លោក លី សាក់គ្រីយ៉ា៖ ធម្មជាតិ នៅភ្នំត្បែងអស្ចារ្យ ខ្ញុំស្រឡាញ់កម្ពុជា និងស្រឡាញ់ប្រជាជនកម្ពុជា
ភ្នំពេញ៖ លោក លី សាក់គ្រីយ៉ា ជនជាតិប៉ាគីស្ថាន បានចំណាយពេលជាច្រើនឆ្នាំ នៅកម្ពុជា និងធ្វើជាគ្រូបង្រៀន ខេត្តព្រះវិហារ ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្ត ទៅវិញទៅមករវាងកម្ពុជា និងប៉ាគីស្ថាន។
ថ្លែងបញ្ជាក់ក្រុមការងារទូរទស្សន៍អប្សរាបែបនេះ ធ្វើឡើងក្រោយជនជាតិប៉ាគីស្ថានរូបនេះ ធ្វើដំណើរកម្សាន្ត ជាមួយនិស្សិត នៃវិទ្យាស្ថានអាស៊ីកម្ពុជា សាខាខេត្តព្រះវិហារប្រមាណជា២០នាក់ ទៅកាន់សហគមន៍ការពារព្រៃតាំងយូរ នៅលើភ្នំត្បែងមានជ័យ ស្ថិតក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
លោក លី សាក់គ្រីយ៉ា ថា ធម្មជាតិនៅខេត្តព្រះវិហារកាន់តែអស្ចារ្យ ខ្ញុំស្រឡាញ់ទីនេះ ធម្មជាតិលើភ្នំត្បែងពិតជាស្អាត សម្បូរដោយធម្មជាតិ ជាកន្លែងដ៏ល្អសម្រាប់លម្ហែខួរក្បាល អារម្មណ៍ធូរស្រាល ទើបធ្វើអោយខ្ញុំសម្រេចចិត្តមកបង្រៀន ដើម្បីចែករំលែកនូវអ្វីដែលខ្ញុំមាន ជួយដល់ប្រជាជន ដើម្បីអភិវឌ្ឍន៍នៅខេត្តនេះ។ បើនិយាយពីប្រទេសកម្ពុជាគឺអស្ចារ្យ ប្រជាជនមានភាពរាក់ទាក់ខ្លាំងខ្ញុំស្រឡាញ់ពួកគាត់ ពួកគាត់មានភាពកក់ក្តៅ ស្វាគមន៍មិនប្រកាន់ថាអ្នកណាជានណារទេ ធ្វើអោយខ្ញុំមានអារម្មណ៍ថាកម្ពុជាជាផ្ទះខ្លួនឯងអញ្ចឹង ទោះបីនៅឆ្ងាយពីផ្ទះខ្លួនឯងក៏ដោយ ខ្ញុំមានអារម្មណ៍ថាកម្ពុជាដូចជាផ្ទះខ្ញុំជាងផ្ទះនៅប្រទេសខ្ញុំទៀត មានវប្បធម៌ និងប្រវត្តិសាស្រ្តដ៏សម្បូរបែប ដើម្បីបង្កើនទំនាក់ទំនងជាមួយគ្នា សិក្សាជាមួយគ្នា។ លោក លី សាក់គ្រីយ៉ា បន្ថែមថា ។
ដោយឡែកនិស្សិត វិទ្យាអាស៊ីកម្ពុជា ខេត្តព្រះវិហារ បានលើកឡើងថា សហគមន៍តាំងយូរ ភ្នំត្បែង ពិតជាស្អាត ពេលឡើងមកដល់ធ្វើភាពហ្មត់នើយពីការសិក្សាបាត់អស់ ហើយសប្បាយជាមួយធម្មជាតិ សំលេងទឹកហូរ ព្រៃឈើ ទឹកធ្លាក់ ។
សូមបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិតាំងយូរ ភ្នំត្បែងមានជ័យ គឺជាតំបន់ទេសចរប្រវត្តិសាស្រ្តមួយ ស្ថិតនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ហើយបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ភ្នំត្បែងមានជ័យ មានផ្ទៃដីប្រមាណជាង២ម៉ឺន៥ពាន់ហិចតា គ្រប់ដណ្តប់ចំនួន៥ស្រុក ក្នុងខេត្តព្រះវិហារ និងមាន៣សហគមន៍ គឺសហគមន៍ដាតាវឹក សហគមន៍ចាក់អង្រែ និងសហគមន៍តំបន់ការពារធម្មជាតិតាំងយូរ៕ ចាន់ វិចិត្រ