កម្ពុជាទទួលជំនួយជាង២លានដុល្លារពី NPA ក្នុងការបោសសំអាតមីន (Video Inside)
កម្ពុជាគ្រោងនឹងទទួលជំនួយប្រមាណជាង ២លានដុល្លារពីអាល្លឺម៉ង់ សម្រាប់គម្រោងបោសសម្អាតមីន នៅក្នុងខេត្តចំនួនបីគឺខេត្តបន្ទាយមានជ័យ, ឧត្តរមានជ័យ និងព្រះវិហារ។
អង្គភាពស៊ីម៉ាក់បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ពិធីចុះហត្ថលេខាទទួលជំនួយនឹងប្រព្រឹត្តទៅនៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញនាសប្តាហ៍ទី២ ក្នុងខែសីហា ឆ្នាំ២០២៣។
គម្រោងនៃថវិកាជំនួយ ២លាន ១០ម៉ឺនដុល្លារនោះ នឹងត្រូវចុះហត្ថលេខារវាងអង្គភាពស៊ីម៉ាក់ តំណាងដោយអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាលោក ហេង រតនា និងប្រធានអង្គការជំនួយរបស់ប្រជាជនណ័រវ៉េ លោករូន គ្រីស្ទាន ដេល អង់ដ្រេសិន Rune Kristian Dale-Andresen ប្រចាំនៅកម្ពុជា។
គម្រោងជំនួយចំពោះកម្ពុជានេះ ទទួលបានការគាំទ្រជាហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ សម្រាប់រយៈពេល១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២៤ ដែលអង្គភាពស៊ីម៉ាក់ នឹងត្រូវអនុវត្តកិច្ចប្រតិបត្តិការបោសសម្អាតផ្ទៃដីចម្ការមីន ទំហំប្រមាណ ១ពាន់ ៦០០ហិកតា សម្រាប់ខេត្តទាំងបី។ កម្ពុជាបានដាក់ចេញនូវផែនការបោសសំអាតគ្រាប់មីនឱ្យអស់ពីក្នុងដីនៅក្នុងឆ្នាំ២០២៥។