លោក ថាក់ស៊ីន ទំនងជាលុបចោលការត្រឡប់មកកាន់ប្រទេសថៃ ចំពេលមានការពន្យារពេលបោះឆ្នោតនាយករដ្ឋមន្រ្តី
បាងកក៖ លោក ថាក់ស៊ីន ទំនងជាលុបចោលគម្រោងវិលត្រឡប់មកកាន់ប្រទេសថៃរបស់គាត់ ដោយសារតែភាពស្រពិចស្រពិលក្នុងការបង្កើតរដ្ឋាភិបាលថ្មី នេះបើតាមប្រភពដែលដឹងអំពីបញ្ហានេះ បាននិយាយនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលរស់នៅនិរទេសខ្លួនឯងនៅក្រៅប្រទេសថៃ ចាប់តាំងពីខែសីហា ឆ្នាំ២០០៨មក បាននិយាយពីមុនថា រូបលោកនឹងហោះហើរត្រឡប់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិដនមឿង ទីក្រុងបាងកកវិញ នៅថ្ងៃទី១០ ខែសីហាខាងមុខនេះ។
ប៉ុន្តែប្រភពចុងក្រោយបានឱ្យដឹងថា អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ ទំនងជានឹងកំណត់ពេលវេលាវិលត្រឡប់មកកាន់ប្រទេសថៃវិញរបស់គាត់ បន្ទាប់ពីរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង នៅពេលដែលស្ថានភាពនយោបាយកាន់តែមានស្ថិរភាព។
ការវិវឌ្ឍន៍ចុងក្រោយបង្អស់ ស្តីពីការពន្យារពេលក្នុងការវិលត្រឡប់មកវិញរបស់លោក ថាក់ស៊ីន ខាងលើនេះ កើតឡើងចំពេលមានសេចក្តីរាយការណ៍ថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តី ក្នុងសម័យប្រជុំរួមរដ្ឋសភា និងព្រឹទ្ធសភា ដែលគ្រោងធ្វើឡើងក្នុងសប្តាហ៍នេះ គឺត្រូវបានពន្យារពេល។
នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានរដ្ឋសភាថៃ លោក វ៉ាន់ ម៉ូហាម៉ាត់ ណួរ ម៉ាថា បានប្រកាសថា ការបោះឆ្នោតលើកទី៣ ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តី ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃសុក្រសប្តាហ៍នេះ នឹងត្រូវលើកទៅពេលក្រោយ ពោលគឺត្រូវរង់ចាំការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញនៅថ្ងៃទី១៦ ខែសីហាសិន៕ ប្រភព៖ The Nation ប្រែសម្រួលដោយ៖ ឈឹម ទីណា