សេណេហ្គាល់បិទខ្ទប់ការចូលទៅប្រើប្រាស់កម្មវិធីតិក តុក ក្រោយ​រំលាយ​គណបក្សប្រឆាំងដ៏សំខាន់

សេណាហ្គាល់៖ កាលពីថ្ងៃពុធ កន្លងទៅថ្មីៗនេះ អាជ្ញាធរសេណេហ្គាល់បានបិទខ្ទប់ការចូលទៅប្រើប្រាស់​បណ្តាញសង្គម TikTok ក្នុងគោលដៅគៀបសង្កត់ទៅលើក្រុមប្រឆាំង​ បន្ទាប់ពីទើបនឹង​រំលាយ​គណបក្ស​ប្រឆាំងដ៏សំខាន់របស់​ប្រទេស ហើយបានចាប់មេដឹកនាំរបស់បក្សប្រឆាំងទៅឃុំឃាំង។

ការតស៊ូអំណាចគ្នារវាងមេដឹកនាំគណបក្ស Pastef លោក Ousmane Sonko និងប្រធានាធិបតីលោក Macky Sall បានបង្កឱ្យមានបាតុកម្មហិង្សាផ្ទុះឡើងជាថ្មី កាលពីថ្ងៃចន្ទ។ ការណ៍នេះ បានធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​​​របស់ប្រទេស​សេណេហ្គាល់​ ដែលត្រូវបានគេចាត់ទុកថា​ជា​ប្រទេស​ប្រជាធិបតេយ្យ​មានស្ថិរភាព​បំផុត​មួយនៅ​អាហ្វ្រិក​ខាងលិច ត្រូវបាន​បំផ្លាញត្រឹមមួយបព្រិចភ្នែក។

តំបន់អាហ្វ្រិក​ខាងលិច ​គឺជាតំបន់ដ៏ក្តៅគគុក ពោរពេញទៅដោយ​រលកកម្តៅ​នៃ​រដ្ឋប្រហារ​យោធា​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយមិនថមថយសោះឡើយ ជាក់ស្តែងដូចជានៅក្នុង​ប្រទេស​នីហ្សេរីយ៉ា កាលពី​មួយ​សប្តាហ៍​មុន។

ប្រទេសសេណេហ្គាល់ បានរំលាយគណបក្ស Pastef និងរឹតបន្តឹងការចូលប្រើអ៊ីនធឺណិតតាំងពីថ្ងៃចន្ទមក ដោយលើកឡើងថាវាកំពុងគំរាមកំហែងដល់ស្ថិរភាពរបស់ប្រទេស។ ចំណែក​ឯការបិទខ្ទប់ចូលទៅ​ប្រើប្រាស់​​កម្មវិធី TikTok វិញ ក៏ត្រូវបានរដ្ឋមន្ត្រីទំនាក់ទំនងរបស់រដ្ឋាភិបាលបច្ចុប្បន្នលើកហេតុផង​ស្រដៀងគ្នានេះដែរ។

លោក Moussa Bocar Thiam រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ទូរគមនាគមន៍ និងសេដ្ឋកិច្ចឌីជីថល​សេណេហ្គាល់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា កម្មវិធី TikTok គឺជាបណ្តាញសង្គមសំណប់ចិត្ត​របស់​ក្រុម​ដែលមានចេតនាអាក្រក់ដើម្បីផ្សព្វផ្សាយសារស្អប់ខ្ពើម និងសារបំផ្លាញប្រព័ន្ធនយោបាយ។

ដោយឡែក លោក Sonko ដែលជាប្រធានគណបក្សប្រឆាំង Pastef ត្រូវ​បានអាជ្ញាធរ​ចោទ​ប្រកាន់​ និង​ចាប់​​ទៅ​ឃុំ​ខ្លួន តាំងពី​ថ្ងៃ​សៅរ៍​មកម្ល៉េះពី​បទ​រៀប​ចំ​ការ​បះបោរ និង​បទ​ល្មើស​ផ្សេង​ទៀត។

អ្នកគាំទ្រគណបក្សប្រឆាំងដែលបានធ្វើបាតុកម្មស្ទើរតែពេញមួយឆ្នាំកន្លងមកនេះ បានចោទ​ប្រធានាធិបតី​លោក Macky Sall ថាជាអ្នកដាក់កំហិតរឿងនេះ ក្នុងគោលបំណងដើម្បីដកសិទ្ធិលោក Sonko ដើម្បីចូលរួមក្នុង ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២៤។

យ៉ាងណា​មិញ រដ្ឋាភិបាលសេណេហ្គាល់បច្ចុប្បន្ន បានបដិសេធចំពោះរឿងនេះ ហើយបែរទៅ​បន្ទោសលោក Sonko និង គណបក្ស Pastef ចំពោះការបង្កឱ្យមានហឹង្សាកើតឡើងក្នុងប្រទេស។

គួរជម្រាបថា កុប្បកម្មនៅក្នុងប្រទេសសេណេហ្គាល់បានផ្ទុះឡើងនៅទូទាំងប្រទេសតាំងពីខែមិថុនា ដោយមាន​មនុស្សស្លាប់យ៉ាងហោច​ណាស់ ១៦ នាក់ បន្ទាប់ពីលោក Sonko ត្រូវបានកាត់​ទោសឱ្យ​ជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំពីបទប្រព្រឹត្តអសីលធម៌ចំពោះមនុស្សដែលមានអាយុក្រោម ២១ ឆ្នាំ។

ចំណែកហិង្សាកាលពីយប់ថ្ងៃចន្ទ មនុស្សពីរនាក់ត្រូវបានសម្លាប់នៅក្នុងការតវ៉ាប្រឆាំងមួយនៅ​ភាគខាងត្បូងទីក្រុង Ziguinchor ឯមនុស្ស២នាក់ទៀតត្រូវបានឆេះស្លាប់កាលពីថ្ងៃអង្គារថ្មីៗនេះ នៅពេលដែលអ្នកបង្កហិង្សា​បានគប់​គ្រាប់បែក​សាំង​ចូលទៅក្នុងឡានក្រុងដឹកអ្នកដំណើរ៕

ដោយៈ ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ https://www.reuters.com/world/africa/senegal-suspends-tiktok-saying-it-was-threatening-stability-2023-08-02/

ads banner