សម្តេចតេជោបានថ្លែងថា ចំនួនពលរដ្ឋដែលបោះឆ្នោតសកលបានបង្ហាញថាកម្លាំងប្រជាធិបតេយ្យឈ្នះ លើក្រុមអនាធិបតេយ្យ (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាការបោះឆ្នោតសកលថ្ងៃទី២៣កក្កដា គឺជាការបោះឆ្នោតមួយ ដែលមានលក្ខណៈខុសពីអ្វី ដែលធ្លាប់មានការបោះឆ្នោតសកលកន្លងមក។
ការបោះឆ្នោតសកលថ្ងៃទី២៣កក្កដាកន្លងមកនេះ មិនត្រឹមតែជាការប្រកួតប្រជែងរវាងគណបក្សនយោបាយ និងគណបក្សនយោបាយដែលឈរឈ្មោះសម្រាប់ឱ្យពលរដ្ឋបោះ ដើម្បីក្លាយជាតំណាងរាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកួតប្រជែងរវាងក្រុម ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យដែលទ្រទ្រង់ការបោះឆ្នោតសម្រាប់ការផ្លាស់ប្តូរ និងក្រុមម្ខាងទៀតជាក្រុមអនាធិបតេយ្យដែលរារាំងដំណើរការបោះឆ្នោត។
សម្តេចបានថ្លែងបញ្ជាក់យ៉ាងនេះនៅថ្ងៃទី៣ សីហា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវខ្សែក្រវាត់ក្រុងទី៣របស់រាជធានី ដោយបញ្ជាក់ថា កម្លាំងគាំទ្រការបោះឆ្នោត បានឈ្នះលើកម្លាំង ដែលព្យាយាមរារាំងពលរដ្ឋមិនឱ្យទៅបោះឆ្នោតហើយ។
ឧបាយកលរបស់ក្រុមដែលចង់រារាំងមិនឱ្យកម្ពុជាធ្វើការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ត្រូវគេឃើញថាបានទទួលការបិទភ្នែក, ធ្វើគ, ធ្វើថ្លង់ ពីក្រុមប្រទេសមួយចំនួន ដែលតាំងខ្លួនជាបិតាលទ្ធិប្រជាធិបតេយ្យ។ ប្រទេសទាំងនោះថែមទាំងនិយាយចោទដាក់លើកម្ពុជាទៀតថា ដំណើរការបោះឆ្នោតសកលកន្លងមកនេះ មិនស្របតាមគន្លងលទ្ធិប្រជាធិបតេយ្យឡើយ។
សម្តេចតេជោបានថ្លែងជាសាធារណៈប្រាប់បរទេស ដែលចូលចិត្តឈឺឆ្អាលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា លើកត្តាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យត្រូវបញ្ឈប់នូវអំពើជ្រៀតជ្រែកទាំងនោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាការបោះឆ្នោតសកលនៅកម្ពុជាកន្លងមកនេះ មានការចូលរួមតាមដានសង្កេតការណ៍ពីប្រទេសចំនួន៦៥ មកពីសកលលោក និងក្រុមអ្នកសង្កេតការណ៍ បានធ្វើសេចក្តីវាយតម្លៃរបស់ខ្លួន បញ្ជាក់ថា ដំណើរការបោះឆ្នោតនៅកម្ពុជា បានប្រព្រឹត្តទៅដោយភាពសេរី និងយុត្តិធម៌ស្រប និងគ្មានអំពើហិង្សាបានកើតឡើងឡើយ។
សម្តេចតេជោ បានថ្លែងថាមានប្រទេសតិចតួចដែលរិះគន់ បានតាំងខ្លួនឯងជាសហគមន៍អន្តរជាតិ ខណៈដែល៦៥ប្រទេស ដែលបានមកសង្កេតការណ៍ និងវាយតម្លៃលើដំណើរការបោះឆ្នោតនៅកម្ពុជានោះ បែរជាគេមិនបានមើលឃើញឡើយ។
សម្តេចបានថ្លែងថា «ប្រជាធិបតេយ្យឬមិនប្រជាធិបតេយ្យ គឺអាស្រ័យលើប្រជាជនទេ ដែលទៅបោះឆ្នោត»។ សម្តេចបានថ្លែងបន្តថា «ប្រជាធិបតេយ្យឬមិនប្រជាធិបតេយ្យ» មិនមែនអាស្រ័យលើសម្តីរបស់បរទេសដែលប្រើសម្តីរិះគន់ដែលគ្មានការពិតឡើយ។