សម្តេចតេជោ ហ៊ុន សែន ៖ ពិធីសម្ពោធផ្លូវក្រវាត់ក្រុងទី៣ ជាថ្ងៃចុងក្រោយនៃការថ្លែងសុន្ទរកថា ក្នុងនាមនាយករដ្ឋមន្រ្តី
(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត ៥៣ គីឡូម៉ែត្រ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា បានប្រកាសថា ថ្ងៃនេះ គឺជាការថ្លែងសុន្ទរកថាចុងក្រោយរបស់សម្ដេច ក្នុងនាមជានាយករដ្ឋមន្ត្រី។
សម្តេចតេជោ បន្តថា នៅពេលខាងមុខ សមិទ្ធផលនានា នឹងត្រូវសម្ពោធដោយ នាយក រដ្ឋមន្ត្រីថ្មី ដែលរួមមានទាំងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដែលនឹងសម្ពោធ នៅខែតុលា ឆ្នាំ២០២៣ ផងដែរ ។
សម្តេច បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋថា ការចាកចេញពីតំណែងនាយករដ្ឋមន្រ្ដីរបស់សម្ដេចនាពេលខាងមុខ គឺថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ មិនមែនជាការចាកចេញដោយរត់ចោលស្រុកនោះទេ សម្ដេចនៅតែបន្តនៅជាមួយប្រជាជនកម្ពុជាជារៀងរហូត ។
សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ដែរថា ប្រសិនបើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានបញ្ហាអ្វីមួយ ប៉ះពាល់អាយុជីវិត នោះ សម្ដេច នឹងត្រលប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីសាជាថ្មី ដើម្បីធានារក្សាស្ថិរភាពសង្គម។
សម្តេចបានបញ្ជាក់ដូច្នេះថា ខ្ញុំសុំព្រមានមួយទុកឲ្យហើយ ប្រសិនបើកូនខ្ញុំមានគ្រោះថ្នាក់ដល់ជីវិត លទ្ធភាពត្រលប់មកធ្វើជានាយករដ្ឋមន្ដ្រីវិញ គឺខ្ញុំ ត្រូវតែមកវិញធ្វើជានាយករដ្ឋមន្ដ្រី ។ បញ្ជាក់ឲ្យច្បាស់ ខ្ញុំអត់ទាន់ឲ្យប្រទេសនេះច្របូកច្របល់។ ហើយបន្ទាប់ពីនោះ ខ្ញុំនឹងជ្រើសរើសនរណាម្នាក់ធ្វើជានាយករដ្ឋមន្ដ្រីបាន ហើយនេះ ខ្ញុំបានជម្រាបគណៈរដ្ឋមន្ដ្រីឆ្លងតាំងពីខែធ្នូ ឆ្នាំ២០២១ឯណោះ បើសិនជា ម៉ា ណែត គ្រោះថ្នាក់ដល់ជីវិត នោះខ្ញុំត្រូវវិលត្រលប់មកធ្វើជានាយករដ្ឋមន្ដ្រីវិញ ។
សម្ដេចតេជោ ក៏បានបង្ហើបដែរថា ព្រះករុណា នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នឹងតែងតាំងឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ។ ជាមួយគ្នានេះ សម្តេច ក៏បានថ្លែងអំណរគុណចំពោះការគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មីនេះ ។
ជុំវិញឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់អ្នកយកព័ត៌មានថា បេក្ខភាពនាយករដ្ឋមន្ត្រីរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺស្របទៅតាមគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា រួមមាន៖ ១-ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានការបោះឆ្នោតគាំទ្រជ្រើសតាំងដោយគណបក្ស, ២-បានជាប់ជាអ្នកតំណាងរាស្ត្រគណបក្សឈ្នះឆ្នោត មណ្ឌលរាជធានីភ្នំពេញ, ៣-ទទួលបានការឧទ្ទេសនាម ទូលថ្វាយព្រះមហាក្សត្រ ដើម្បីចេញព្រះរាជក្រឹត្យទទួលស្គាល់ជាបេក្ខជននាយករដ្ឋមន្ត្រី និងរៀបចំសមាសភាពគណៈរដ្ឋមន្ត្រី ដាក់ឆ្លងសុំសេចក្ដីទុកចិត្តពីរដ្ឋសភា ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ