អ៊ីរ៉ង់ធ្វើសមយុទ្ធកងទ័ពជើងទឹកក្បែរប្រជុំកោះឈូងសមុទ្រយុទ្ធសាស្រ្ត
តេហេរ៉ង់៖ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹក ស្ថិតនៅក្បែរប្រជុំកោះឈូងសមុទ្រយុទ្ធសាស្រ្ត ដែលគ្រប់គ្រងដោយប្រទេសអ៊ីរ៉ង់ ប៉ុន្តែក៏មានការទាមទារពីប្រទេសអេមីរ៉ាត់អារ៉ាប់រួមផងដែរ។
សមយុទ្ធកងទ័ពជើងទឹករបស់អ៊ីរ៉ង់ ដែលត្រូវបានធ្វើឡើងភាគច្រើននៅជិតកោះ Abu Musa, កោះ Greater និងកោះ Lesser Tunb បានកើតមានឡើងពីរសប្តាហ៍ បន្ទាប់ពីសហរដ្ឋអាមេរិកបានបង្កើនវត្តមានកងទ័ពជើងទឹករបស់ខ្លួននៅឈូងសមុទ្រ។ យ៉ាងណាមិញ គេនៅពុំទាន់ច្បាស់ថាតើការធ្វើសមយុទ្ធនេះ នឹងមានរយៈពេលប៉ុន្មានថ្ងៃនោះទេ។
បើតាមទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការរបស់អ៊ីរ៉ង់ សមយុទ្ធកងទ័ពជើងទឹករបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានចាប់ផ្តើមនៅព្រឹកថ្ងៃពុធសប្តាហ៍នេះ មានគោលបំណងការពារកោះអ៊ីរ៉ង់នៅឈូងសមុទ្រពែក្ស។
កោះទាំងបី ដែលមានទីតាំងនៅជិតច្រកសមុទ្រហ័រមូស (Hormuz) ដែលជាច្រកសមុទ្រដ៏សំខាន់រវាងឈូងសមុទ្រ និងមហាសមុទ្របើកចំហ ដែលតាមរយៈនោះ មួយភាគប្រាំនៃទិន្នផលប្រេងពិភពលោកឆ្លងកាត់ គឺជាប្រភពនៃជម្លោះរវាងប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងអ៊ីរ៉ង់អស់ជាច្រើនទសវត្សរ៍មកហើយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា



