ចិនដាក់ការកំណត់លើរយៈពេលចូលប្រើប្រាស់អ៊ីនធឺណិតរបស់កុមារ ក្រោយការព្រួយបារម្ភលើ ជំងឺម្ញូបភ្នែក
ប៉េកាំង៖ និយ័តករអ៊ីនធឺណិតរបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃពុធថា កុមារដែលមានអាយុក្រោម ១៨ ឆ្នាំគួរតែត្រូវបានកំណត់អតិបរមា ២ ម៉ោងក្នុងមួយថ្ងៃនៅលើទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ។ ការថ្លែងរបស់និយ័តករអ៊ីនធឺណិតចិនបែបនេះ បានធ្វើឱ្យភាគហ៊ុននៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាមានការធ្លាក់ចុះជាលំដាប់។
ក្រុមរដ្ឋបាលដែលទទួលបន្ទុកលើការប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសចិន (CAC) បាននិយាយថា ខ្លួនត្រូវការក្រុមហ៊ុនផ្ដល់សេវាកម្មដែលមានបច្ចេកវិទ្យាឆ្លាតវៃ ដែលមានលទ្ធភាពក្នុងការរារាំងអ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៨ ឆ្នាំពីការចូលប្រើអ៊ីនធឺណិតនៅលើទូរស័ព្ទដៃចាប់ពីម៉ោង ១០ យប់ដល់ម៉ោង ៦ ព្រឹក។
បើតាមការកំណត់ថ្មីរបស់រដ្ឋាភិបាលចិននេះ អ្នកប្រើប្រាស់ដែលមានអាយុពី ១៦ ទៅ ១៨ ឆ្នាំនឹងត្រូវបានអនុញ្ញាតពីរម៉ោងក្នុងមួយថ្ងៃ រីឯកុមារដែលមានអាយុពី ៨ ទៅ ១៦ ឆ្នាំនឹងទទួលបានមួយម៉ោង ចំណែកកុមារអាយុក្រោម ៨ ឆ្នាំនឹងត្រូវបានអនុញ្ញាតត្រឹមតែ ៨ នាទីប៉ុណ្ណោះ។
ប៉ុន្តែអ្នកទទួលបន្ទុកផ្នែកនេះដដែលបាននិយាយថា ក្រុមហ៊ុនអ៊ីនធឺណិតគួរតែអនុញ្ញាតឱ្យឪពុកម្តាយមានសិទ្ធិជ្រើសរើសដែនកំណត់នៃពេលវេលាសម្រាប់កូនៗរបស់ពួកគេផងដែរ។
យ៉ាងណាមិញ តាមរយៈសេចក្ដីព្រាងថ្មីរបស់ចិននេះ ភាគហ៊ុននៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាចិនភាគច្រើនបាន និងកំពុងធ្លាក់ចុះជាបន្តបន្ទាប់។ Bilibili និង Kuaishou ដែលជាគេហទំព័រចែករំលែកវីដេអូ បានធ្លាក់ចុះ ៦.៩៨ ភាគរយ និង ៣.៥៣ ភាគរយរៀងគ្នា ខណៈដែល Tencent Holdings ដែលដំណើរការកម្មវិធីបណ្តាញសង្គម WeChat បានធ្លាក់ទាបជាង ២.៩៩ភាគរយ។
លោក Xia Hailong មេធាវីនៅក្រុមហ៊ុនច្បាប់ Shanghai Shenlun បាននិយាយថា ច្បាប់នេះនឹងក្លាយ ជាបញ្ហាដែលឈឺក្បាលសម្រាប់ក្រុមហ៊ុនអ៊ីនធឺណិតនៅប្រទេសចិន។
លោកបានបន្តថា៖ «វាទាមទារនូវការខិតខំប្រឹងប្រែងជាច្រើន និងការចំណាយបន្ថែមដើម្បីអនុវត្តលក្ខខណ្ឌបទប្បញ្ញត្តិថ្មីនេះឱ្យបានត្រឹមត្រូវ ហើយហានិភ័យនៃការមិនគោរពតាមក៏នឹងខ្ពស់ខ្លាំងណាស់ដែរ។ ដូច្នេះខ្ញុំជឿថា ក្រុមហ៊ុនអ៊ីនធឺណិតជាច្រើនប្រហែលជាពិចារណាហាមមិនឱ្យអនីតិជនប្រើប្រាស់សេវារបស់ខ្លួនដោយផ្ទាល់នោះទេ»។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពី
អត្រានៃជំងឺ myopia (ម្ញូប) និងការញៀនអ៊ីនធឺណិតក្នុងចំណោមមនុស្សវ័យក្មេង។ កាលពីឆ្នាំ ២០២១កន្លងទៅ រដ្ឋាភិបាលបានដាក់បម្រាមគោចរសម្រាប់អ្នកលេងវីដេអូហ្គេមដែលមានអាយុក្រោម ១៨ ឆ្នាំ។ ហើយការដាក់បម្រាមនាពេលនោះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្រុមហ៊ុនហ្គេមយក្សដូចជា Tencent ជាដើម។
គិតត្រឹមខែតុលា ឆ្នាំ ២០២១ កុមារ និងក្មេងជំទង់ចំនួន ៥២.៧ភាគរយ នៅក្នុងប្រទេសចិនមានជំងឺ myopic ហើយអត្រានេះគឺខ្ពស់ជាង ២.៥% ក្នុងឆ្នាំ ២០១៩ ។ នេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលជាតិសម្រាប់ព័ត៌មានជីវបច្ចេកវិទ្យា។
ដោយឡែក គេហទំព័រចែករំលែកវីដេអូដូចជា Bilibili, Kuaishou និង ByteDance ចាប់តាំងពីឆ្នាំ ២០១៩ មក បានកំណត់ “មុខងារយុវវ័យ”ដែលជាការដាក់កម្រិតអ្នកប្រើប្រាស់ក្នុងការចូលប្រើខ្លឹមសារ និងរយៈពេលនៃការប្រើប្រាស់។
រីឯកម្មវិធី Douyin ដែលស្រដៀងគ្នាទៅនឹង បណ្ដាញសង្គមTikTok របស់ ByteDance ក៏បានរារាំងក្មេងជំទង់មិនឱ្យប្រើវាលើសពី ៤០ នាទីផងដែរ៕
ប្រែសម្រួល:កែវ បុស្បា