស្ដីការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ដោយឡែកសម្រាប់របៀបវារៈនៃកិច្ចសន្ទនានេះ គឺក្រុមការងាររបស់ស្ថានទូតស៊ុយអែត និងក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងធ្វើការជាមួយគ្នាលម្អិតលើដំណើរការនេះបន្តទៀត។

នៅក្នុងឱកាសនះដែរ លោកស្រីអគ្គរដ្ឋទូតចប់អាណត្តិ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងស្ថានទូតប្រទេសស៊ុយអែត ប្រចាំកម្ពុជា ជាមួយរាជរដ្ឋាភិបាល ព្រមទាំងគណៈកម្មាធិការសិទ្ធិមនុស្ស ប្រកបដោយផ្លែផ្កជាវិជ្ជមាន កន្លងមក នៅក្នុងអាណត្តិរបស់ខ្លួន។

បន្ថែមពីនេះ លោកស្រី ម៉ារៀ សាហ្គ្រេន ក៏បានជំរុញឱ្យកម្ពុជា បន្តស្មារតី កិច្ចសហការល្អឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជាមួយអគ្គរដ្ឋទូតថ្មី ដែលនឹងមកបំពេញភារកិច្ចជំនួសលោកស្រី នៅក្នុងពេលឆាប់ៗនេះផងដែរ។

ភាគីទាំងពីរបានប្ដេជ្ញាចិត្តថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលកំពុងអនុវត្តជាមួយគ្នា ដែលស្របទៅនឹងគោលនយោបាយរួម របស់រដ្ឋាភិបាលស៊ុយអែត និងរាជរដ្ឋាភិបាលកម្ពុជា៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner