សម្តេចតេជោចំអកដាក់លើក្រុមអ្នកវិភាគមិនឯករាជ្យ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងចំអកដាក់លើក្រុមអ្នកវិភាគ ដែលមានទំនោរលើក្រុមប្រឆាំង ដែលនិយាយថា ការតែងតាំងបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី បាននាំឱ្យមានជម្លោះ ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។

ការវិភាគរបស់ក្រុមធ្វើនយោបាយប្រឆាំង វេលាចុងក្រោយនេះ ត្រូវគេឃើញថា បានព្យាយាមចាក់ចុចឱ្យមានការបែកបាក់នូវរង្វង់ផ្ទៃក្នុង ដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយម្តងបានផ្គូរផ្គងកូនប្រុសសម្តេចពិជ័យសេនា ទៀ បាញ់ និងម្តងបានផ្គូរផ្គងកូនប្រុសរបស់សម្តេចក្រឡាហោម ស ខេង ជាបេក្ខជននាយករដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវខ្សែក្រវាត់ក្រុងទី៣ នាថ្ងៃទី៣សីហា បានថ្លែងថា ការវិភាគរបស់ក្រុមធ្វើនយោបាយប្រឆាំងនោះ បានដើរឆ្ងាយខុសពីការពិត។

បណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីក្នុងពេលខាងមុខនេះ គឺជាឥស្សរជននយោបាយកំពូលមួយរូប របស់គណបក្សប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ដំណាក់កាលធំៗ២រួចមកហើយ យោងតាមច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីការក្លាយជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសកម្ពុជា។

ដំណាក់កាលធំៗទាំង២ ដែលបានឆ្លងកាត់រួចមកនេះ ត្រូវសម្តេចតេជោបានបញ្ជាក់ថាគឺទី១ ការឆ្លងកាត់ការជ្រើសតាំងរបស់សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ គណបក្សប្រជាជនកម្ពុជាក្នុងខែធ្នូឆ្នាំ២០២១ ដែលសម្រេចតែងតាំងបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី…និងដំណាក់កាលទី២ គឺបានជាប់ជាសមាជិកសភាតំណាងរាស្ត្រ ក្នុងមណ្ឌលភ្នំពេញ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។

សម្តេចបានបញ្ជាក់បន្ថែមថាពេលវេលាដែលសម្តេចបានផ្ទេរតំណែងដល់យុវជនជំនាន់ក្រោយដើម្បីដឹកនាំប្រទេសជាតិនាពេលនេះ គឺមិនមែនដោយសារតែបណ្ឌិត ហ៊ុន ម៉ាណែត ជាកូនរបស់សម្តេចនោះឡើយ។

យោងតាមប្រក្រតិទិនដែលត្រៀមទុក, បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីពិតប្រាកដ ចាប់ពីថ្ងៃទី២២សីហាខាងមុខនេះទៅ។ ក្នុងរង្វង់សមាសភាពដឹកនាំរាជរដ្ឋាភិបាលថ្មី ដែលនឹងលេចឡើងនាពេលខាងមុខនេះ ត្រូវសម្តេចតេជោបង្ហើបថា មានយុវជនថ្នាក់បណ្ឌិត ប្រមាណជិតពាក់កណ្តាល។

ads banner